នៅ​ស្រុក​ខ្មែរ​បើ​សួរ​ពី​ជីវភាព​របស់​ពលរដ្ឋ​ទូទៅ​គឺ​ឆ្លើយតប​ភ្លាម​ថា​ មាន​ជីវភាព​ក្រីក្រ ​តែបើ​មើល​នៅ​តាម​ភូមិ​វិញ​ដូច​ជា​មិន​សូវ​ឃើញ​មាន​អង្គ​ការ​ឬក៏​ស្ថាប័ន​ណា​ចុះ​មក​អភិវឌ្ឍ​ក្នុងសហ​គមន៍​​ឡើយ ​ប៉ុន្តែ​អ្វី​ដែល​លេច​ធ្លោ បែ​រ​ជា​ឃើញ​ភ្នាក់​ងារធនា​គារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​មក​បញ្ចុះ​បញ្ចូល​​ពល​រដ្ឋ​ឲ្យខ្ចី​លុយ​របស់​ខ្លួន​យ៉ាង​ព្រោង​ព្រាត​ទៅវិញ។

​ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​មើល​ទៅ​លើ​កម្ចី​វិញ​នរ​ណាៗ​ក៏​ជំពាក់​ធនាគា​រឬក៏​មីក្រូហិ​រញ្ញវត្ថុ​ដែរ​ មិន​ថា​អ្នកនៅ​ទីក្រុង ឬក៏​ជន​បទ​នោះ​ទេ​ គ្រាន់​តែ​តិចឬក៏​ច្រើន​ប៉ុណ្ណោះ។ កម្ចី​មួយ​ចំនួន​ដែល​យក​មក​បំ​ពេញ​បន្ថែម​នូវគ្រា​ប់​ពូជ​របរ​កសិ​កម្មឬក៏​ពង្រីក​មុខ​រប​ររក​ស៊ី វា​ជា​ការ​ល្អ​ណាស់​ ព្រោះ​ដើម្បី​បំពេញ​តម្រូវការ​ចាំ​បាច់​។ តែ​ផ្ទុយ​ទៅវិញ មាន​កម្ចី​ជា​ច្រើន​គឺជា​ការបង្ហាញ​សាច់​ដុំ​អួត​ដាក់គ្នា​ដោយ​យក​មក​សង់ផ្ទះ​ធំៗ​ ឬក៏​ទិញ​សម្ភារ​ទំនើបៗ​មិន​ចាំ​បាច់​មួយ​ចំនួន​ដូច​ជា រថយន្ត ម៉ូតូ ​ទូរស័ព្ទ​ស្មាតហ្វូ​ន និង​កា​ររៀប​ចំ​ធ្វើ​បុណ្យទាន រៀបការ​ធំៗ និង​ពិធី​ជប់លៀង​ ជាដើម។និយាយ​ឲ្យ​ចំ​គឺដូច​ជា​ចង់​សម្ញែង​ដាក់​គ្នា​ក្នុង​ភូមិ​​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មកឃើញ​ថា ខ្លួន​មាន​សម្ភារ​ទំនើបៗ​ និង​រៀបចំ​ពិធី​ធំដុំ បើ​ទោះ​បីជា​ខ្ចីលុយ​ពី​ធនាគារ ឬក៏​មីក្រូ​ហិរញ្ញវត្ថុ​ក៏ដោយ។


ដោយ​ឡែក​ចំពោះ​កម្ចីសម្រាប់​ការ​អភិវឌ្ឍ​ការ​សិក្សា​កូនៗ​ឬក៏​ការបង់​ធានា​រ៉ាប់​រង​ឲ្យ​កូនៗ​វិញ​គឺ​ឪពុក​ម្តាយ​ក្រីក្រ​ ដែល​មាន​លទ្ធភាព​ខ្លះ ​មិន​ត្រឹម​តែ​តឹង​ទេ​គឺថែម​ទាំង​មិន​យក​ចិត្ត​ទុក​ដាក់​តែម្តង ព្រោះ​ប្រើ​រយៈពេ​ល​យូរ ​ហើយ​គ្មាន​ជំនឿ​ និងការ​អត់​ធ្មត់ ក៏ដូចជាក្តី​សង្ឃឹម​រយៈពេល​វែង​នោះទេ។ ជារួម​គឺ​ពលរដ្ឋ​ធ្វើអ្វីៗ​ចង់​បាន​លុយ​ភ្លាម ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​ផង​ តម្រូវ​ការ​ប្រកួត​ប្រជែង​នៅ​ស្រុក​ភូមិ​ផង ​អ៊ីចឹង​ហើយ​បាន​នាំ​គ្នា​សុខ​ចិត្តចំណាក​ស្រុក​មក​រាជ​ធានី​ភ្នំពេញ​ឬទៅ​ក្រៅ​ប្រ​ទេស​ដើម្បី​រក​ការងារ​ធ្វើ​ដោយ​កម្លាំង​តែមិន​មែន​ប្រភេទ​កម្មករ​ជំនាញ​នោះ​ទេ បើ​ទោះ​បី​ជា​ដឹងថា​ទៅ​បរទេស​មាន​ការ​លំ​បាក​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ពេលខ្លះ​ធ្លាក់​ខ្លួន​ប្រើប្រាស់​គ្រឿង​ញៀន​​ផង​ក៏ដោយ។


គោល​បំណង​ធំ​នៃ​ដំណើរ​ចំណាក​ស្រុក​នេះ ​គឺ​ដើម្បី​រក​លុយ​មក​សង​បំណុល​ផង មក​ផ្គត់​ផ្គង់​គ្រួសារ​ផង​និង​ការ​បង្ហាញ​ភាព​ហ៊ឺហា​នៅ​ស្រុក​ភូមិ​ផងហើយ​មាន​ពលរដ្ឋ​ខ្លះ​ធ្វើ​ចំណាកស្រុក​​ទាំង​គ្រួសារ​ក៏មាន​ដែរ​។ ជា​លទ្ធផល​គឺ​កូនៗ​របស់​ពួក​គេ​មិន​បាន​រៀន​សូត្រ​​ទេ​ ហើយ​ដំណើរ​ជីវិត​គឺដូច​ឪពុក​ម្តាយ​របស់គេ​ដដែល​ដោយ​គ្មាន​អ្វី​​ផ្លាស់​ប្តូរ​ឡើយ។ រីឯ​អ្នក​ខ្លះ​ទៀត​ធ្វើ​ចំណាក​ស្រុក​ ១ ​ឆ្នាំ​ ទើបបាន​មក​ស្រុក​ជួប​មុខ​ប្រពន្ធ​កូន​ម្តង​ដែល​មើល​ទៅ​ហាក់​បីដូច​ជា​គ្មាន​ភាព​កក់​ក្តៅ​ទេ​។ ចំពោះ​អ្នក​ខ្លះធ្វើចំណាក​ស្រុក​បាន​រាប់​ឆ្នាំ​ឃើញ​មាន​ផ្ទះ​នៅ​ភូមិ​ស្អាត​ តែ​គ្មាន​មនុស្ស​រស់នៅ​បន្ទាប់​ពី​ខ្ចី​លុយ​ពី​ធនាគារ​មក​សង់ផ្ទះ​ប្រកួត​ប្រជែង​គ្នា​រួចខ្វះ​លុយ​សង​ហើយ​ពេល​ការ​ប្រាក់​កើន​ឡើង​ខ្ពស់​សមា​ជិក​គ្រួសារ​ក៏​សម្រេច​ចិត្តធ្វើ​ចំណាក​ស្រុក​បន្ត​កន្ទុយ​គ្នា​បន្ថែម​ទៀត។


​នេះ​ក៏​ដោយ​សារ​តែ​យុវ​ជន​ខ្លះ​មិន​បាន​រៀន​ជ្រៅ​ជ្រះ ​និង​មិន​មាន​ជំនាញ​ពិត​ប្រា​កដ ហើយ​ឪពុក​ម្តាយ​មិនបាន​ជំរុញ​ខ្លាំង​ទៅ​លើ​ការ​អប់រំ​ដែល​ជា​ផ្នែក​មួយ​ធ្វើឲ្យ​​ពួក​គេ​ធ្លាក់​ខ្លួ​ន​ដើរ​លេង​ប៉ោឡែ​ បងធំ បង​តូច​ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។


កន្លងមក​ រាជរដ្ឋា​ភិ​បាល​ធ្លាប់​លើកឡើង​ពី​កង្វះ​ធន​ធាន​មនុស្ស ​ជាពិ​សេស​កម្មករ​ជំនាញ នៅ​ពេល​វិនិយោ​គិន​មក​ដាក់​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ហើយ​បែរជា​ខ្វះ​ធនធាន​អ្នក​បច្ចេក​ទេស​ទៅវិញ​។ នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ​ដែរ​នា​ពេល​បច្ចុប្បន្ន​នេះ​។ ឧទាហរណ៍​ថា ​នៅ​ពេល​អ្នក​ជំនាញ​បច្ចេក​ទេស​ចិន​ដែល​ជា​មេកន្រៃ្តកាត់​ក្រណាត់​ឲ្យ​ចេញ​ទៅ​ជា​រាង​ខោអាវនៅ​ពេល​ពួក​គេ​ចេញ​ទៅ​គឺ​ខ្មែរ​យើង​អាច​ធ្វើ​បាន​ជំនួស​ជន​បរទេស​នោះ។


​បើទោះបីជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មាន​ធនា​គារ​មួយ​ចំនួន​តូច​បាន​ប្រឹង​ប្រែង​សហការ​ជាមួយ​សាកល​វិទ្យាល័យ​មួយ​ចំនួន​ដើម្បី​លើក​កម្ពស់​ការអប់រំ​តាមរយៈ​កម្ចី​ឥណ​ទាន​មាន​អត្រា​ការប្រាក់​តិច​ក៏ដោយ​ក៏​នៅតែ​ពិបាក​នឹង​រក​អតិថិ​ជន​ដែល​ជា​ឪពុក​ម្តាយ​និស្សិត​ចង់​ឲ្យ​បន្ត​ការ​សិក្សា​តាម​រយៈ​កម្ចី​នេះ​ដែរ។

ធនា​គារ​ដែល​ធ្លាប់​ឲ្យ​កម្ចី​ដល់​និស្សិត​បន្ត​ការ​សិក្សា ​មាន​ដូច​ជា Vision Fund ក្រេឌី​ត និង​អេស៊ី​លី​ដា​ជាដើម។ ម្យ៉ាង​ក្រសួង​អប់រំ​ក៏​ធ្លាប់​មាន​ផែន​ការ​ក្នុង​សម្រប​សម្រួល​រឿង​កម្ចី​លុយ​ដើម្បី​ផ្តល់​ឱកាស​ដល់​និស្សិត​ដើម្បី​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ថ្នាក់​បច្ចេក​ទេស​ជំនាញ​បើ​ទោះ​បីជា​ពួកគេប្រឡង​ធ្លាក់​បាក់​ឌុប​ក៏​ដោយ​គឺអាច​រៀន​ជំនាញ​បែប​កម្មករ​ជំនាញ តែ​ផែនការ​នេះ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ។

សម្រាប់​សាក​លវិទ្យា​ល័យ​នៅ​ប្រទេស​កម្ពុជា​គឺ​រាជ​រដ្ឋាភិបាល​ផ្តល់​អាហា​រូបករណ៍​រួច​ស្រេច​ហើយ​ឲ្យ​តែ​ប្រឡង​ជាប់។

តែ​សម្រាប់​អ្នក​ប្រឡង​ធ្លាក់​វិញក៏​នៅមាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​សាក​លវិទ្យា​ល័យ​ឯកជន​ផង​ដែរ​គឺ​តាម​រយៈ​ឪពុក​ម្តាយ​មាន​លទ្ធ​ភាព​ គឺ​បង់លុយ​រៀន​សាលា​ឯកជន​បាន ហើយ​បើ​គ្រួសារ​ក្រីក្រ​ខ្វះខាត​ខ្លះ​អាច​ខ្ចីលុយ​ពី​ធន​គារ​បានឲ្យ​តែ​មាន​ចិត្ត​ចង់​ឲ្យ​កូន​បន្តការ​សិក្សា​ពិតប្រាកដ។

កាលពី​ឆ្នាំ​ ២០១១ ​ធនាគារ​ពិភព​លោកនិង​រាជ​រដ្ឋាភិ​បាលតាមរ​យៈ​អគ្គ​នា​យក​ដ្ឋាន​ឧ​ត្ត​ម​សិក្សា​បាន​ផ្តល់​អាហា​រូប​ករណ៍​ដល់​និស្សិត​ក្រីក្រ​បំផុត​ ១ ០០០​ នាក់​ ដើម្បី​សិក្សា​នៅ​ថ្នាក់​បរិញ្ញា​បត្រ​រយៈ​ពេល​ ៤ ​ឆ្នាំ​ផង​ដែរ​។ តែ​បញ្ហា​កម្ចី​ក្រសួង​អប់រំ​មិន​បាន​ចេញ​ជា​គោល​ការណ៍​ណែនាំ​សម្រាប់​ដំណោះស្រាយ​ជាក់​លាក់​ជា​មួយ​ធនាគារ​និង​មីក្រូ​ហិរញ្ញវត្ថុ​ដូច​ជា កម្ចី​ ១០០ ​ភាគ​រយ,​កម្ចី​ ៧៥​ ភាគរ​យ, កម្ចី​ ៥០​ ភាគ​រយ ​នៃ​ថ្លៃ​បង់​សាលា​ក្នុងំ ១​ ឆ្នាំៗ​ នៅ​ឡើយ​ទេ។

​បើ​តាម​បទ​ពិសោធ​នៅ​សហ​រដ្ឋ​អា​មេរិក​ដែល​ខ្ញុំ​ជួប​ពិភាក្សា​ជា​មួយ​អ្នក​ជំនាញ​អប់រំ​គេបាន​លើក​ឡើង​ថា ​រដ្ឋ​បានចេ​ញ​គោល​ការណ៍​ដល់​និស្សិត​ក្រីក្រ​ឲ្យ​ខ្ចីលុយ​សម្រាប់​បន្ត​ការ​សិក្សា​តាម​រយៈ​សហ​ការ​ជា​មួយ​សាកល​វិទ្យាល័យ​ដែល​បាន​ជ្រើសរើស​ហើយ​ប្រឡង​ជាប់​។ពោលគឺ​រដ្ឋាភិ​បាល​បាន​ផ្តល់​ឱកាស​ឲ្យ​និស្សិត​បាន​រៀន ដូច​ជា​ត្រូវ​បង់​ទៅតា​ម​ប្រភេ​ទ​កម្ចី ដូច​ជា ​១០០​ ភាគ​រយ ​៧៥ ​ភាគរយ​ និង ​៥០ ​ភាគរយ​ ដោយ​ផ្តល់​ឲ្យ​និស្សិត​សិន ដើម្បី​រៀនឲ្យ​បាន​ពេញ​លេញ​ចប់​បរិញ្ញាបត្រ។

លុះពេល​​និស្សិត​នោះ​បាន​ការងារ​ធ្វើ​គឺ​ពួក​គេ​ចាប់​ផ្តើម​សង​រំ​លស់​លុយ​ដែល​រដ្ឋ​បាន​បង់​បន្តិច​ម្តងៗ រហូត​ដល់​អស់​។

​សរុប​សេចក្ដី​មករាជ​រដ្ឋា​ភិបាល​គួរ​តែ​មាន​ផែន​ការ​លើ​បញ្ហា​កម្ចី​លុយ​ឲ្យ​និស្សិត​ក្រីក្រ​និង​លើក​ទឹក​ចិត្ត​ឪពុក​ម្តាយ​ក្រីក្រ​ឲ្យ​ហ៊ាន​កម្ចី​លុយ​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ដើម្បី​កូន​ពួក​គាត់​មាន​ឱកាស​បន្ត​ការសិក្សា​នៅ​ឧ​ត្ត​មសិ​ក្សា យ៉ាង​ហោច​ណាស់​ក៏បាន​បន្ត​វិទ្យា​ស្ថាន​ជាតិ​បច្ចេក​ទេស​កម្ពុជា ​(​កម្ពុជា​-​កូរ៉េ​) ឬក៏​វិទ្យា​ស្ថាន​អភិ​វឌ្ឍន៍​មុខ​ជំនាញ​កម្ពុជា​-​ថៃ​ដែរ​។ បច្ចុប្បន្ន​នេះ​មាន​គ្រឹះស្ថាន​ឧត្ត​ម​សិក្សា​ទូទាំង​ប្រទេស​មាន​ចំនួន​ ១២១ ​រដ្ឋ​មាន​ចំនួន ​៤៨​ និង​ឯក​ជន​មាន​ ៧៣​។ នេះ​បើតាម​របាយ​ការណ៍​បូក​សរុប​ឆ្នាំ​ ២០១៨​។ រីឯ​មាតា​បិតា​គួរតែ​គិតពី​អនា​គត​របស់​កូន​រយៈពេល​វែង​ដើម្បី​ឲ្យ​ពួក​គេ​មាន​ការ​សិក្សា​បច្ចេក​ទេស​ច្បាស់លាស់​សម្រាប់​បម្រើ​ការ​ទៅ​តាម​ជំនាញ​ជាជា​ង​ទិញ​សម្ភារ​និយម​ល្អៗ​ទំយើ​ឲ្យ​គា​ត់ តែ​នៅទីចុង​បំផុតគាត់​ដើរ​លេង​អត់​ប្រយោ​ជន៍​ឬក៏​ធ្លាក់​ខ្លួនធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​កម្មករ​នៅ​ស្រុក​គេ​នោះ៕

​ចូល​រួម​ផ្តល់​យោប​ល់​តាម​រយៈ ​ soprach.​tong​@​phnom​pen​hpost​.com