ខឹង​ប្រដៅ​កូន​មិន​ស្តាប់​យក​កន្ទេល​រុំ​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​នៅ​តាកែវ


ភ្នំពេញៈ ស្រ្តី​ម្នាក់​ព្រោះ​តែ​ខឹង​ស្តី​ប្រដៅ​កូន​មិន​ស្តាប់​បាន​យក​កន្ទេល​ជ័រ​រុំ​ខ្លួន​ហើយ​ចាក់​ស្រោច​ដុត​សម្លាប់​ខ្លួន​កាល​ពី​ព្រលប់​ថ្ងៃ​អង្គារ​នៅ ភូមិ​ត្រពាំង​ទន្លេ ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​មក​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​កាល​ពី​ម្សិលមិញ។

លោក អ៊ុក កាន់ មន្ត្រី​នគរបាល ស្រុក​កោះ​អណ្តែត ឲ្យ​ដឹង​ថា ស្រ្តី​រងគ្រោះ​ឈ្មោះ ញឹម សារ៉ែន អាយុ ៣៧​ឆ្នាំ ជា​ស្រ្តី​មេម៉ាយ​មាន​កូន ៥​នាក់ រស់​នៅ ភូមិ​ត្រពាំង​ទន្លេ ស្រុក​កោះ​អណ្តែត ត្រូវ​ស្លាប់​ដោយ​សារ​របួស​ធ្ងន់ធ្ងរ​ពេក​បន្ទាប់​ពី​បញ្ជូន​មក​មន្ទីរពេទ្យ ព្រះកុសុមៈ នៅ​ភ្នំពេញ​បាន​មួយ​យប់។

លោក​ប្រាប់​ថា៖ «គាត់​ត្រូវ​ភ្លើង​ឆេះ​មួយ​ជាន់ ហើយ​ត្រូវ​ជ័រ​កន្ទេល​ឆេះ​រោល​ទៀត​រលួយ​សាច់​គ្មាន​សល់​ឡើយ»។

តាម​សម្តី​អ្នក​ជិត​ខាង​ប្រាប់​ប៉ូលិស​ថា មុន​ពេល​កើត​ហេតុ​កូន​ស្រី​ឈ្មោះ ងយ គន្ធា អាយុ ២០​ឆ្នាំ ជា​កម្មការិនី​បាន​ឈ្លោះ​ជាមួយ​ប្តី ធៀន វាសនា អាយុ ២៣​ឆ្នាំ គាត់​ក៏​ទៅ​ឃាត់​តែ​កូន​ស្រី​មិន​ស្តាប់​ហើយ​ក៏​មក​ឈ្លោះ​នឹង​គាត់​ទៀត​ទើប​ធ្វើ​ឱ្យ​គាត់​តូច​ចិត្ត​ក៏​បង្ក​ជា​សោកនាដកម្ម​នេះ​កើត​ឡើង។

ករណី​ដូច​គ្នា​ដែរ​បុរស​ម្នាក់ ឈ្មោះ នួន យ៉ុង អាយុ ៤០​ឆ្នាំ អ្នក​រត់​ម៉ូតូ​កង់​បី​ស្នាក់នៅ​ផ្ទះ​លេខ ២៨ ផ្លូវ ១៣៦ ភូមិ ២ សង្កាត់​ផ្សារថ្មី ទី២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ ទី​២៨ មេសា បាន​លោត​ពី​លើ​ផ្ទះ​ជាន់ ទី២ ស្លាប់​ព្រោះ​តែ​ខឹង​កូន​មិន​ស្តាប់​បង្គាប់៕

ព័ត៌មានថ្មីៗ