គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធត់​នៅ​ផ្លូវ​ជាតិ​លេខ ៤ ស្លាប់​ពីរ​នាក់


20140522_10b
ឡានដឹកដីបែកកង់ក្រឡាប់សង្កត់រថយន្តឆ្លាមនៅផ្លូវលេខ៤ រូបសហការី

ព្រះសីហនុៈ ឪពុក​និង​កូន​ស្រី​តូច​បាន​ស្លាប់​នឹង​កន្លែង ឯ​ម្តាយ​របួស​ធ្ងន់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៤ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ត្រង់​ចំណុច ភូ​មិ​តាពៅ ក្នុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក សេក ចំរើន អធិការ​រង​នគរបាល ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ​ឈ្មោះ ហេង ម៉េង អាយុ ៥០​ឆ្នាំ និង​កូន​ស្រី ហេង ម៉ីវ អាយុ ៥​ឆ្នាំ ឯ​ប្រពន្ធ​រង​របួស​ធ្ងន់​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​នៅ ផ្សារ​វាលរេញ។

លោក​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ជា​រថយន្ត​កុងតឺន័រ​ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4101 បើក​ស្រប​ទិស​គ្នា​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ ខេត្ត​ព្រះសីហនុ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក វ៉េវអេស ជិះ​ឌុប​គ្នា​បី​នាក់​ម្តាយ​ឪពុក​កូន​ពេញ​ទំហឹង។

លោក​ថា៖ «វា​មិន​ចៃដន្យ​ទេ គឺ​បុក​ជន​រងគ្រោះ​មួយ​ទំហឹង​តែ​ម្តង ព្រោះ​បើ​តាម​ការ​ពិនិត្យ​មិន​ឃើញ​មាន​ស្នាម​ជាន់​ហ្វ្រាំង​អូស​កង់​ទេ នេះ​គឺ​មក​ពី​តៃកុង​មាន​ការ​ធ្វេស​ប្រហែស»។ លោក​បន្ត​ថា អ្នក​បើក​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ រីឯ​រថយន្ត​បង្ក​និង​ម៉ូតូ ជន​រងគ្រោះ​ត្រូវ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន ស្រុក​ព្រៃនប់ ដើម្បី​ស្វែង​រក​ម្ចាស់​រថយន្ត​ឲ្យ​ចូល​មក​ដោះស្រាយ​តាម​ច្បាប់។

តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤ នេះ​ដែរ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​រថយន្ត​ធំ​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បែក​កង់​ផ្អៀង​ទៅ​សង្កត់​លើ​រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​បណ្តាល​ឲ្យ​ខូច​ខាត​យ៉ាង​ដំណំ​និង​របួស​មនុស្ស​ក្នុង​រថយន្ត។

លោក​បន្ត​ថា រថយន្ត​កូរ៉េ​ធុន​ធំ​ពាក់​ស្លាក​លេខ 3A-0033 បើកបរ​ពី​ទិស​ភ្នំពេញ​ទៅ ខេត្ត​ព្រះសីហនុ លុះ​ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤១ និង ១៤២ ក្នុង ភូមិ-ឃុំ​ចម្ការ​លួង ស្រុក​កំពង់សិលា បាន​ដាច់​ខ្សែ​ម៉ែត្រ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ឡិចស៊ីស​ពី​ស្តាំ​ដៃ​មួយ​គ្រឿង​ខ្ទាត ២០ ម៉ែត្រ​រួច​បែក​កង់​ផ្អៀង​ទៅ​សង្កត់​លើ​រថយន្ត​កាមរី​ឆ្លាម​ដែល​ជួល​គេ​បើក​ឆ្ពោះ​មក​ភ្នំពេញ​បណ្តាល​ឲ្យ​ខូច​ខាត​យ៉ាង​ដំណំ​និង​របួស​អ្នក​នៅ​ក្នុង​រថយន្ត។

លោក​ប្រាប់​ដែរ​ថា អ្នក​ជិះ​រថយន្ត​តូច​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​លោក​មិន​ស្គាល់​ទេ តែ​គ្រាន់​តែ​ដឹង​ថា ពួក​គេ​ជា​ជនជាតិ កាហ្សាក់ស្ថាន មាន​ប្តី​ប្រពន្ធ​និង​កូន​ស្រី​ម្នាក់​ដែល​គ្រាន់​តែ​របួស​ស្រាលៗ​ប៉ុណ្ណោះ​ខណៈ​តៃកុង​ឡាន​ធំ​បាន​រត់​គេច​ខ្លួន​បាត់​ពី​កន្លែង​កើត​ហេតុ។

វត្ថុតាង​ដែល​បន្សល់​នៅ​កន្លែង​កើត​ហេតុ​ត្រូវ​នគរបាល​ប្រមូល​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់​សិលា ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

ព័ត៌មានថ្មីៗ