ឃាត់​ខ្លួន​ជន​បំផ្ទុះ​អាវុធ ដែល​ត្រូវ​សន្តិសុខ​ក្លិប ឌីយ៉ាម៉ង់​របួស


ភ្នំពេញៈ បុរស ២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​អាទិត្យ​នៅ​មុខ​ហាង​ខារ៉ាអូខេ ឌីយ៉ាម៉ង់ ក្នុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ គឺ​បន្ទាប់​ពី​បំផ្ទុះ​អាវុធ​ដោយ​បាញ់​ជាច្រើន​គ្រាប់​ទៅ​ត្រូវ​សន្តិសុខ​ម្នាក់​របួស​ធ្ងន់​ព្រោះ​តែ​ខឹង​ហៅ​នារី​ខារ៉ាអូខេ​ទៅ​ដេក​មិន​បាន។

លោក ម៉ក់ ហុង អធិការ​នគរបាល ខណ្ឌ​សែនសុខ បាន​ឲ្យ​ដឹង​ថា ករណី​បំផ្ទុះ​អាវុធ​កាល​ពី​រំលង​អធ្រាត្រ​យប់​ថ្ងៃ​អាទិត្យ​ជន​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​ឥឡូវ​ខាង​ជំនាញ​កំពុង​ចាត់​ការ​រឿង​នេះ។ លោក​អធិការ​មិន​បាន​លម្អិត​ឲ្យ​ដឹង​ពី​ចំណាត់ការ​ទៅ​លើ​ជន​បង្ក​ហិង្សា​បាញ់​បោះ​សេរី​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ខ្លី​ថា៖ «រឿង​នេះ​គេ​កំពុង​ធ្វើ​ការ​ហើយ»។

សមត្ថកិច្ច ខណ្ឌ​សែនសុខ សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​ដែរ​ថា ហេតុ​ការណ៍​ផ្ទុះ​អាវុធ​នេះ​បង្ក​ឡើង​ដោយ​បុរស ២​នាក់ បន្ទាប់​ពី​ផឹក​ស៊ី​ច្រៀង​ខារ៉ាអូខេ ក្នុង​ក្លិប ឌីយ៉ាម៉ង់ ចប់​ពី​រំលង​អធ្រាត្រ​យប់​ថ្ងៃ​អាទិត្យ​ហើយ​ពេល​ចេញ​ពី​បន្ទប់​បាន​តាម​ហៅ​នារី​ខារ៉ាអូខេ​ម្នាក់​ទៅ​ជាមួយ​តែ​នារី​នោះ​ប្រកែក​ទើប​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាញ​កាំភ្លើង​ម៉ាក​ឡុក​មក​បាញ់​គំរាម​នាង​ជាច្រើន​គ្រាប់​មាន​បាញ់​ទៅ​លើ​ផង​និង​បាញ់​ផ្ញុច​ដី​ផង បណ្តាល​ឲ្យ​ផ្លាត​ទៅ​ត្រូវ​សន្តិសុខ​យាម​នៅ​ទី​នោះ​ម្នាក់​របួស​ធ្ងន់ និង​បន្សល់​សម្បក​គ្រាប់​លើ​ដី ៣-៤ គ្រាប់​ផង។

សមត្ថកិច្ច​រូប​នេះ​ប្រាប់​ទៀត​ថា ជន​សង្ស័យ​បាន​ព្យាយាម​រត់​គេច​ពី​ទី​កើត​ហេតុ​ដែរ​តែ​ដោយ​កម្លាំង​ល្បាត​របស់​នគរបាល​មូលដ្ឋាន​នៅ​ក្បែរ​នោះ ពួក​គេ​ក៏​ត្រូវ​ឃាត់​ខ្លួន​បាន​ភ្លាមៗ​តែ​ម្តង។ ជន​បង្ក​ត្រូវ​សមត្ថកិច្ច​នាំ​យក​មក​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន ខណ្ឌ​សែនសុខ ដើម្បី​សាកសួរ​ពី​មូលហេតុ។ ដោយ​ជន​ទាំង ២ នាក់​ជា​មនុស្ស​របស់​មន្រ្តី​ថ្នាក់​ធំ​ម្នាក់​និង​មាន​អន្តរាគមន៍​ពី​មន្ត្រី​នោះ​ផង​ទើប​គេ​មិន​ហ៊ាន​បង្ហើប​ប្រាប់​ពី​អត្តសញ្ញាណ​ជន​បង្ក​និង​រងគ្រោះ​ឲ្យ​បាន​ដឹង​ទេ៕

ព័ត៌មានថ្មីៗ