បញ្ជូន​ស្ត្រី​វៀតណាម​ពីរ​នាក់​និង​ម្សៅ​សង្ស័យ​ថ្នាំ​ញៀន​កន្លះ​គីឡូ​មក​តុលាការ


20140407_09
ម្សៅក្រាមសង្ស័យសារធាតុញៀននិងជនសង្ស័យ(រូបតូច) រូបសហការី

ភ្នំពេញៈ ស្រ្តី​វៀតណាម​ពីរ នាក់​នឹង​ត្រូវ​សមត្ថកិច្ច​ប្រឆាំង​គ្រឿង​ញៀន​នៃ​កង​រាជ​អាវុធហត្ថ រាជធានី​បញ្ជូន​មក​សាលា​ដំបូង​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​កម្លាំង ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន​ពី​ថ្ងៃ​សៅរ៍​ជាមួយ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​សារធាតុ​ញៀន​កន្លះ​គីឡូក្រាម។

លោក ខេន សុវណ្ណ នាយ​រង​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន​នៃ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ស្រ្តី វៀតណាម ពីរ​នាក់​ដែល​កម្លាំង ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន ជាមួយ​នឹង​ម្សៅ​សង្ស័យ​ជា​សារធាតុ​ញៀន​កន្លះ​គីឡូក្រាម ជំនាញ​បាន​បញ្ចប់​ការ​សាកសួរ​ហើយ​ត្រូវ​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក​ប្រាប់​ថា៖ «យើង​ឆែកឆេរ​និង​រឹបអូស​បាន​ម្សៅ​ក្រាម​ពណ៌​ស មិន​ទាន់​ច្បាស់​ថា ជា​គ្រឿង​ញៀន​ឬ​យ៉ាង​ណា​ទេ​តែ​បាន​បញ្ជូន​ទៅ​បន្ទប់​ពិសោធន៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ហើយ។ ឯ​ការ​សម្រេច​ចោទ​យ៉ាង​ណា​នោះ ជា​នីតិវិធី​របស់​តុលាការ»។

លោក​បន្ត​ថា មុន​ចាប់​បាន​មេខ្លោង​ពី​ថ្ងៃ​សៅរ៍​កម្លាំង​ខណ្ឌ​បាន​ឃាត់​ខ្លួន​ស្រ្តី​ម្នាក់​ដែល​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​ផ្ទះ​មួយ​នៅ​ទល់​មុខ​រង្គសាល ចតុមុខ ក្នុង សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ហើយ​ស្រ្តី​នោះ ក៏​ចង្អុល​ទីតាំង​សង្ស័យ​លក់​ថ្នាំ​ញៀន​ដ៏​ធំ​នេះ​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រមាណ​ជា​កន្លះ​គីឡូក្រាម។

មន្ត្រី​កង​រាជ​អាវុធហត្ថ ខណ្ឌ​ដូនពេញ ប្រាប់​ថា ស្រ្តី​សង្ស័យ​មាន​ឈ្មោះ យ៉ យ៉ាំងធី អាយុ ៤១​ឆ្នាំ ជា​មេខ្លោង ស្នាក់​នៅ​បន្ទប់​ជួល​ទល់​មុខ​រង្គសាល ចតុមុខ ស្ថិត​ក្នុង​ភូមិ ១៦ ក្រុម ២១១ ផ្លូវ​ជាតិ​លេខ ៥ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ផ្ទះ។ ឯ​ស្រ្តី​សង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ហ្វាម ធីធឿង អាយុ ៤៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​ផ្លូវ​រថភ្លើង​ស្ថិត​នៅ​ក្នុង សង្កាត់​ទួលសង្កែ ខណ្ឌ​ប្ញស្សីកែវ រាជធានី​ភ្នំពេញ៕

ព័ត៌មានថ្មីៗ