បុគ្គលិក​ដោះ​មីន​ហេឡូ​ត្រាស​ពីរ​នាក់​ស្លាប់​ដោយ​ផ្ទុះ​មីន​តោន


បាត់ដំបងៈ បុគ្គលិក​ដោះមីន​នៅ​អង្គការ ហេឡូត្រាស ២​នាក់ ត្រូវ​មីន​តោន​មួយ​គ្រាប់​ផ្ទុះ​ស្លាប់​ខណៈ​ពួក​គេ​កំពុង​ប្រតិបត្តិការ​ដោះ​មីន​កាល​ពី​ថ្ងៃ​សៅរ៍​នៅ ស្រុក​សំឡូត។ លោក​ស្រី ទៀង សុវណ្ណផល្លា មន្រ្តី​អប់រំ​ពី​មីន​នៃ​អង្គការ ហាឡូត្រាស ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ក្នុង​គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​បុគ្គលិក ហេឡូត្រាស ស្លាប់ ២​នាក់ នេះ​វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ណាស់។ «ខាង​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា បុគ្គលិក​យើង​ស្លាប់​មែន​ពួក​គាត់​ជួប​គ្រោះ​អាក្រក់​តែ​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​គាត់​ទេ»។

លោក ស្រី ចន្ថា មន្រ្តី​ស៊ីម៉ាក់ ផ្នែក​គ្រប់​គ្រង​ទិន្នន័យ​ជន​រងគ្រោះ​ដោយ​គ្រាប់​មីន នៅ ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ស្លាប់​ឈ្មោះ ភិន ណូត អាយុ ៣៤​ឆ្នាំ និង​ឈ្មោះ ឈួម ឆៃ អាយុ ៤២​ឆ្នាំ ទាំង​ពីរ​នាក់ រ​ស់​នៅ ភូមិ-ឃុំ​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ។ ក្នុង​គ្រោះថ្នាក់​ផ្ទុះ​មីន​តោន​នោះ លោក​ស្រី​ទទួល​បាន​ព័ត៌មាន​ថា មុន​ពេល​កើត​ហេតុ ជន​រងគ្រោះ បាន​រាវ​រក​គ្រាប់​នៅ​បរិវេណ​នោះ និង​បាន​យក​ចប​ទៅ​កាប់​ចំ​មីន​តោន​ក៏​ផ្ទុះ​តែ​ម្តង។ តែ​នេះ គ្រាន់​តែ​ជា​ព័ត៌មាន​បឋម​ក្រៅ​ផ្លូវ​ការ​ប៉ុណ្ណោះ ហើយ​រឿង​ពិត​យ៉ាង​ណា​នោះ​ខាង ហេឡូត្រាស នឹង​ចុះ​ស៊ើប​អង្កេត​ទៀត។ «មីន​តោន​មួយ​គ្រាប់​កម្លាំង​ផ្ទុះ​របស់​វា​មាន​វិសាលភាព​រហូត​ដល់​ចម្ងាយ ១០០ ម៉ែត្រ​ជុំវិញ ដូច្នេះ​អ្នក​ដែល​នៅ​ក្នុង​វង្វង់​នោះ​ក៏​ពិបាក​នឹង​រួច​ជីវិត​ណាស់»។

លោក សំ សោម នាយ​នគរបាល​ប៉ុស្តិ៍ សំឡូត បាន​ឲ្យ​ដឹង​ថា បើ​តាម​អ្នក​ភូមិ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​កំពុង​កាត់​ស្មៅ ហើយ​ដី​តំបន់​នោះ មិន​មែន​ជា​ចម្ការ​មីន​សុទ្ធ​សាធ​នោះ​ទេ ហើយ​មួយ​សន្ទុះ​ក៏​ឭ​សំឡេង​ផ្ទុះ​លាន់​រង្គើ​ដី ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ។ លោក​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ផ្ទុះ​គេ​ឃើញ​សាកសព​ជន​រងគ្រោះ​ម្នាក់​បាន​ប៉ើង​ខ្ទាត​ចម្ងាយ​ប្រហែល ៥០ ម៉ែត្រ​ពី​ចំណុច​គ្រាប់​ផ្ទុះ ដោយ​ដាច់​សាច់​បន្តិច​បន្តួច​និង​ម្នាក់​ទៀត​តួ​ខ្លួន​របស់​គាត់​ត្រូវ​បែក​សាច់​ខ្ទេច​អស់​មិន​អាច​មើល​ស្គាល់​ទេ។ «សាកសព​គេ​ដើរ​ប្រមូល​បាន​បំណែក​សាច់​បាន​តែ​ជាង ២ គីឡូក្រាម​ទេ ឯ​ក្រៅ​ពី​នោះ​មិន​ដឹង​ជា​ប៉ើង​ទៅ​ណា​អស់​ទេ»។

បើ​តាម​លោក ស្រី ចន្ថា នៅ​ក្នុង ខេត្ត​បាត់ដំបង មាន​ស្រុក ៣ ដែល​នៅ​សម្បូរ​គ្រាប់​មីន​ច្រើន​ជាង​គេ គឺ ស្រុក​សំឡូត ស្រុក​រតន​មណ្ឌល និង​ស្រុក​បរវេល។ បើ​តាម​ទិន្នន័យ​ជន​រងគ្រោះ​ដោយ​សារ​គ្រាប់​មីន នៅ​ក្នុង​រយៈ​ពេល​ពេញ​មួយ ឆ្នាំ​២០១៣ កន្លង​មក មាន​ជន​រងគ្រោះ​ដោយ​សារ​គ្រាប់​មីន​ប្រមាណ ៣១ នាក់​ក្នុង​នោះ​រង​របួស​ចំនួន ២១ នាក់​និង​ស្លាប់ ១០​នាក់។ ចំណែក​នៅ​ក្នុង ឆ្នាំ​២០១៤ គិត​មក​ដល់​ត្រឹម ខែ​ឧសភា នេះ​មាន​អ្នក​ស្លាប់​និង​របួស​ដោយ​សារ​គ្រាប់​មីន​ជាង ១០ នាក់។

លោក ពេញ សាវ៉ាត អនុ​ប្រធាន​មជ្ឈមណ្ឌល​កំចាត់​មីន​ប្រចាំ ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ជនជាតិ អាមេរិកកាំង ជា​គ្រូ​បង្វឹក ៤ នាក់ កាល​ពី​ថ្ងៃ ទី១៥ ខែ​មករា ឆ្នាំ​២០១៣ បាន​រង​របួស​ធ្ងន់ ខណៈ​កំពុង​បង្ហាត់​ពី​វិធី​ដោះ​មីន​ហើយ​មីន​បាន​ផ្ទុះ។ នៅ​ពេល​នោះ​ជន​រងគ្រោះ​ទាំង ៤​នាក់ ត្រូវ​បាន​បញ្ជូន​មក​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាល់ម៉ែត្រ ភ្លាមៗ ហើយ​ក្រោយ​មក​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ ទីក្រុង​បាងកក ប្រទេស​ថៃ ហើយ​គ្មាន​នរណា​ម្នាក់​ស្លាប់​ទេ៕

ព័ត៌មានថ្មីៗ