រថយន្ត​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ខេត្ត​កំពង់ចាម​បុក​ស្លាប់​២​នាក់


ភ្នំពេញៈ រថយន្ត​ទំនើប​របស់​ប្រធាន​មន្ទី​រសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខេត្ត​កំពង់ចាម បាន​បើក​បុក​បុរស​ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ខណៈ​រថយន្ត​និង​ម៉ូតូ បើក​បញ្ច្រាស់​ទិស​គ្នា លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៦ កាល​ពី​ព្រឹក​ម្សិលមិញ នៅ​ចំណុច ភូមិ​រវៀង ស្រុក​ជើងព្រៃ។

លោក អែល គា ប្រធាន​ផ្នែក​ចរាចរណ៍ ស្រុក​ជើងព្រៃ បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ឈ្មោះ ខាំ ស្រីឡឹង អាយុ ៣៥​ឆ្នាំ និង​ប្តី​ឈ្មោះ ឃុត សល អាយុ ៣៧​ឆ្នាំ រស់​នៅ ភូមិ​កណ្តោល ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ត្រូវ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។ លោក​បាន​ថ្លែង​ថា៖ «លោក​ប្រធាន​មន្ទីរ​នោះ ជា​ម្ចាស់​រថយន្ត​ប៉ុន្តែ​អ្នក​បើកបរ​មិន​មែន​គាត់​ទេ ហើយ​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ចការ​នេះ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​កើត​ហេតុ​រថយន្ត​បង្ក​ហេតុ​ម៉ាក ហាយឡេនឌ័រ ពាក់​ស្លាក​លេខ​រដ្ឋ 2- 0213 បើក​បរ​ដោយ​បុរស​ម្នាក់ បាន​បើក​ពី​កើត​ទៅ​លិច (ខេត្ត​កំពង់​ចាម- ភ្នំពេញ) ក្នុង​ល្បឿន​លឿន បញ្ច្រាស់​ទិស​នឹង​ម៉ូតូ​ជន​រងគ្រោះ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ រថយន្ត​បាន​ជ្រុល​ទៅ​បុក​គោយន្ត ១ គ្រឿង ដែល​កំពុង​ជួស​ជុល​អែប​ផ្លូវ​ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ ជន​រងគ្រោះ ដែល​បើក​បញ្ច្រាស់​ទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។ ក្រោយ​ពី​កើត​ហេតុ​អ្នក​បើក​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​ឯ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

ព័ត៌មានថ្មីៗ