ស្ត្រី​ម្នាក់​ចេញ​ពី​បន្ទប់​ទឹក​កាន់​ក្បាល​មេក្រូ​ច្រៀង​ឆក់​ស្លាប់​ភ្លាម


បាត់ដំបងៈ ស្រ្តី​ម្នាក់​បាន​ស្លាប់​ភ្លាម​ព្រោះ​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ពី​ក្បាល​មេក្រូ​ច្រៀង​ខារ៉ាអូខេ​ទាំង​ខ្លួន​នៅ​សើម​បន្ទាប់​ពី​ចេញ​ពី​បន្ទប់​ទឹក​កាល​ពី​យប់​ថ្ងៃ​អង្គារ នៅ ភូមិ-ឃុំ តាប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

លោក បុត យុទ្ធី មន្ត្រី​នគរបាល ស្រុក​សង្កែ បាន​ឲ្យ​ដឹង​ថា ស្រ្តី​រងគ្រោះ​ឈ្មោះ នូវ ផល្លី អាយុ ៤៤​ឆ្នាំ រស់​នៅ ភូមិ-ឃុំ​តាប៉ុន ស្រុក​សង្កែ ត្រូវ​ចរន្ត​អគ្គិសនី​ឆ្លង​ឆក់​ស្លាប់​ពេល​ចេញ​ពី​បន្ទប់​ទឹក​រួច​ទៅ​យក​ក្បាល​មីក្រូហ្វូន​ពី​ប្តី​មក​ច្រៀង​ខារ៉ាអូខេ ទាំង​ខ្លួន​នៅ​សើម​ជោក។

លោក​បន្ត​ថា៖ «ជន​រងគ្រោះ​នៅ​ងូត​ទឹក​ទេ​តែ​ពេល​ប្តី​ច្រៀង​ដល់​បទ​គាត់​ចូល​ចិត្ត​គាត់​ក៏​ចេញ​ទាំង​ទទឹក​មក​កាន់​ក្បាល​មេក្រូ​ហើយ​មិន​ចាប់​អារម្មណ៍​ឆ្លង​ចរន្ត​អគ្គិសនី​ទើប​ប្រែ​ការ​សប្បាយ​ក្លាយ​ជា​ទុក្ខ​បែប​នេះ»។

លោក​រៀបរាប់​តាម​សម្តី​ក្រុម​គ្រួសារ​ថា ក្នុង​គ្រួសារ​នេះ​តែងតែ​ច្រៀង​លេង​ក្នុង​គ្រួសារ​ជា​ប្រចាំ​មុន​កើត​ហេតុ​ម៉ោង​ប្រមាណ​ជា ១០ យប់​ថ្ងៃ​អង្គារ ទាំង​ប្តី​និង​ប្រពន្ធ​នៅ​ច្រៀង​ជាមួយ​គ្នា​ទេ តែ​ស្រ្តី​រងគ្រោះ​ចូល​ទៅ​ងូត​ទឹក​ក្នុង​បន្ទប់​លុះ​ឮ​ប្តី​ច្រៀង​ដល់​បទ​ដែល​ខ្លួន​ចូល​ចិត្ត​ក៏​ប្រញាប់​ស្ទុះ​ចេញ​មក​សុំ​ក្បាល​មេក្រូ​ប្តី​ច្រៀង ហើយ​ក៏​ឆក់​ស្លាប់​តែ​ម្តង។

គួរ​រំឭក​ដែរ​ថា កាល​ពី​អំឡុង ឆ្នាំ​២០១២ នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ករណី​ដូច​គ្នា​នេះ​ក៏​ធ្លាប់​កើត​មាន​ទៅ​លើ​ស្រ្តី​អាណិកជន​ខ្មែរ​ម្នាក់​ដែល​កាល​នោះ​ជន​រងគ្រោះ​ចេញ​ពី​ងូត​ទឹក ហើយ​ទៅ​កាន់​ក្បាល​មីក្រូហ្វូន​ឆ្លង​ឆក់​ស្លាប់​ដែរ៕

ព័ត៌មានថ្មីៗ