អ្នក​នេសាទ​សមុទ្រ​អូស​មង​ជាប់​សាក​សព​ម្នាក់


ខេត្ត​ព្រះសីហនុៈ សាកសព​បុរស​អ្នក​នេសាទ​ម្នាក់​ត្រូវ​បាន​អ្នក​នេសាទ​សមុទ្រ​ដូច​គ្នា​អូស​មង​ជាប់​នៅ​ម្តុំ កោះ​ដែកគោល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់​ពី​ជន​រងគ្រោះ​បាន​ចេញ​នេសាទ​ជាមួយ​ថៅកែ​ទូក ហើយ​បាន​បាត់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ។

លោក ភុល ភស្តា អធិការ ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា សាកសព​ឈ្មោះ ប៊ុន ធឿ អាយុ ៣៥​ឆ្នាំ ជា​កម្មករ​ទូក​នេសាទ​សមុទ្រ បាន​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្កួត​ជ្រូក​ហើយ​បាន​ប្រកាច់​ធ្លាក់​ចូល​ក្នុង​ទឹក​សមុទ្រ។

លោក​បាន​បន្ត​ថា ក្រោយ​ពី​អូស​សាកសព​មក​ដាក់​លើ​គោក​ខាង​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិច័យ​ពិនិត្យ​ទៅ​មិន​ឃើញ​មាន​ស្លាក​ស្នាម​អ្វី​លើ​ខ្លួន​ទេ និង​បាន​ដាក់​ការ​សន្និដ្ឋាន​ថា ជន​រងគ្រោះ​បាន​ស្លាប់​ដោយ​សារ​លង់​ទឹក។

លោក​បាន​បញ្ជាក់​ថា៖ «ពេល​ដំបូង​យើង​បាន​ហៅ​ម្ចាស់​ទូក​និង​កូន​ដៃ​ម្នាក់​មក​សួរ​នាំ​ក្រែង​ពាក់ព័ន្ធ​ការ​ស្លាប់​របស់​ជន​រងគ្រោះ​តែ​ក្រោយ​សាកសួរ​រួច​គ្មាន​តម្រុយ​ណា​មួយ​ត្រូវ​ដាក់​បន្ទុក​ពួក​គេ​ទេ»។

លោក​បាន​ឲ្យ​ដឹង​ថា តាម​សម្តី​របស់​ស្ត្រី​ប្រពន្ធ​ជន​រងគ្រោះ​ថា គ្រួសារ​គាត់​មាន​ស្រុក​កំណើត​នៅ ខេត្ត​សៀមរាប និង​បាន​មក​ស្នាក់នៅ​ភូមិ ៣ សង្កាត់​លេខ ១ ក្រុង​ព្រះ​សីហនុ។ ជន​រងគ្រោះ​ធ្លាប់​មាន​ជំងឺ​ឆ្កួត​ជ្រូក និង​ប្រកាច់​ជា​ប្រចាំ​ហើយ​មួយ​ថ្ងៃ​មុន​ស្លាប់​ជន​រងគ្រោះ​បាន​ជិះ​ទូក​ជាមួយ​គេ​ទៅ​ស៊ី​ឈ្នួល​ជួយ​អូស​មង​ចាប់​ត្រី​ឲ្យ​គេ​តែ​ត្រូវ​ជួប​គ្រោះ​អាក្រក់​បែប​នេះ​ទៅ។

លោក​អធិការ​ក៏​បាន​ស្រង់​សម្តី​ម្ចាស់​ទូក​ដែល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គាត់​និង​កូន​ដៃ​ម្នាក់​ទៀត​បាន​ឡើង​គោក​ទៅ​ហូប​បង្អែម​លុះ​ត្រឡប់​មក​វិញ ក៏​បាត់​ជន​រងគ្រោះ​រក​មិន​ឃើញ និង​បាន​ដេក​ចាំ​មើល​ផ្លូវ​មួយ​យប់​ក្រែង​វង្វេង ព្រោះ​ជន​រងគ្រោះ​ចេញ​នេសាទ​ទើប​តែ​លើក ទី១។ លុះ​ដល់​ព្រឹក​ឡើង​ស្រាប់​តែ​ដឹង​ថា ជន​រងគ្រោះ​លង់​ទឹក​ស្លាប់៕

ព័ត៌មានថ្មីៗ