ក្រុងប៉ារីស៖ ក្រុម​អ្នកស្រាវជ្រាវ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​រាយការណ៍​ភ័ស្ដុតាង​វេជ្ជសាស្ដ្រ​ដំបូង​ថា ការប្រែប្រួល​ប៉ារ៉ាស៊ីត​ដែលមាន​សមត្ថភាព​ប្រឆាំង​នឹង​ឱសថ​គ្រុនចាញ់​កាន់តែ​មើលឃើញ​ច្បាស់​នៅ​តំបន់​អាហ្វ្រិក។

ក្រុម​អ្នកជំនាញ​តែងតែ​មាន​ក្ដីបារម្ភ​អំពី​ការលេចឡើង​នៃ​អានុភាព​ប្រឆាំង​ឱសថ​របស់​ប៉ារ៉ាស៊ីត​នៅ​ទូទាំង​ទ្វីប​នេះ ដែល​បាន​បង្ក​ជា​អត្រា​មរណៈ​រហូត​ដល់​ជាង ៩០ ភាគរយ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៩។


ការសិក្សា​ថ្មី​មួយ​ត្រូវបាន​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ The Lancet ដែល​បានបង្ហាញ​ច្បាស់​អំពី​ក្ដីកង្វល់​ទាំងនេះ។


ក្នុង​ការសិក្សា​ផ្នែក​វេជ្ជសាស្ដ្រ​បាន​បង្ហាញថា ជំងឺ​បាន​សំងំ​នៅក្នុង​អ្នកជំងឺ​កុមារ​ដែល​ទទួល​ការព្យាបាល​ជំងឺគ្រុនចាញ់​តាម​ស្ដង់ដា​យូរ​ជាង បើ​ពួកគេ​ឆ្លង​ជំងឺ​បំប្លែង​ខ្លួន​ថ្មី។


អ្នកភូមិ​កាន់​ថ្នាំ​គ្រុនចាញ់​នៅ​ទឹកដី​ខេត្ត​ប៉ៃលិន​កាលពី​ខែកក្កដា​ឆ្នាំ ២០១២។ AFP


ប្រសិទ្ធភាព​ឱសថ Artemisinin-based combination therapies (ACTs) នៅតែមាន​ភាគរយ​ខ្ពស់ តែ​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា មាន​តម្រូវការ​បន្ទាន់​ចំពោះ​ការតាមដាន​បន្ថែម​នៅ​ប្រទេសរ​វ៉ាន់ដា ជា​ទី​ដែល​ត្រូវបាន​ធ្វើឡើង ព្រមទាំង​នៅតាម​ប្រទេស​ជិតខាង​នានា​ទៀត។


យោងតាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឱ្យ​ដឹងថា នៅ​ជុំវិញ​ពិភពលោក មាន​អ្នក​កើត​ជំងឺគ្រុនចាញ់​ប្រមាណ ២២៩ លាន​ករណី។

ជំងឺគ្រុនចាញ់​នេះ​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ៤០ ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០១៩ ដែល​ក្នុងនោះ​មាន​ជាង ២ ភាគ ៣ ជា​កុមារ។

ជំងឺគ្រុនចាញ់​បង្កឡើង​ដោយ​ប៉ារ៉ាស៊ីត Plasmodium falciparum ឆ្លង​តាមរយៈ​មូស​ញី​ពី​ពូជពង្ស​នានា​នៃ​អម្បូរ Anopheles។

អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ អាលីន អ៊ូវីម៉ាណា ជា​អ្នកស្រាវជ្រាវ​មកពី​មជ្ឈមណ្ឌល​ជីវសាស្ដ្រ​រ៉វ៉ាន់ដា ក្នុង​ទីក្រុង​គីហ្គាលី បាន​និយាយ​ថា៖ «ការសិក្សា​របស់​យើង​បង្ហាញថា កម្រិត​នៃ​ការប្រឆាំង​ឱសថ​កាន់តែ​លេចឡើង​ច្បាស់»។

កុមារ​គេង​ក្នុង​មុង​ការពារ​មូស​ខាំ​ដែល​អាច​បង្ក​ជំងឺ​គ្រុនចាញ់ ឬ​គ្រុនឈាម។ ភ្នំពេញ​ប៉ុស្ដិ៍

ដាក់ឱ្យ​ប្រើប្រាស់​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០ ឱសថ ACTs ពិតជា​មាន​ប្រសិទ្ធភាព និង​ត្រូវបាន​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុង​ការព្យាបាល​ជំងឺគ្រុនចាញ់។

ការប្រើ​ឱសថ​លាយ​សមាសធាតុ artemisinin ដែល​អាច​សម្លាប់​មេរោគ​ភាគច្រើន​ពី​រាងកាយ​អ្នកជំងឺ​ត្រឹម​រយៈពេល ៣ ថ្ងៃ និង​ឱសថ​មាន​អានុភាព​យូរអង្វែង​ដែល​កម្ចាត់​ប៉ារ៉ាស៊ីត​សេសសល់។

ការស៊ាំ​នឹង​សមាសធាតុ artemisinin ត្រូវបាន​មើលឃើញ បើ​ប៉ារ៉ាស៊ីត Plasmodium falciparum នៅតែ​មាន​វត្ដមាន​ក្រោយ​រយៈពេល​ព្យាបាល ៣ ថ្ងៃ។

ថ្មីៗ​នេះ ការប្រែប្រួល​គុណ ១០ ដង​នៃ​ហ្ស៊ែន​ប៉ារ៉ាស៊ីត​មួយ ឬ​ហៅថា pfk13 ត្រូវបាន​បញ្ជាក់ថា​ជា​ពពួក​ប៉ារ៉ាស៊ីត​ប្រឆាំង ហើយ​នៅមាន​ប៉ារ៉ាស៊ីត​ច្រើន​ទៀត​ដែល​អាច​ស៊ាំ​នឹង​ឱសថ​ផងដែរ។

ភាពស៊ាំ​នឹង​ឱសថ​ខ្លះៗ ត្រូវ​បាន​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០០៨ ហើយ​វា​ត្រូវបាន​ចងក្រង​ជា​ឯកសារ​ស្រាវជ្រាវ​យ៉ាង​ប្រាកដ​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​ក្នុង​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍។

ភ័ស្ដុតាង​ពី​តំបន់​ទន្លេមេគង្គ​បាន​បង្ហាញថា ពេល​ភាពស៊ាំ​នឹង​ឱសថ​កាន់តែ​ខ្ពស់ វា​ក៏​នឹង​ស៊ាំ​ជាមួយ​ឱសថ​ល្បាយ​នោះដែរ ដែល​នាំឱ្យ​ឱសថ​ល្បាយ ACTs លែង​មាន​ប្រសិទ្ធភាព។

សម្ភារ​ធ្វើតេស្ត​ស្វែងរក​មេរោគ​ជំងឺ​គ្រុនចាញ់។AFP

ក្នុង​ឆ្នាំ ២០០៦ រវ៉ាន់ដា បាន​ប្រើ​ឱសថ​គ្រុនចាញ់​ដ៏ពេញនិយម​បំផុត​សម្រាប់​ព្យាបាល​ជំងឺ​នេះ​ដំបូង។ ការសិក្សា ១ ក្នុង​ឆ្នាំ ២០១៣ និង ២០១៤ បានបង្ហាញ​ពី​ការប្រែប្រួល​ខ្លះ តែ​គ្មាន​ភ័ស្ដុតាង​ថា ឱសថ​លាយ​គ្នា​នេះ​មាន​ប្រសិទ្ធភាព​តិចតួច​នោះទេ។

យ៉ាងណាមិញ ការស្រាវជ្រាវ​បន្ដទៀត​ក្នុង​ឆ្នាំ ២០១៨ បានបង្ហាញ​អំពី​ការប្រែប្រួល​ជា​លើកដំបូង​ក្នុង​ហ្ស៊ែន pfk13 និង​អ្វីដែល​ហៅថា ការសម្អាត​ប៉ារ៉ាស៊ីត​យឺតយ៉ាវ​ចំពោះ​អ្នកជំងឺ ថ្វីដ្បិត​តែ​ប្រសិទ្ធភាព​ឱសថ​ល្បាយ ACTs នៅតែ​មាន​លើស ៩០ ភាគរយ​យ៉ាងណាក៏ដោយ។

ក្នុង​ការសិក្សា​លើ​កុមារ​ជាង ២០០ នាក់ អាយុ​ពី ៦ ខែ​ទៅ ៥ ឆ្នាំ បាន​ឆ្លង​ប៉ារ៉ាស៊ីត ដែល​ទទួល​ការព្យាបាល​ស្ដង់ដា រយៈពេល ៣ ថ្ងៃ ហើយ​ក៏​ត្រូវបាន​តាមដាន​រហូត​ដល់ ២៨ ថ្ងៃ។

ប្រមាណ ១៥ ភាគរយ​ត្រូវបាន​រកឃើញ​ផ្ទុក​ប៉ារ៉ាស៊ីត ដែល​ជា​ប្រភេទ​បំប្លែង​ខ្លួន​ក្រោយ​ការព្យាបាល ៣ ថ្ងៃ៕ HR