ក្រុងប៉ារីស៖ ចំណោម​អ្នកជំងឺ​កូវីដ កង្វះ​លំហាត់ប្រាណ​បាន​ផ្សារភ្ជាប់​ទៅនឹង​រោគសញ្ញា​ធ្ងន់ធ្ងរ និង​ហានិភ័យ​ខ្ពស់​នៃ​សេចក្ដីស្លាប់។ នេះ​បើ​យោងតាម​ការសិក្សា ដែល​ធ្វើ​លើ​មនុស្ស​ជិត ៥ ម៉ឺន​នាក់ ដែល​បាន​ឆ្លង​វីរុស​កំណាច​នេះ។

ក្រុម​អ្នកស្រាវជ្រាវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ព្រឹត្ដិបត្រ​វេជ្ជសាស្ដ្រ​កីឡា​ចក្រភព​អង់គ្លេស​ថា អ្នក​មិនមាន​សកម្មភាព​រាងកាយ​យ៉ាងតិច ២​ ឆ្នាំ​មុន​វិបត្ដិ​កូវីដ​ចាប់ផ្ដើម​ទំនង​ជា​ត្រូវ​ធ្លាក់ខ្លួន​ឈឺ​ចូលដេក​ពេទ្យ ដែល​ទាមទារ​ឱ្យមាន​ការព្យាបាល​ដិតដល់ និង​អាច​ស្លាប់។


សរុបមក បើ​ធៀប​នឹង​កត្ដា​ហានិភ័យ​ពាក់ព័ន្ធផ្សេងៗ ដូចជា ជក់បារី ធាត់​ជ្រុល ឬ​លើសឈាម ក្រុម​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា អសកម្មភាព​រាងកាយ​នឹង​ប្រឈម​ហានិភ័យ​ខ្លាំង​បំផុត​នៅ​គ្រប់​កាលៈទេសៈ។


ស្ថានភាព​បុគ្គល​ដែល​បាន​កើតឡើង​មុន​ឆ្លង​វីរុស​ទាក់ទង​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​បង្ក​ជំងឺ​ធ្ងន់ធ្ងរ នោះ​គឺ​កត្ដា​អាយុ​ជា​បុរស និង​មាន​ជំងឺ​ទឹកនោមផ្អែម ធាត់​ពេក ឬ​ជំងឺ​សរសៃឈាម​បេះដូង។


ប៉ុន្ដែ​រហូត​ដល់​ពេលបច្ចុប្បន្ន របៀបរបប​នៃ​ការរស់នៅ​ទាក់ទង​នឹង​សកម្មភាព​រាងកាយ ការសកម្ម​នឹង​ការហាត់​ប្រាណ និង​ធ្វើ​លំ​ហាត់ប្រាណ​តិចតួច មិន​ត្រូវបាន​រាប់បញ្ចូល​ក្នុងការ​ស្រាវជ្រាវ​ពី​កត្តារួម​ចំណែក​បង្កើន​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះឡើយ។


រូបតំណាង៖ កង្វះ​លំហាត់ប្រាណ​បាន​ផ្សារភ្ជាប់​ទៅនឹង​រោគសញ្ញា​ធ្ងន់ធ្ងរ និង​ហានិភ័យ​ខ្ពស់​នៃ​សេចក្ដី​ស្លាប់។ AFP


ដើម្បី​មើលថា តើ​កង្វះ​លំហាត់ប្រាណ​បង្កើន​ឱកាស​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ រហូត​ដល់​សង្គ្រោះបន្ទាន់ ឬ​បាត់បង់​ជីវិត ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើការ​ប្រៀបធៀប​លទ្ធផល​ទិន្នន័យ​មនុស្សពេញវ័យ​ចំនួន ៤៨៤៤០ នាក់​នៅ​សហរដ្ឋអាមេរិក​ដែល​បាន​ឆ្លង​វីរុស​ចន្លោះ​ខែមករា និង​ខែតុលា ឆ្នាំ ២០២០។

អាយុ​មធ្យម​របស់​អ្នកជំងឺ​គឺ ៤៧ ឆ្នាំ ហើយ ៣ នាក់​ក្នុងចំណោម ៥ នាក់​ជា​ស្ដ្រី។ ជា​មធ្យម កម្រិត​ខ្លាញ់​នៅក្នុង​រាងកាយ​គឺ ៣១ លើស​តែ​បន្តិច​សម្រាប់​អ្នក​ធាត់​ប៉ុណ្ណោះ។

អ្នកជំងឺ​កូវីដ​ដែល​មិនសូវ​ហាត់ប្រាណ​មាន​ចំនួន​លើស ២ ដង​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បើ​ប្រៀបធៀប​នឹង​អ្នក​សកម្ម​លើ​ផ្នែក​រាងកាយ និង​ធ្វើ​លំហាត់ប្រាណ។

ពួកគេ​ក៏​មាន​អត្រា ៧៣ ភាគរយ​ដែល​ទាមទារ​ឱ្យមាន​ការព្យាបាល​យក​ចិត្ដ​ទុកដាក់​ខ្លាំង និង ២,៥ ដង​អាច​ស្លាប់​ដោយសារ​ជំងឺឆ្លង​នេះ។

បើ​ធៀប​នឹង​អ្នកជំងឺ ដែល​តែងតែ​ធ្វើ​លំហាត់ប្រាណ​ញឹកញាប់ អ្នក​អង្គុយ​សំកុក​មុខ​កញ្ចក់​ទូរទស្សន៍ ឬ​កុំព្យូទ័រ មាន​ហានិភ័យ​លើស ២០ ភាគរយ​ដែល​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​នោះ ១០ ភាគរយ​ទាមទារ​ការថែទាំ​ខ្លាំង និង ៣២ ភាគរយ​អាច​ស្លាប់។

ខណៈ​ទំនាក់ទំនង​នេះ​មាន​កម្រិត​ខ្ពស់ ការសិក្សា​បាន​ផ្ដោតលើ​ការតាមដាន និង​ផ្អែក​ខ្លាំង​លើ​ការរាយការណ៍​ពី​អ្នកជំងឺ​ផ្ទាល់ ដែល​អាច​មាន​ការលម្អៀង៕ HR

រូបតំណាង៖ ជីវិត​រស់នៅ​ដោយ​ចំណាយពេល​នៅមុខ​អេក្រង់​យូរ អាច​ធ្វើឱ្យ​អ្នកជំងឺ​កូវីដ​មាន​ហានិភ័យ​សុខភាព​ខ្ពស់។ AFP

រូបតំណាង៖ គ្រូពេទ្យ និង​អ្នកជំងឺ​កូវីដ​នៅ​ប្រទេស​អេស្ប៉ាញ។ AFP