ក្រុងញូវយ៉ក: ការសិក្សា​ថ្មី​មួយ​បាន​រកឃើញ​ថា​រស់នៅក្នុង​ទីក្រុង​ពោរពេញ​ដោយ​បរិស្ថាន​ខ្យល់​កខ្វក់ ធ្វើឲ្យ​កុមារ​ឈាន​ទៅ​ចាប់​ទម្លាប់​ញ៉ាំ​អាហារ​ខ្លាញ់​ពេល​ពេញវ័យ​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា កម្រិត​ខ្យល់​ធូលី​ច្រើន​ក្នុង​បរិយាកាស​ដែល​ចេញពី​រោងចក្រ និង​យានយន្ត​មាន​ទំនាក់ទំនង​នឹង​ការបង្កើន​អត្រា​ការទទួល​ទាន​អាហារ​ខ្លាញ់​ចម្រាញ់​ខ្ពស់​រហូត​ដល់​ទៅ ៣៤ ​ភាគរយ​។


មិន​ច្បាស់​ថា តើ​វា​បណ្ដាល​មកពី​មូលហេតុ​អ្វី​ឡើយ ទោះបី​ជា​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​វា​អាច​មកពី​ការរំខាន​នៃ​បរិស្ថាន​កខ្វក់​ទៅ​លើ​រាងកាយ​ដែល​ស្រូប​ថាមពល​ពី​ចំណីអាហារ​ធ្វើឲ្យ​កម្រិត​ជាតិ​ស្ករ​ធ្លាក់ចុះ និង​បង្កើន​ចំណង់​ឃ្លាន​អាហារ​។


ក្រុម​ការងារ​មកពី​សាកល​វិទ្យាល័យ​កាលីហ្វ័រនីញ៉ា​ខាងត្បូង​បាន​ឲ្យ​ដឹងថា ភ័ស្ដុតាង​របស់​ពួកគេ​បាន​បង្ហាញ​ថា ការ​បន្ទាប​កម្រិត​ខ្យល់​កខ្វក់​អាច​ជា​វិធី​ទប់ស្កាត់​បញ្ហា​ធាត់​លើស​ទម្ងន់​របស់​ពលរដ្ឋ​សហរដ្ឋអាមេរិក​។


ចំពោះ​ការសិក្សា​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ​អាមេរិក​សម្រាប់​ជីវជាតិ​អាហារ​សុខភាព ក្រុម​ការងារ​បាន​តាមដាន​កុមារ ៣១០០ នាក់ និង​រកឃើញ​ថា​កុមារ​ប៉ះពាល់​នឹង​ខ្យល់​កខ្វក់​កាន់តែ​ខ្លាំង ជាពិសេស​ពី​ចរាចរណ៍​តាម​ដងផ្លូវ ពួកគេ​មាន​ចំណង់​ឃ្លាន​អាហារ​ខ្លាញ់​កាន់តែ​ខ្លាំង​។


កម្រិត​ខ្យល់​សុវត្ថិភាព នីត្រូឌីអុកស៊ីដ ត្រូវ​បាន​កំណត់​ដោយ​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​ត្រឹម​បរិមាណ ១០០ លើ ១ ពាន់​លាន​ក្នុង​ ១ ​ម៉ោង​។


វេជ្ជបណ្ឌិត ហ្សាងហ៊ួ ឈិន អ្នក​ដឹកនាំ​ការសិក្សា​បាន​និយាយ​ថា​៖ «​ដោយ​ការវិវត្ដ​ខួរក្បាល​ពី​កុមារ​ទៅ​ពេញវ័យ វា​ជា​គម្លាត​ពេលវេលា​ដែល​កត្ដា​បរិស្ថាន​អាច​មាន​ឥទ្ធិពល​យូរអង្វែង​លើ​ខួរក្បាល និង​អត្ដចរិត​»៕ HR