ក្រុងញូវយ៉ក៖ បើទោះបីជាវិបត្ដិកូវីដ១៩ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់សតិអារម្មណ៍របស់អ្នក ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយចំណង់ផ្លូវភេទយ៉ាងណាក៏ដោយ ក៏អ្នកជំនាញបានណែនាំអនុវត្ដសកម្មភាពមួយចំនួន ដើម្បីស្រោចស្រង់ពេលវេលាដ៏ស្រស់បំព្រងនេះមកវិញដែរ។
បង្កើតពេលវេលាសម្រាប់សិច
ការបង្កើនចំណង់ផ្លូវភេទ និងភាពស្និទ្ធស្នាលគ្នាចាប់ផ្ដើមពីការស្វែងរកពេលវេលារួមភេទ។ គូស្នេហ៍ខ្លះពិតជាត្រូវការពេលវេលានេះសម្រាប់ជាឱកាសផ្សារភ្ជាប់ទំនាក់ទំនងសិចឡើងវិញ។ ដៃគូអាចបង្កើតកម្មវិធីសប្បាយៗសម្រាប់ជីវិតសិចផ្ទាល់ខ្លួន។ ជាមួយការបន្ថែមឧបករណ៍សិច ស្វែងរកភាពខុសឆ្គង ប្រតិបត្ដិការក្នុងពេលខុសៗគ្នា ឬប្ដូរបន្ទប់ ឬសាកល្បងអ្វីៗតាមចិត្ដចង់ តែមិនធ្លាប់មានពេលធ្វើ។
លោក Ian Kernerអ្នកជំនាញព្យាបាលផ្លូវចិត្ដក្នុងចំណងអាពាហ៍ពិពាហ៍ និងគ្រួសារក៏ជាអ្នកឯកទេសផ្លូវភេទ ក្នុងទីក្រុងញូវយ៉ក និងជាអ្នកនិពន្ធ She Comes First បាននិយាយថា៖ «បើអ្នកកំពុងជាប់ធ្វើចត្ដាឡីស័កជាមួយឪពុកម្ដាយ ឬក្រុមគ្រួសារ កុំគិតថា វាជាវេលាមិនស័ក្ដិសម តែជាឱកាសរិះរកវិធីថ្មី»។
វិបត្ដិកូវីដបានកំហិតគ្រប់សកម្មភាពទាំងអស់។ នេះអាចបង្ខំឱ្យយើងគិតរិះរកវិធីទៅក្បែរកាយមនុស្សជាទីស្រឡាញ់។ «ទីណាមានចំណង់ ទីនោះតែងតែមានវិធី»។
អ្នកជំនាញផ្នែកអាពាហ៍ពិពាហ៍ និងគ្រួសារ អ្នកស្រី អាលីស រូប៊ីបាស មកពីទីក្រុងម៉ាលីប៊ូ រដ្ឋកាលីហ្វ័រនីញ៉ា បានណែនាំឱ្យចេញពីផ្ទះ បើមានការបន្ធូរបន្ថយការរឹតត្បិតនៅតាមតំបន់។ អ្នកស្រីបានស្នើឱ្យប្រើឱកាសបន្ដបង្កើតសកម្មភាពផ្អែមល្ហែមរ៉ូមែនទិកដូចកាលគ្រានៅជាសង្សារ និងផ្សារភ្ជាប់ទំនាក់ទំនងដ៏រីករាយជាមួយគ្នា។
អ្នកស្រី បាននិយាយថា៖ «ការលេងសើច ការបង្កើតបរិយាកាសរីករាយ និងចំអកចំអន់នៅទីឋានធម្មជាតិ បង្កើតបានជាភាពស្រស់បំព្រងក្នុងជីវិត»។
ប្រាប់ពីសេចក្ដីត្រូវការ
ចូរជជែកអំពីការសម្រេចសេចក្ដីត្រូវការនៃកាមតម្រេក ហើយតម្រូវការគឺជាប្រធានបទដ៏មានតម្លៃបំផុត។ អ្នកត្រូវបង្កើតបរិយាកាសជជែកប្រកបដោយភាពស្និទ្ធស្នាល និងហ៊ានចាកចេញពីខ្មាសអៀនក្នុងការបង្ហាញពីអារម្មណ៍របស់ខ្លួន។
លោក Kermerបានណែនាំឱ្យប្រើ «ខ្ញុំយល់សាច់ការ» និងព្យាយាមកុំស្ដីបន្ទោសដៃគូអំពីស្ថានភាពបច្ចុប្បន្ន។
ប្រើប្រាស់ពេលវេលានេះឆ្លងកាត់ភាពតានតឹង និងបញ្ហាផ្សេងៗដែលឆ្លងផុតតាមរយៈទំនាក់ទំនងបែបអ្នកស្និទ្ធស្នាល។ អ្នកស្រី បាស បានបន្ដថា៖ «និយាយដោយស្មោះត្រង់ និងខិតខំជួយគាំទ្រផ្ដល់សេចក្ដីស្រឡាញ់ និងយល់ចិត្ដគ្នា»។
បង្កើតបរិយាកាសសិចគ្មានដៃគូ
បើអ្នកនៅលីវ ចូរយកឱកាសនេះបង្កើតភាពរីករាយ ផ្សារទំនាក់ទំនង និងយកចិត្ដទុកដាក់ចំពោះខ្លួនឯង។ (បញ្ហានេះក៏សម្រាប់ប្រើចំពោះអ្នកមានទំនាក់ទំនងស្នេហាផងដែរ តែជាពិសេសអ្នកដែលនៅឯកាតែម្ដង)។
ទោះបីជាមានទំនាក់ទំនងស្នេហា និងបាននែបនិត្យកាយាគ្នាមិនត្រូវបានគិតចូលក្នុងប្រភេទសិចគ្មានដៃគូយ៉ាងណាក៏ដោយ ក៏វានៅតែអាចជះឥទ្ធិពលលើចំណង់ផ្លូវភេទជាវិជ្ជមានដែរ។
ចូលផ្ដល់អាទិភាពចំពោះខ្លួនឯង និងសកម្មភាពធ្វើឱ្យស្រណុកស្រួលផ្នែករាងកាយចាប់ពីការងូតទឹកក្ដៅឧណ្ហៗ ឬគ្រងឈុតក្ដៅប្រណីតៗរហូតដល់ទម្លាប់ហាត់យោគៈ ១០ នាទីរៀងរាល់ថ្ងៃ ឬធ្វើសមាធិ។
នៅមានវត្ថុសម្រាប់ជួយឱ្យខ្លួនឯងរីករាយថែមទៀតនោះគឺ ឧបករណ៍សិច។ របាយការណ៍ពីកាសែត New YorkTimesបានរកឃើញពីការកើនឡើងនៃការលក់ឧបករណ៍សិចធៀបនឹងឆ្នាំ ២០១៩។
ជាក់ស្ដែង នាយកដ្ឋានសុខភាពក្រុងញូវយ៉កបានពន្យល់ក្នុងគោលការណ៍ណែនាំស្ដីពីជំងឺកូវីដ ១៩ ថា វាជាដៃគូរួមភេទដ៏មានសុវត្ថិភាពបំផុត។ លាងដៃ និងលាងឧបករណ៍ទាំងនេះជាមួយសាប៊ូ និងទឹកស្អាតមុនពេលប្រើប្រាស់។
ចំណុចគួរឱ្យកត់សម្គាល់
មើលឃើញពីការប្រែប្រួលចំពោះចំណង់ផ្លូវភេទរបស់អ្នកអំឡុងពេលវិបត្ដិកូវីដនេះ ជារឿងធម្មតា។ បើចំណង់មានការប្រែប្រួល និងនៅតែប្រែប្រួលអំឡុងពេលផ្ទុះឡើងនៃរោគរាតត្បាតនេះ វាក៏ជារឿងសាមញ្ញ។ វាមិនមានខុសអ្វីទេ បើអ្នកមិនចាប់អារម្មណ៍ក្នុងការប្រែប្រួលចំណង់ខុសប្រក្រតីនេះ។
អ្នកស្រី បាស បាននិយាយថា៖ «ឱកាសនៅតែមានចំពោះការប៉ះពាល់រយៈពេលយូរចំពោះសុខភាពផ្លូវចិត្ដ ហើយដូច្នេះវានៅតែជះឥទ្ធិពលបន្ដទៀត។ យ៉ាងណាមិញ ខ្ញុំមិនគិតថា វានឹងស្ថិតនៅអចិន្ដ្រៃយ៍នោះទេ»៕ HR