ក្រុងឡុងដ៍: ការស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ស្ថិតក្នុង​បរិស្ថាន​ធម្មជាតិ​តែ ២ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ពិតជា​ល្អ​ចំពោះ​សុខភាព​។ ការសិក្សា​ថ្មី​មួយ​បាន​រកឃើញ​ថា ស្រូប​ដង្ហើម​ក្នុង​ព្រៃ​រយៈពេល​យ៉ាងតិច ១២០ នាទី​រៀងរាល់ ៧ ថ្ងៃ​ជួយ​ពង្រឹង​សុខុមាលភាព​។

ព្រះនាងម្ចាស់ ខេធើរីន ឬ Duchess of Cambridge ក៏​ជា​អ្នកគាំទ្រ​នូវ​ទម្លាប់​របស់​ជប៉ុន​ម្នាក់​ដែល​ចូលចិត្ដ​ដើរ​យឺតៗ​កាត់​ព្រៃព្រឹក្សា​។ ក្រុម​អ្នកស្រាវជ្រាវ​ជឿថា​ការសម្រាក​ក្នុង​ឧទ្យានព័ទ្ធ​ដោយ​ព្រៃឈើ ឆ្នេរ ឬ​ព្រៃភ្នំ​បាន​ផ្ដល់​នូវ​ភាពស្រស់​បំព្រង​នៃ​ជីវិត និង​ជួយ​កាត់បន្ថយ​ស្ដ្រេស​ផង​ដែរ​។


ពួកគេ​បាន​និយាយ​ថា ២ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​គឺជា​គោលដៅ​អាច​ទៅ​រួច​ចំពោះ​មនុស្ស​ភាគច្រើន ជាពិសេស​នៅ​ពេល​វា​ត្រូវ​បាន​បែងចែក​ជា​ដំណើរ​ចូល​ព្រៃ​ខ្លីៗ​លើ​រយៈពេល ៧ ​ថ្ងៃ​។


ការស្រាវជ្រាវ​ដែល​ជំរុញ​ឲ្យ​មនុស្ស​នែបនិត្យ​ធម្មជាតិ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Exeter និង​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត Mathew White ជា​ចិត្ដវិទូ​ផ្នែក​បរិស្ថាន និង​សាស្ដ្រាចារ្យ​ជាន់ខ្ពស់​សាកលវិទ្យាល័យ​វេជ្ជសាស្ដ្រ និង​សុខាភិបាល​។


វេជ្ជបណ្ឌិត​បាន​និយាយ​ថា​៖ «​វា​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា បរិស្ថាន​ក្នុង​ធម្មជាតិ អាច​ផ្ដល់​ផល​ល្អ​ចំពោះ​សុខភាព និង​ភាពស្រស់​បំព្រង តែ​រហូត​ដល់​ពេល​នេះ យើង​មិន​អាច​និយាយ​ថា ប៉ុន្មាន​ទើប​គ្រប់គ្រាន់​នោះ​ទេ​»​។


លោក​បន្ដ​ថា​៖ «​ដំណើរ​លម្ហែ​ក្នុង​ទីតាំង​ធម្មជាតិ​ចំពោះ​ការសិក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន ៣ គីឡូម៉ែត្រ​ពី​ផ្ទះ​ប៉ុណ្ណោះ​។ ដូច្នេះ​សូម្បីតែ​ការដើរ​លេង​ក្នុង​សួន​បៃតង​ក្បែរៗ​ផ្ទះ​ក៏​អាច​ទទួល​ប្រយោជន៍​ចំពោះ​សុខភាព​ផង​ដែរ​»​។


គួរ​បញ្ជាក់​ដែរ​ថា​ការ​ស្រូប​ខ្យល់​អាកាស​ក្នុង​ព្រៃ​ជួយ​លើ​សុខភាព​ផ្នែក​ផ្លូវ​ចិត្ដ​សម្បើម​ណាស់​ដែរ​៕ HR