មានរឿងរ៉ាវជាច្រើនដែលមនុស្សបច្ចុប្បន្នខកខានសកម្មភាពសិចក្នុងសម័យរក្សាគម្លាតសុវត្ថិភាព និងអ្នកនៅលីវដ៏ឯកា ពួកគេអត់មានលទ្ធភាពស្វែងរកដៃគូរួមគ្រែបានឡើយ។
ការសិក្សាក្នុងបរិបទកូវីដ១៩ស្ដីពី «សិច និងទំនាក់ទំនង» របស់វិទ្យាស្ថាន The Kinsey Institute បានបង្ហាញថាអ្នកចូលរួមក្នុងការសិក្សា ៤៤ ភាគរយមានសកម្មភាពសិចធ្លាក់ចុះ។ ក្រៅពីវិបត្ដិកូវីដនៅមានកត្ដារួមផ្សំជាច្រើនទៀតដូចជាការធ្លាក់ចុះចំណង់ ឬដៃគូអត់មានអារម្មណ៍។
ក្រុមអ្នកជំនាញបានសិក្សាចំពោះអ្នកអត់បានរួមភេទរយៈពេលយូរ ដោយផ្តោតលើកត្ដាវិជ្ជមាន និងអវិជ្ជមាននៃការខកខានរួមភេទយូរ។
អវិជ្ជមាន៖ មានអារម្មណ៍ស្ដ្រេសកាន់តែខ្លាំង
ធ្លាប់ដឹងទេថាសិចជាឱសថព្យាបាលជំងឺស្ដ្រេស? មិនថាអ្នកត្រូវធ្វើកិច្ចការច្រើនសន្ធឹកអ្នកត្រូវដោះស្រាយបញ្ហាក្នុងគ្រួសារ ឬជួបភាពស្មុគស្មាញដោយសារវិបត្ដិកូវីដយ៉ាងណានោះទេ តែការរួមភេទហាក់បានជួយអ្នកកម្ចាត់ភាពតានតឹងបានខ្លះ។ ហេតុអ្វី? ច្បាស់ណាស់ សិចបញ្ចេញអ័រម៉ូនអេនដូហ្វីនស៍ ដែលកាត់បន្ថយអារម្មណ៍មិនស្រណុកស្រួល ក៏ដូចជាការឈឺចាប់ និងជំរុញអារម្មណ៍ឱ្យស្រស់ស្រាយ។
ទំនាក់ទំនងសិច និងស្ដ្រេសអាចជួយពន្យល់ពីមូលហេតុដែលការសិក្សារបស់សាកលវិទ្យាល័យ Oregon State University បានកំណត់ថាគូស្នេហ៍ ដែលមានជីវិតសិចដ៏រស់រវើកមានភាពរីករាយនៅកន្លែងការងារហើយការសិក្សាឆ្នាំ ២០០៦ ក្នុងព្រឹត្ដិបត្រវេជ្ជសាស្ដ្រ Biological Psychology បានរកឃើញថា អ្នកដែលមានភាពមមាញឹកជាទម្លាប់បានកាត់បន្ថយកម្រិតសម្ពាធឈាមឡើងខ្ពស់ជាងអ្នកមិនសូវរវល់។
ចូរចងចាំថា សិចមិនមែនជាវិធីសាស្ដ្រតែមួយគត់ក្នុងការបញ្ចេញអ័រម៉ូនអេនដូហ្វីននោះទេ អ្នកនៅមានសកម្មភាពលំហាត់ប្រាណ សើចលេងសប្បាយ ការធ្វើសមាធិ ឬទទួលទានអាហារហឹរ។
វិជ្ជមាន៖ កាត់បន្ថយហានិភ័យជំងឺឆ្លង
វាមិនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ពេលមិនបានរួមភេទរយៈពេលយូរនោះ ដោយសារវាអាចជាហានិភ័យនៃជំងឺឆ្លងនានា។ មេរោគអាចរីករាលដាលតាមរយៈការថើប ឬប៉ះពាល់ស្បែក និងស្បែក ហើយអ្នកអាចឆ្លងជំងឺដោយមិនបានរួមភេទផងដែរ តែជាទូទៅ យ៉ាងហោចណាស់ បើអ្នកមិនបានប៉ះពាល់គ្នា ឱកាសនៃការឆ្លងជំងឺស្ទើរតែគ្មាន។
អ្នកស្រី រ៉េបេកកា តូរ៉ូសែន ជាអ្នកព្យាបាលអាកប្បកិរិយាបាននិយាយថា៖ «ការសម្រេចកាមដោយខ្លួនឯងគឺជាវិធីសាស្ដ្រមានសុវត្ថិភាពបំផុត»។
អវិជ្ជមាន៖ អារម្មណ៍បាក់ស្រុត
តើចងចាំពីការបញ្ចេញអ័រម៉ូនអេនដូហ្វីនឬទេ? ច្បាស់ណាស់ ពេលអ្នកមិនបានបន្ធូរអារម្មណ៍តាមរយៈសកម្មភាពសិចនោះ អ្នកអាចកត់សម្គាល់ពីភាពខុសគ្នាតិចតួចចំពោះអារម្មណ៍ខ្លួនឯង។
អ្នកស្រី តូរ៉ូសែន បានបន្ថែមថា៖ «អ្នកអាចមើលឃើញពីការខកខានការបញ្ចេញអ័រម៉ូន និងអុកស៊ីតូស៊ីន ដែលមានការពាក់ព័ន្ធគ្នា ពេលអ្នករីករាយនឹងការរួមភេទជាមួយដៃគូ។ ភាពឯកោ និងការឃ្លាតឆ្ងាយពីដៃគូអាចបង្កជាបញ្ហាធ្លាក់ទឹកចិត្ដ»។
វិជ្ជមាន៖ ខានយូរ ជូរមាត់ សកម្មភាពកាន់តែកក្រើកជាងមុន
អ្នកដឹងថាប្រហុកផ្អកកាន់តែឆ្ងាញ់ពិសេសពេលអ្នករមែងទទួលទានអាហារសុខភាពពេញ ១ សប្ដាហ៍មែនទេ? ច្បាស់ណាស់ មនុស្សក៏មិនខុសគ្នាដែរពេលអ្នករយាលពីសកម្មភាពរួមភេទមួយរយៈ។
វេជ្ជបណ្ឌិត Jess O’Reilly ជាអ្នករៀបចំកម្មវិធី @SexWithDrJess Podcast បាននិយាយថា៖ «អ្នកវិទ្យាសាស្ដ្រស្នើថា ការខានសិចមួយរយៈអាចពង្រឹងចំណង់កាន់តែខ្លាំង»។
អវិជ្ជមាន៖ ប្រព័ន្ធស៊ាំចុះខ្សោយតិចតួច
តើអ្នកដឹងថា ការឈានដល់ទីជម្រៅនៃកាមតម្រេកញឹកញាប់អាចជួយអ្នករំលស់ជំងឺឬទេ? ចិត្ដវិទូ Carl Charnetski និង Francis Brennan Jr. បានធ្វើការស្រាវជ្រាវ ដែលពួកគេបានប្រមូលសំណាកទឹកមាត់និស្សិតមហាវិទ្យាល័យ ១១១ នាក់ ដែលតែងតែបានរួមភេទម្ដង ឬ ២ ដងក្នុង ១សប្ដាហ៍។ អ្វីដែលពួកគេរកឃើញគឺថាសំណាកទាំងនោះមានប្រព័ន្ធស៊ាំជំងឺខ្ពស់ ដែលមានតួនាទីយ៉ាងសំខាន់លើមុខការងារស៊ាំជំងឺ និងស្គាល់ថា ជាសមាសធាតុប្រឆាំងជំងឺផ្ដាសាយ។
វិជ្ជមាន៖ វេលាពង្រឹងបញ្ហាប្រឈមផ្សេងទៀត
ក្រុមអ្នកជំនាញបាននិយាយថា ការរយាលសិចអាចអនុញ្ញាតឱ្យអ្នកមុជជ្រៅទៅឆ្ងាយក្នុងការដោះស្រាយបញ្ហាជីវិតផ្សេងៗដែលអាចជាវិធីបង្កើនភាពស្និទ្ធស្នាល។
អ្នកស្រីតូរ៉ូសែនបាននិយាយថា៖ «អ្នកមានឱកាសកាត់បន្ថយអារម្មណ៍ និងការគិតបែបអវិជ្ជមានរសាត់ទៅតាមរយៈការប្រើប្រាស់វិធីសិច។ នេះទំនងជាកាលៈទេសៈដ៏ល្អក្នុងការដោះស្រាយបញ្ហា»។
អវិជ្ជមាន៖ ប៉ះពាល់ដល់ជំនឿចិត្ដ និងសមត្ថភាពផ្ទាល់ខ្លួន
កុំភ្ញាក់ផ្អើលបើអ្នកមានអារម្មណ៍ថាខ្លួនបាត់បង់ជំនឿចិត្ដក្រោយពីខកខានសកម្មភាពសិច។
អ្នកស្រីតូរ៉ូសែនបានបន្ថែមថា៖ «ការបាត់បង់ភាពជឿជាក់លើជំនាញសិចខ្លួនឯងអាចកើតឡើងនៅពេលអន្ដរកាលនៃសកម្មភាពសិចយូរពេក។ នេះមានភាពស្រដៀងគ្នានឹងការសង្ស័យចំពោះខ្លួនឯងដែលអាចកើនឡើងពេលសាច់ និងសាច់មិនមានទំនាក់ទំនងគ្នា។ លើសពីនេះវាអាចមានកាន់តែពុះកញ្ជ្រោលដោយសារអ្នកខកខានយូរ»។
យោងតាមវេជ្ជបណ្ឌិត O’Reilly បានឱ្យដឹងថា គុណសម្បត្ដិខ្លះពីការសម្រេចកាមខ្លួនឯង រួមទាំងជំនួយដល់ដំណេកលង់លក់ស្រួលជំរុញមុខងារសិចកាន់តែសកម្ម។
ចំណុចគួរកត់សម្គាល់
ដំណើរជីវិតដោយគ្មានសិចហាក់ដូចជាប្រហុកខ្វះអន្លក់ តែមិនមែនទាន់ជាអវសានពិភពលោកនោះទេ។ អ្នកមិនចាំបាច់ត្រូវតែមានដៃគូជួយសម្រេចកាមតម្រេកឡើយ។ សរុបមក អ្នកគ្រាន់តែត្រូវការជីវិតសិចកាន់តែពេញចិត្ដពេញថ្លើមក្រោយការខកខានការរួមភេទមួយរយៈប៉ុណ្ណោះ៕ HR