ក្រុងសិង្ហបុរី: ការទទួលទាន​ផ្សិត​ ២ ​ដង​ក្នុង​ ១ ​សប្ដាហ៍​អាច​ទប់ស្កាត់​ហានិភ័យ​ការធ្លាក់ចុះ​នៃ​បញ្ហា​អប្រក្រតីភាព​ខួរក្បាល​ពេល​ចម្រើន​វ័យ​ជរា​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ផ្សិត​ឆ្អិន​ចាប់ពី ៣ ខាំ​បាន​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​វង្វេងវង្វាន់​កម្រិត​ស្រាល (MCI )​។

ពួកគេ​បាន​អះអាង​ថា​ហើយ​សូម្បីតែ​ទទួលទាន​ក្នុង​បរិមាណ​តិចតួច​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​គ្រាន់បើ​ដែរ​។ MCI ស្ថិត​នៅ​ចន្លោះ​រវាង​ការធ្លាក់​ចុះ​នៃ​សមត្ថភាព​ខួរក្បាល​ពី​ធម្មជាតិ និង​ជំងឺ​វង្វេង ហើយ​អ្នក​ជួប​បញ្ហា​បែប​នេះ​អាច​ទទួល​បទពិសោធ​ការ​ភ្លេចភ្លាំង និង​កាត់បន្ថយ​សមត្ថភាព​ភាសា និង​ការផ្ចង់​អារម្មណ៍​។


ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​ថា ផ្សិត​ផ្ទុក​នូវ​អាស៊ីត​អាមីណូ​ដែល​រាងកាយ​មិន​អាច​ផលិត​សារធាតុ​នេះ​ដោយ​ខ្លួនឯង​បាន​ហើយ​ជា​អ្វី​ដែល​ត្រូវ​បាន​រកឃើញ​ក្នុង​កម្រិត​ទាប​យ៉ាង​ជាពិសេស​ចំពោះ​មនុស្ស​ជរា​ដែល​កើត​ជំងឺ​វង្វេងវង្វាន់​កម្រិត​ស្រាល​។


ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​ធ្វើ​សម្ភាស​ជាមួយ​ពលរដ្ឋ​ចិន​ជាង ៦០០ ​នាក់​ដែល​មាន​អាយុ​ ៦០ ​ឆ្នាំ​ប្លាយ​លើ​រយៈពេល​ ៦ ​ឆ្នាំ​ស្ដីពី​របប​អាហារ និង​សុខភាព​របស់​ពួកគេ​។


អ្នក​ដែល​ទទួលទាន​ផ្សិត​ឆ្អិន​ជាង ២ ពេល​រៀងរាល់​សប្ដាហ៍​ជួប​នូវ​បញ្ហា​ស្មារតី​វង្វេង​កម្រិត​ស្រាល​នេះ​ត្រឹម ៥០ ​ភាគរយ​។ លោក ហ្វេង ឡៃ ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​និយាយ​ថា​៖ «​ទំនាក់ទំនង​នេះ​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​លើក​ទឹក​ចិត្ដ​ការ​ទទួលទាន​បន្ថែម​ទៀត​»​។


ផ្សិត​ដែល​ត្រូវ​បាន​លើក​យក​មក​ជជែក​ក្នុង​ការសិក្សា​នេះ​ជា​ប្រភេទ​ផ្សិត​មួក ផ្សិត​អំបោះ ផ្សិត​ឈើ និង ផ្សិត​ម្ជុល ផ្សិត​ក្រៀម និង​ផ្សិត​កំប៉ុង​។ ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​បន្ថែម​ថា ប្រសិទ្ធភាព​វិជ្ជមាន​ចំពោះ​សុខភាព​ទំនង​ជា​កើតឡើង​ដោយ​ផ្សិត​ប្រភេទ​ផ្សេងៗ​ទៀត​៕ HR