ក្រុងស៊ីដនី: យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា បុរសដែលចាប់ផ្ទៃអ្នកម្ដាយកើតរោគស្ដ្រេសអំឡុងពេលមានគភ៌ អាចធំដឹងក្ដីដោយមានកម្រិតមេជីវិតទាប។ ចំនួន និងគុណភាពនៃមេជីវិតត្រូវបានរកឃើញថាមានកម្រិតទាបចំពោះបុរសពេញវ័យដែលទទួលរងនូវឥទ្ធិពលស្ដ្រេសពីម្ដាយកាលពីនៅក្នុងផ្ទៃ។
ក្រុមអ្នកជំនាញបារម្ភថា ជំងឺស្ដ្រេសរបស់ម្ដាយដែលអាចប៉ះពាល់ដល់តុល្យភាពអ័រម៉ូនរបស់ខ្លួនអាចបន្ថែមទម្ងន់បន្ទុកបញ្ហាសុខភាពដែលអាចធ្វើឲ្យបុរសខ្សោយមេជីវិត។
ការស្រាវជ្រាវរបស់ពួកគេបានរកឃើញថា ការរាប់ចំនួនមេជីវិតនៅទូទាំងតំបន់បស្ចិមប្រទេសមានការធ្លាក់ចុះដោយចុះជិត ៦០ ភាគរយនៃចំនួនមេជីវិតមធ្យមលើរយៈពេលជាង ៤០ ឆ្នាំចុងក្រោយនេះ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យអូស្ដ្រាលីខាងលិចបានសិក្សាលើគុណភាពមេជីវិតបុរស ៦៤៣ រយៈពេល ២០ ឆ្នាំ។
ស្របពេលចំនួនមេជីវិត និងអ័រម៉ូនតេស្ដូស្ទើរ៉ុន ធ្លាក់ចុះកូនប្រុសរបស់អ្នកម្ដាយកើតរោគស្ដ្រេសក៏ធ្វើឲ្យមេជីវិតលំបាកបំផ្លាស់ទីរហូតដល់ ១២ ភាគរយផងដែរ។ នោះមានន័យថាកោសិការសិចពិបាកនឹងហែលទៅចាប់ស៊ុតញី។
អ្នកនិពន្ធការសិក្សា សាស្ដ្រាចារ្យ រ៉ូជ័រ ហាត បានបង្ហាញថា៖ «ការទទួលរងនូវឥទ្ធិពលពីម្ដាយចំពោះរោគស្ដ្រេសតាំងពីក្នុងផ្ទៃដែលជារយៈពេលដ៏ងាយរងគ្រោះសម្រាប់ការអភិវឌ្ឍសរីរៈបន្ដពូជរបស់បុរសអាចជាការរងនូវឥទ្ធិពលអវិជ្ជមានពេញមួយជីវិតចំពោះបញ្ហាមេជីវិត»។
ការស្រាវជ្រាវនេះត្រូវបានចុះផ្សាយក្នុងព្រឹត្ដិបត្រវិទ្យាសាស្ត្រស្ដីពីការបន្ដពូជរបស់មនុស្ស៕ HR