ក្រុងញូវយ៉ក៖ រហូតដល់បច្ចុប្បន្ននេះ មនុស្សម្នាក់ៗបានដឹងថា មនុស្សខ្លួនឯងជាបំផ្លាញផែនដី។ បញ្ហាបរិស្ថានកខ្វក់ ដែលកើតចេញពីសកម្មភាពរបស់មនុស្ស មិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់ជីវិតរស់នៅប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងប៉ះពាល់គ្រប់អ្វីៗទាំងអស់នៅលើផែនដី។
វាបានបំផ្លាញដល់ប្រដាប់ភេទខ្លាឃ្មុំទឹកកក និងធ្វើឱ្យខ្សោយប្រដាប់ភេទសត្វភេ ហើយឥឡូវ វាដល់ពេលមនុស្សខ្លួនឯងម្ដង ដែលបានប៉ះពាល់ដល់អានុភាពតម្លើងនៃលិង្គផងដែរ។
អ្នកវិទ្យាសាស្ដ្រផ្នែកបរិស្ថាន វេជ្ជបណ្ឌិត សានណា ស្វាន បានព្រមានដោយសរសេរសៀវភៅក្រោមចំណងជើងថា «រាប់ថយក្រោយ» ឬ Count Down ដែលប្រដាប់ភេទបុរសកំពុងតែរួញខ្លី ក៏ដូចជាប្រែប្រួលរូបរាងដោយសារបញ្ហាបរិស្ថានកខ្វក់នេះ។
ធាតុបង្កឱ្យលិង្គរួញដែលអ្នកស្រី ស្វាន ដែលជឿថាគឺជាវិបត្ដិកំពុងតែកើតឡើងដោយសារមនុស្ស បានជះឥទ្ធិពលដល់អត្រាបង្កកំណើត ដោយសារវត្ដមានអាស៊ីដ phthalates ដែលរមែងប្រទះឃើញក្នុងប្លាស្ទីកចេញពីរោងចក្រ។
ប្លាស្ទីក phthalates បានធ្វើឱ្យប៉ះពាល់ដល់ប្រដាប់ភេទបុរស ដោយការផ្លាស់ប្ដូរប្រព័ន្ធអេនដូក្រីនដែលផលិតអ័រម៉ូន ហើយផលលំបាកនេះបានបង្កឱ្យទារកប្រសូតមកមានលិង្គកាន់តែតូច។
អ្នកស្រី ស្វាន បានស្រាវជ្រាវលើប៉ះពាល់ពីប្លាស្ទីក phthalate ចំពោះកណ្ដុរ ដែលការប៉ះពាល់ផ្ទាល់ជាមួយសារធាតុគីមីទាំងនេះបានបង្កើនលទ្ធភាពកូនកណ្ដុរកើតមកមានប្រដាប់ភេទរួញ។
ចំពោះមនុស្ស អ្នកស្រី ស្វាន បានរកឃើញថា ទារក (ភេទប្រុស) ដែលប៉ះពាល់សារធាតុគីមីតាំងពីនៅក្នុងពោះម្ដាយ ទំនងជាមានគម្លាតរវាងរន្ធគូទ និងបរិវេណប្រដាប់ភេទខ្លី ដែលនាំឱ្យមានការសន្និដ្ឋាន ប្រដាប់ភេទខ្លី។
ប្រភពនៃសារធាតុគីមី អាចមាននៅលើរបស់របរក្មេងលេង និងចំណីអាហារ ដែលរំខានដល់អ័រម៉ូនអេស្ដ្រូហ្គេន និងប៉ះពារដល់ការផលិតអ័រម៉ូនតាមធម្មជាតិរបស់មនុស្ស ដោយបង្កផលប៉ះពាល់ចំពោះការអភិវឌ្ឍប្រដាប់ភេទចំពោះកុមារ ក៏ដូចជាអត្ដចរិតរបស់មនុស្សពេញវ័យផងដែរ។
ចំពោះការសិក្សាកន្លងមក ដែលចុះផ្សាយដោយអ្នកស្រី ស្វាន ក្នុងឆ្នាំ ២០១៧ បានបង្ហាញថា វាត្រូវបានរកឃើញថា កម្រិតមេជីវិតបានធ្លាក់ចុះលើសពាក់កណ្ដាលនូវរយៈពេល ៤០ ឆ្នាំចុងក្រោយ ដោយអាស្រ័យលើការត្រួតពិនិត្យចំពោះការសិក្សាចំនួន ១៨៥។
អ្នកស្រី ស្វាន ជឿថា បុរសភាគច្រើននឹងលែងអាចផលិតមេជីវិតល្អនៅឆ្នាំ ២០៤៥៕ HR