ក្រុងប៉ារីស: កាសែត Le Monde និង​វិទ្យុ​សាធារណៈ​បារាំង​បាន​រាយការណ៍​ដោយ​ដកស្រង់​លិខិត​មួយ​ចេញ​ពី​អាជ្ញាធរ​សុខាភិបាល​ជូន​ដល់​ក្រុមហ៊ុន​ផលិត​សារធាតុ​បញ្ចូល​ក្នុង​រាងកាយ ដើម្បី​កែ​សម្ផស្ស​ថា បារាំង​គ្រោង​ដាក់​បម្រាម​ទៅ​លើ​ការវះកាត់​ពង្រីក​សុដន់​ដ៏ពេញនិយម​មួយ​ដែល​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ជំងឺ​មហារីក​ប្រភេទ​កម្រ​។

ក្នុង​សេចក្ដី​សម្រេច «​ប្រវត្ដិសាស្ដ្រ​» កាសែត Le Monde បាន​ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​បារាំង​សម្រាប់​វេជ្ជសាស្ដ្រ និង​ផលិតផល​សុខាភិបាល (AN-SM) បាន​ជម្រាប​ជូន​ដល់​ក្រុមហ៊ុន​ទាំងអស់​នូវ​គម្រោង​ហាមឃាត់​ការផលិត ការចែកចាយ​ការនាំ​ចូល ការនាំចេញ ការផ្សព្វផ្សាយ និង​ការវះកាត់​បញ្ចូល​សុដន់​សិប្បនិម្មិត និង​សារធាតុ​ម៉ូលីមែរ ។ ទីភ្នាក់ងារ​បាន​ដកស្រង់​ខ្លឹមសារ​សំខាន់​ថា «​វា​កម្រ តែ​គ្រោះថ្នាក់​បំផុត​» បង្ក​ឡើង​ពី​ការវះកាត់​ពង្រីក​សុដន់ ដែល​មាន​ទំនាក់ទំនង​នឹង​ជំងឺមហារីក​កម្រ (BIA- ALCL) បំផ្លាញ​ដល់​ប្រព័ន្ធ​ស៊ាំ​ជំងឺ និង​កោសិកា​ផ្សេងៗ​។


កាលពី​ខែ​វិច្ឆិកា ANSM បាន​បន្ដ​ថា​ខ្លួន​បាន​កត់ត្រា​ជំងឺ​មហារីក BIA- ALCL ៥៣ ករណី​ជាមួយ​ការផ្ដល់​បទបង្ហាញ​ជាច្រើន​ដល់​ក្រុម​អ្នក​វះកាត់​សុដន់​តាមរយៈ​ការបញ្ចូល​សារធាតុ​គ្រើមៗ និង​ណែនាំ​ឲ្យ​ប្រើ​ផលិតផល​រលោងៗ​ជំនួស​វិញ​។


អ្នក​វះកាត់​កែ​សុដន់​ភាគច្រើន​ក្នុង​ចំណោម ៥០ ម៉ឺន​នាក់​ជឿ​ថា​បាន​បញ្ចូល​សារធាតុ​ស្រដៀង​ស្កុតស្អិត​ដែល​បិទ​ភ្ជាប់​កោសិកា​សុដន់​ដើម្បី​បញ្ចៀស​ការរបូត​រអិល​។


កាលពី​ខែ​មីនា ឆ្នាំ​ ២០១៧ រដ្ឋបាល​ចំណីអាហារ​ និង​ឱសថ​អាមេរិក​បាន​រកឃើញ​ថា​ស្ដ្រី​បញ្ចូល​សារធាតុ​ពង្រីក​សុដន់ «​មាន​អត្រា​ទាប តែ​ហានិភ័យ​ខ្ពស់​» នៃ​ការអភិវឌ្ឍ​ទៅ​ជា​មហារីក​ BIA- ALCL បើ​ធៀប​នឹង​ស្ដ្រី​ដែល​មិន​វះកាត់​ពង្រីក​សុដន់​៕ HR