ក្រុងម៉ាឌ្រីដ : ការសិក្សា​ថ្មី​មួយ​បាន​ព្រមាន​ថា ដំណេក​តិច​ជាង ៦ ​ម៉ោង​ក្នុង​​ ១ ​រាត្រី​អាច​បង្កើន​ហានិភ័យ​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល ដោយ​ពន្លឿន​គ្រោះថ្នាក់​លើ​ជំងឺ​បេះដូង​រហូត​ដល់ ៣៥ ​ភាគរយ​បើ​ធៀប​នឹង​អ្នក​ដែល​គេង​ចន្លោះ​ពី ៧ ទៅ ៨ ម៉ោង​ក្នុង​ ១ ​រាត្រី​។

កង្វះ​ដំណេក​ក៏​បាន​បង្កើន​អត្រា​គ្រោះថ្នាក់​ជំងឺ​ខ្លាញ់​រុំ​សរសៃឈាម​ដែល​ធ្វើឲ្យ​លំហូរ​ឈាម​តូច និង​ស្ទះ​រឹង​។ ក្រុម​ស្រាវជ្រាវ​ដឹកនាំ​ដោយ​មជ្ឈមណ្ឌល​ជាតិ​អេស្ប៉ាញ​ដើម្បី​ស្រាវជ្រាវ​ជំងឺ​បេះដូង (CNIC) ក្នុង​ទីក្រុង​ម៉ាឌ្រីដ​បាន​ឲ្យ​ដឹងថា លទ្ធផល​នេះ​បង្ហាញ​ថា​ការផ្លាស់ប្ដូរ​ម៉ោង​ដំណេក​អាច​ជា​ការព្យាបាល​ជំងឺ​បេះដូង​មាន​ប្រសិទ្ធភាព​ជាង និង​ថោក​ជាង​ឱសថ​វេជ្ជសាស្ដ្រ​។


ចំពោះ​ការសិក្សា​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ​មហាវិទ្យាល័យ​បេះដូង​អាមេរិក ក្រុម​ការងារ​បាន​តាម​ដាន​បុគ្គលិក​ធនាគារ​ជិត ៤ ពាន់​នាក់​ក្នុង​ប្រទេស​អេស្ប៉ាញ​ដែល​មាន​អាយុ​ជា​មធ្យម ៤៦ ឆ្នាំ​។ ក្រុម​អ្នក​ចូលរួម​ដែល​ទទួលទាន​ដំណេក​មិន​គ្រប់គ្រាន់​ទំនង​ជា​កើត​ជំងឺ​បេះដូង​រហូត​ដល់ ៣៤ ​ភាគរយ​បើ​ធៀប​នឹង​អ្នក​ទទួលទាន​ដំណេក​លើស​ពី ៦ ​ម៉ោង​។


វេជ្ជបណ្ឌិត Valentin Fuster ជា​និពន្ធ​នាយក​ព្រឹត្ដិបត្រ មហាវិទ្យាល័យ​បេះដូង​អាមេរិក​បាន​និយាយ​ថា​៖ «​ពិតជា​សំខាន់​ដែល​ត្រូវ​ដឹងថា ដំណេក​តិច តែ​ស្កប់ស្កល់​អាច​កាត់កង​ពី​ផលប៉ះពាល់​នៃ​ដំណេក​រយៈពេល​ខ្លី​»៕ HR