ភ្នំពេញ៖ ក្នុងស្ថានភាពដ៏លំបាកនៃវិបត្ដិកូវីដសកលនេះ ការយកចិត្តទុកដាក់ ទឹកចិត្តសប្បុរស និងការចែករំលែកមនុស្សត្រូវការជាងពេលណាៗទាំងអស់។ វិចិត្រករ ជា សិរី និងកញ្ញា អាដាណា ម៉មឡ្រឺហ្គាស ជ្រួតជ្រាបចង់ចែករំលែកក្តីសង្ឃឹម និងសាមគ្គីភាពដល់អ្នកដទៃ។
អ្នកទាំង ២ បានសម្រេចចិត្តបញ្ចូលសិល្បៈរបស់ខ្លួនទៅជាទង្វើនៃការចែករំលែកតាមរយៈពិព័រណ៍រួមគ្នាមួយក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលធ្វើការលើបញ្ហាសង្គម និងផ្លូវចិត្ត។
អ្នកស្រី ជា សិរី ឱ្យដឹងថា៖ «យើងផ្តួចផ្តើមការតាំងពិព័រណ៍នេះ ដើម្បីជាប្រយោជន៍ដល់សង្គម និងបំផុសស្មារតីសាមគ្គីភាព ហើយខ្ញុំអាចនិយាយបានថា យើងសម្រេចគ្រប់គោលដៅទាំងអស់ ទាំងការរៃអង្គាសថវិកា និងការចែករំលែកសាររបស់កម្មវិធីនេះ»។
ពិព័រណ៍ «សិល្បៈនៃការចែករំលែក» ត្រូវបានផ្ដួចផ្ដើមតាំងពីពេលដែលកូវីដកក្រើកដំបូងកាលពីដើមឆ្នាំ ២០២០។ ប៉ុន្តែដោយត្រូវការចំណាយពេលវេលាលើការគូរគំនូរនីមួយៗ និងការរៀបចំជាច្រើនទៀត ពិព័រណ៍នេះទើបបើកដំណើរការជាសាធារណៈនៅដើមឆ្នាំ ២០២១ នេះ ដោយមានគំនូរ ២២ ផ្ទាំង ដាក់តាំងនៅសារមន្ទីរស.ស.រ និងបណ្តាញសង្គម។
«អារម្មណ៍ច្របូកច្របល់» ឬ (Bewilderment) ជាគំនូរស្នាដៃរួមគ្នារបស់វិចិត្រករស្រីទាំង ២ រំលេចនូវរូបភាពផ្ទៃមេឃបាំងបិទដោយផ្ទាំងពពកអាប់អួ ដែលផ្ទុយស្រឡះរូបភាពប៉េងប៉ោងតំណាងឱ្យពិធីអបអរ។
អ្នកស្រី ជា សិរី ឱ្យដឹងថា៖ «ការឈឺចាប់ និងភាពរីករាយកើតឡើងដំណាលគ្នា តែជាអ្វីដែលយើងអាចជ្រើសរើសថា តើចង់រស់ក្នុងជីវិតបែបណា។ ពន្លឺតែងតែលេចឡើងនៅចុងបំផុតនៃផ្លូវក្រោមដី ដូចនេះអ្នកត្រូវតែមានក្ដីសង្ឃឹម និងនៅតែឈរលើភាពវិជ្ជមាន»។
កញ្ញា អាដាណា បន្ដថា៖ «យើងមានការបកស្រាយ ២ ផ្សេងគ្នា។ ប៉ុន្តែជាទូទៅ យើងចង់និយាយពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត។ ជំងឺធ្លាក់ទឹកចិត្តធ្លាប់វាយប្រហារខ្ញុំជាច្រើនឆ្នាំ។ ជំងឺមហារីកដែលខ្ញុំជួបប្រទះកាលពីប៉ុន្មានឆ្នាំមុន ពេលដែលខ្ញុំសម្រេចចិត្តប្រឈមជាមួយវាខ្ញុំទទួលបានសេរីភាព។ ខ្ញុំចាប់ផ្ដើមមើលឃើញអំពីភាពស្រស់ស្អាតដែលជីវិតផ្ដល់ឱ្យខ្ញុំ»។
ត្រឹមរយៈពេលជិត ២ ខែ ស្នាដៃគំនូរ ២១ ផ្ទាំង ត្រូវបានលក់ដាច់ ឬដាក់លក់ដេញថ្លៃ ដែលគំនូរទទួលបានការដេញថ្លៃខ្ពស់បំផុតមានតម្លៃដល់ ២២ ៥០០ ដុល្លារ គឺ «អារម្មណ៍ច្របូកច្របល់» (Bewilderment)។
ពិព័រណ៍ «សិល្បៈនៃការចែករំលែក» បានបញ្ចប់ដោយបានបន្សល់នូវទឹកប្រាក់សរុប ៦ ម៉ឺនដុល្លារ ពីការលក់គំនូរ ការលក់វត្ថុអនុស្សាវរីយ៍ ក៏ដូចជាការបរិច្ចាគរបស់សប្បុរសជន ដែលបានបង្ហាញការគាំទ្រកម្មវិធីនេះ។
ទឹកប្រាក់រៃអង្គាសទាំងនេះ ត្រូវបានប្រគល់ជូនអង្គការចំនួន ៣ កាលពីថ្ងៃទី ២៤ ខែមីនា រួមមានអង្គការមនុស្សចាស់កម្ពុជា (HelpAge) អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (TPO Cambodia) និងអង្គការបុត្តាភិបាល ដើម្បីវឌ្ឍនសង្គមកម្ពុជា (ICS-SP) ដែលប្រឈមបញ្ហាអំឡុងពេលពិភពលោកកំពុងជួបវិបត្ដិនេះ។
កញ្ញា អាដាណា កូនខ្មែរកាត់បារាំងរូបនេះ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «អង្គការកម្ពុជាភាគច្រើនពឹងផ្អែកលើជំនួយបរទេស។ ហេតុនេះពេលកូវីដចូលមកធ្វើឱ្យមានការរាំងស្ទះ។ ប៉ុន្ដែវាក៏ជាពេលវេលាល្អដែលបង្ហាញអំពីស្មារតីកូនខ្មែរឱ្យមានភាពភ្ញាក់រឭកក្រោកឈរ និងជួយគ្នាទៅវិញទៅមក»។
អាដាណា បាននិយាយពីមូលហេតុថា៖ «ពួកគាត់ជាអង្គការក្នុងស្រុក ហើយអ្វីដែលពួកគាត់ធ្វើវាទាក់ទងជាមួយអ្វីដែលយើងចង់ចែករំលែកដល់អ្នកដទៃ»។
កញ្ញាបន្ដថា អង្គការ TPO ធ្វើការទាក់ទងបញ្ហាផ្លូវចិត្ត ហើយអង្គការ HelpAge ជួយចាស់ជរា ខណៈអង្គការ ICS-SP ផ្ដោតលើការអភិវឌ្ឍភាពជាឪពុកម្ដាយ និងជួយឱ្យក្មេងធំធាត់ក្នុងបរិយាកាសមួយល្អ។
ក្រៅពីគម្រោងពិព័រណ៍រៃអង្គាសប្រាក់ជួយអង្គការទាំងនេះ សម្រាប់ឆ្នាំ ២០២១ វិចិត្រករនារីបានសន្យាថា ពួកគេព្យាយាមបង្កើតកម្មវិធីផ្សេងៗទៀត ដើម្បីបន្តជួយក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ផងដែរ។
វិចិត្រករនារី វ័យ ២៤ ឆ្នាំរូបនេះ ប្រាប់ថា ខ្លួនមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ តែគិតចង់ធ្វើទាក់ទងពីការរកមធ្យោបាយទប់ស្កាត់នៃការ រីករាលដាលជំងឺកូវីដ។
កញ្ញាលើកឡើងថា៖ «ក្នុងនាមជាប្រធាន និងជាសហស្ថាបនិកនៃ Generation C កម្ពុជា ជំងឺរាតត្បាតបានបង្ហាញពីភាពទន់ខ្សោយនៃអរិយធម៌ទំនើបរបស់យើង និងជះឥទ្ធិពលដល់សង្គមយើងនៅគ្រប់កម្រិត»។
កញ្ញាបញ្ជាក់ថា៖ «ដូចនេះយើងត្រូវត្រៀមខ្លួនសម្រាប់អនាគតហើយគ្រប់យ៉ាង ត្រូវតែចាប់ផ្តើមពីបុគ្គលម្នាក់ៗ និងតស៊ូសម្រាប់ការផ្លាស់ប្តូរថ្មី»។
វិចិត្រករស្ដ្រី ដែលពុះពារជម្នះជំងឺមហារីករូបនេះ នៅមានការងារសិល្បៈជាបន្តបន្ទាប់ ដូចជាកិច្ចសហការថ្មីជាមួយវិចិត្រករ Desmond Doyle លើគម្រោងហៅថា «See the Big Picture» ដែលមានមូលដ្ឋាននៅប្រទេសអូទ្រីស នាពេលខាងមុខ៕