ភ្នំពេញៈ ជាកន្លែងហាត់ប្រាណ សម្រកទម្ងន់បានច្រើនគីឡូដំបូងគេក្នុងប្រទេសកម្ពុជាក្លិបហាត់ប្រាណ Go Fit កំពុងទាក់ទាញអ្នកមានសាច់ទ្រលុកទ្រលន់មករាំ លោតលេងតាមចង្វាក់ភ្លេងញាក់កន្ត្រាក់អារម្មណ៍ល្អសម្រាប់សុខភាព ថែមទាំងបានរាប់អានមិត្តភក្តិថ្មីដែលបានមកហាត់ប្រាណកម្សាន្តជាមួយគ្នាផងដែរ។
អ្នកនាង ហេង ទៀង អ្នកគ្រប់គ្រងទូទៅបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «Go Fit គឺជាក្លិបហាត់ប្រាណដោយផ្តោតលើការសម្រកគីឡូគឺយើងហាត់ដោយលោតតាមចង្វាក់ភ្លេង ហើយការហាត់បែបហ្នឹងគឺសប្បាយសម្រកគីឡូលឿន ដុតជាតិខ្លាញ់បានល្អ។ ការលេងកីឡាបែបនេះគឺថ្មី ប្លែក និងអាចជួយសិស្សឲ្យគាត់កាត់បន្ថយ ការតានតឹងរបស់គាត់បានផងដែរ»។
អ្នកគ្រប់គ្រងទូទៅវ័យ ២៦ ឆ្នាំរូបនេះបានបង្ហើបប្រាប់ពីមូលហេតុនៃការបង្កើតកន្លែងហាត់ប្រាណនេះថា ដោយសារតែអ្នកនាងបានសង្កេតឃើញថា ប្រជាជនកម្ពុជាកំពុងតែប្រឈមមុខនឹងបញ្ហាលើសគីឡូខ្លាំង ហើយពួកគាត់ចង់សម្រកទម្ងន់ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយ។ រីឯមនុស្សមួយចំនួនបានធ្វើការហាត់ប្រាណ តែការសម្រកទម្ងន់បានតិចគីឡូ ដូចនេះអ្នកនាងបានសម្រេចចិត្តបង្កើត Go Fit កាលពីឆ្នាំ ២០១៧។
អ្នកនាង ទៀង បន្ថែមថា៖ «ដំបូងខ្ញុំចូលចិត្តលេងកីឡាណាស់ ហើយថ្ងៃមួយខ្ញុំបានទៅលេងតៃវ៉ាន់ ខ្ញុំបានឃើញការហាត់ចង្វាក់ហ្នឹងផ្ទាល់ ខ្ញុំគិតថាកីឡាហ្នឹងមានប្រសិទ្ធភាពខ្ពស់មែនទែន ហើយអ្នកហាត់ស្វាហាប់ណាស់ អ៊ីចឹងខ្ញុំចាប់ផ្តើមគិតថាចង់យកកីឡាហ្នឹង មកខ្មែរ ព្រោះឃើញថានៅកម្ពុជាអត់ទាន់មានអ្នកណាមានទេ ហើយខ្ញុំចាប់ផ្តើមហាត់រៀនវា ពេលខ្ញុំមកវិញ ខ្ញុំបានយកជំនាញនេះបូកជាមួយការច្នៃប្រឌិតទៀត ដើម្បីធ្វើឲ្យវាថ្មី ប្លែក ឲ្យអ្នកហាត់អារម្មណ៍ថា សប្បាយខ្លាំង»។
ការហាត់ប្រាណបែបលោតរាំនេះ (Jumping) មានភាពងាយស្រួល មិនលំបាកនោះឡើយ ទោះបីជាអ្នកដែលមិនមានបទពិសោធ ក៏អាចរៀនឆាប់ចេះ ដោយសារតែទីនេះមានអ្នកគ្រូបង្ហាញពីកាយវិការលោតរាំនៅខាងលើឆាក និងមានអ្នកបង្ហាត់ផ្សេងទៀតនៅចាំជួយបង្ហាត់ បង្រៀន ក្បែរសិស្សនៅខាងក្រោមឆាកដោយចំណាយពេល ២ ឬ ៣ ថ្ងៃសិស្សម្នាក់នឹងស៊ាំ និងតាមទាន់ចង្វាក់ភ្លេងដូចសិស្សដទៃទៀត។ កីឡានេះបានធ្វើឲ្យគ្រូ និងសិស្សកាន់តែសប្បាយជុំគ្នា និងបង្កើនមិត្តភក្តិ ស្រឡាញ់ រាប់អាន និងសាមគ្គី និងមិនមានសម្ពាធ។
បើកដំណើរកាលជិត ២ ឆ្នាំ Go Fit មានគ្រូជំនាញចំនួន ៦ នាក់ដែលបានសិក្សានៅបរទេស។ គ្រូបង្ហាត់មានគន្លឹះក្នុងការបង្ហាត់ឲ្យឈរលើតាបលោត ការលោតនឹងបង្ហាត់ពីការទប់លំនឹង។ ឧបករណ៍ដែលត្រូវបានកុម្ម៉ង់ពីបរទេសមានសភាពរឹងមាំ ស៊ូនឹងទម្ងន់រហូតដល់ ១៥០ គីឡូ។
អ្នកនាងបាននិយាយថា៖ «សិស្សមកភាគច្រើនមានគីឡូដល់ ១០០ គីឡូជាង ដំបូងពួកគាត់មានអារម្មណ៍ថា គាត់អត់អាចធ្វើវាបានទេ តែពួកយើងបានលើកទឹកចិត្តគាត់ ហើយបង្ហាត់គាត់ អ្នកខ្លះ ២ ខែអាចស្រកបាន ១០ គីឡូ ពួកគាត់អរគុណយើងគាត់ថាគាត់សប្បាយណាស់»។
អ្នកគ្រប់គ្រងទូទៅ រាងស្រលូនរូបនេះបញ្ជាក់ថា៖ «១ ថ្ងៃយើងហាត់តែមួយម៉ោងទេ ព្រោះរាងកាយមនុស្សយើង បើហាត់លើសពីហ្នឹងក៏វាទ្រាំទ្រអត់បានដែរ។ ហាត់តែ ១ ម៉ោងគ្រប់គ្រាន់ល្មមនឹងជួយដុតកាលឡូរីច្រើន ព្រោះការលោតនេះ ១៥ នាទីស្មើនឹងយើងដើរម៉ាស៊ីន ១ ម៉ោងឯណោះ» ។
ការហាត់ប្រាណសម្រាប់មនុស្សម្នាក់ក្នុង ១ ម៉ោងតម្លៃ ៤ ដុល្លារ និងក្នុង ១ ខែ តម្លៃ ៨៩ ដុល្លារ។ តែបើមានមិត្តភក្តិ ឬបងប្អូនហាត់ជាមួយតម្លៃ ៧៩ ដុល្លារក្នុង ១ ខែ។
បើកពីម៉ោង ៤ រសៀលដល់ម៉ោង ៨ យប់ដោយចែកជា ៤ វេន ក្លិប Go Fit មានទីតាំងធំទូលាយអាចផ្ទុកបានចំនួនជាង ១០០ នាក់ជាមួយទំហំជាង ៣០០ ម៉ែត្រការ៉េ និងស្ថិតនៅកែងត្រង់ផ្លូវ ៤៣០ និងផ្លូវ ៤៩៦។ ទូរស័ព្ទលេខ ០១៧ ៨៧៤ ៨៤៨ និង ០៦៩ ៨៧៤ ៨៤៨៕
វីដេអូ៖