ភ្នំពេញៈ ប្រជាជនខ្មែរភាគច្រើនគិតថាវាជាជំងឺថ្មី តែតាមការពិតជំងឺពងបែក ធ្លាប់កើតមានពីមុនៗរួចហើយមិនត្រឹមតែលើកុមារទេ សូម្បីតែមនុស្សចាស់ក៏អាចមានជំងឺនេះដែរ។
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា បានធ្វើការបង្ហាញពីជំងឺនេះថា៖ «ជំងឺពងបែក វាបង្កឡើងដោយវីរុស ២ ប្រភេទដែលគេហៅថា Coxsackie A16 និង EV71 ដែលឆ្លងតាមរយៈអាហារ ទឹករងៃរបស់អ្នកជំងឺ ផឹកទឹកមិនស្អាត និងការបណ្តោយកុមារទៅលេងកន្លែងដែលកខ្វក់។ ចំពោះកុមារដែលមាន Coxsackie A16 គឺមិនមានផលប៉ះពាល់អ្វីច្រើននោះទេ ហើយវានឹងជាសះស្បើយដោយខ្លួនឯងបាន»។
យោងតាមវេជ្ជបណ្ឌិតឯកទេសជំងឺកុមារ និងទារករូបនេះដំណាក់កាល Coxsackie A16 មិនធ្ងន់ធ្ងរនោះទេដោយដំបូងក្មេងក្តៅខ្លួនខ្លាំង ស្រៀវស្រាញ ឈឺគ្រាប់ភ្នែក ឈឺសន្លាក់ដៃជើង មិនញ៉ាំអាហារ ព្រោះតែឈឺ និងមានពងបែកក្នុងមាត់។ អាការនេះក៏អាចនឹងបាត់ទៅវិញដោយសារយើងប្រើថ្នាំបញ្ចុះកម្តៅ និងព្យាយាមងូតទឹកក្តៅឧណ្ហៗឲ្យកុមារ។
រីឯរោគសញ្ញាជំងឺពងបែកប្រភេទ EV71 វេជ្ជបណ្ឌិតបម្រើការនៅមន្ទីរពេទ្យកុមារជាតិក៏បានបញ្ជាក់ដែរថា៖ «ដំណាក់កាលទី ១ គ្រាន់តែមានពងបែកនៅលើមាត់។ ទី ២ ចាប់ផ្តើមមាននៅលើបាតដៃបាតជើង និងមាននៅគូទ។ ទី ៣ កុមារចាប់ផ្តើមដង្ហក់ វាឈានដល់ជំងឺរលាកទងសួត និងទី ៤ កុមារបាត់បង់ជីវិត ប៉ុន្តែបើសិនជាកុមារនៅមានជីវិតក៏មិនប្រក្រតីដែរ អាចនឹងឡិកឡក់ ឬសរសៃប្រសាទជាដើម។ ប៉ុន្តែកុំបារម្ភអី វាមានតែ ២ នាក់ក្នុងចំណោម ១០០ នាក់»។
លោកក៏បានផ្តាំផងដែរថាកុំដាំទឹកជាមួយស្លឹកឈើ ឬរុក្ខជាតិផ្សេងៗដែលប្រជាជនគិតថាជាថ្នាំឲ្យកុមារងូតឲ្យសោះព្រោះវាប៉ះពាល់ខ្លាំងដល់កុមារអ្នកជំងឺពងបែក។ កម្ទេចកម្ទីឫសឈើអាចបណ្តាលឲ្យមានបាក់តេរីផ្សេងៗធ្វើឲ្យសុខភាពកុមាររឹតតែយ៉ាប់។
ចំពោះវិធីព្យាបាល Coxsackie A16 លោកបន្តថា៖ «គ្រាន់តែប្រើថ្នាំបញ្ចុះកម្តៅធម្មតា កុំប្រើថ្នាំផ្សះ ប្រើថ្នាំស្វាយ ឬបេតាឌីនទៅលើដំបៅពងបែក ងូតទឹកឲ្យកុមារឲ្យបានញឹកញាប់ និងបរិភោគទឹកឲ្យបានច្រើន បន្ថែមអាហារដែលទន់ងាយញ៉ាំឲ្យកុមារទទួលទាន ដើម្បីជួយសម្រួលដល់បំពង់កកុមារកំពុងតែឈឺ»។
រីឯប្រភេទ EV71 ជាប្រភេទធ្ងន់ដោយកុមារចាប់ផ្តើមមានអាការដង្ហក់ខ្លាំងត្រូវប្រញាប់យកទៅមន្ទីរពេទ្យ ដើម្បីដាក់អុកស៊ីហ្ស៊ែនជំនួយ និងធ្វើការព្យាបាលតាមអាការជំងឺកុមារ។
ទោះមិនមានការចាក់វ៉ាក់សាំងការពារជំងឺពងបែក ប៉ុន្តែលោកវេជ្ជបណ្ឌិតណែនាំថាការការពារអាចធ្វើបានតាមរយៈការរស់នៅស្អាត បរិភោគស្អាត និងជាពិសេសពិសាទឹកស្អាត ហើយព្យាយាមនាំកុមារទៅពិនិត្យសុខភាពឲ្យបានញឹកញាប់ផងដែរ៕