តើលោកអ្នកធ្លាប់ឆ្ងល់ទេថា តើការរួមភេទប៉ុន្មានដងជាមធ្យមទើបចាត់ទុកជារឿងធម្មតា? វាជាធម្មជាតិរបស់មនុស្សដែលមិនអាចធានាថា តើគួរមានសិចប៉ុន្មានដង។
ប៉ុន្ដែវាពិតជាសំខាន់ដែលត្រូវចងចាំក្នុងចិត្ដថា ទំនាក់ទំនងស្នេហានីមួយៗមានភាពខុសប្លែកគ្នា និងតម្រូវការសិចខុសៗគ្នា។
សិចញឹកញយមិនមែនមានន័យថា សម្ព័ន្ធភាពស្នេហ៍កាន់តែស្អិតរមួតនោះទេ។ ផ្ទុយទៅវិញ ការផ្ដោតលើគុណភាពសិច ទំនាក់ទំនងរវាងអ្នក និងដៃគូ ក៏ដូចជាអ្វីដែលល្អៗសម្រាប់ទំនាក់ទំនងស្នេហារបស់ខ្លួន នោះទើបជាគុណភាពជីវិតពិតប្រាកដ។
សួរថា តើដៃគូរួមគ្រែគួរមានសិចញឹកញយប៉ុនណា?
គ្មានចម្លើយជាក់លាក់ចំពោះសំណួរនេះឡើយ តែវាជាអ្វីដែលធ្វើឱ្យលោកអ្នកមានអារម្មណ៍ចំពោះគ្នា ឬជីវិតសិចប្រកបដោយភាពជឿជាក់។
ការសិក្សាឆ្នាំ ២០១៧ មួយចុះផ្សាយក្នុងព្រឹត្ដិបត្រ Archives of Sexual Behavior ដែលស្រាវជ្រាវលើអត្ដចរឹកសិចលើមនុស្សជាង ២៦ ០០០ នាក់ ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០១៤ បានរកឃើញថា មនុស្សពេញវ័យមានសិចជាមធ្យម ៥៤ ដងក្នុងមួយឆ្នាំ ឬម្ដងក្នុងមួយសប្ដាហ៍។
វាក៏បានរកឃើញថា សម្រាប់គូស្វាមីភរិយា ចំនួននេះស្ទើរតែមានដូចគ្នា គឺ ៥១ ដងក្នុងមួយឆ្នាំ។
យ៉ាងណាមិញ សិចមានការប្រែប្រួលអាស្រ័យលើអាយុបុគ្គល ដោយមនុស្សវ័យខ្ទង់ ២០ មានសកម្មភាពសិចប្រមាណ ៨០ ដងក្នុងមួយឆ្នាំ ឬ ២,៥ ដងក្នុងមួយសប្ដាហ៍ ខណៈចំនួននេះបានធ្លាក់ចុះដល់ ២០ ដងមួយឆ្នាំ សម្រាប់បុគ្គលអាយុខ្ទង់ ៦០ ឆ្នាំ។
ចូរចងចាំថា សិចមានអត្ថន័យទូលំទូលាយ ដែលផ្ដោតលើសកម្មភាពសិចជាច្រើន។ ដូច្នេះ និយមន័យរបស់សិចអាចខុសប្លែកគ្នាទៅតាមបុគ្គលនីមួយៗ។
សិចម្ដងក្នុងមួយសប្ដាហ៍អាចជាចំនួនមធ្យម តែមិនមែនមានន័យថា វាសមល្មមចំពោះគូស្នេហ៍គ្រប់រូបឡើយ។ ស្ដេហ្វានី ហ្គឺរលិច អ្នកសិចវិទូ បាននិយាយថា៖ «ខ្ញុំបានធ្វើការជាមួយប្ដីប្រពន្ធ ដែលនិយាយតវ៉ាថា សិចម្ដងមួយសប្ដាហ៍គឺច្រើនលើសលប់ពេក ហើយអ្នកខ្លះនិយាយថា វាមិនទាន់គ្រប់គ្រាន់នោះទេ។ ដៃគូនីមួយៗកំណត់បរិមាណសិចដែលសមល្មមសម្រាប់ពួកគេ ដោយអាស្រ័យលើពួកគេផ្ទាល់»។
គ្រីស្ដេន ឡូហ្សាណូ ជាអ្នកឯកទេសព្យាបាលអាការញៀនសិច និងអាពាហ៍ពិពាហ៍គ្រួសារ បាននិយាយថា៖ «ខណៈវាអាចជាសិចតិចពេក ឬច្រើនពេក វាច្បាស់ណាស់ថា វាអាស្រ័យលើបុគ្គលនីមួយៗ។ អ្នកខ្លះនៅតែមានការពេញចិត្ដពេញថ្លើម ទោះបីជាពួកគេអត់បានរួមភេទរាប់ខែ។ ដូច្នេះ គួរផ្ដោតលើទំនាក់ទំនងផ្លូវភេទ និងអ្វីដែលធ្វើឱ្យគូស្នេហ៍នីមួយៗចូលចិត្ដ»។
កត្ដានាំឱ្យរ៉ាំងស្ទះដល់ជីវិតសិចប្រកបដោយសុខុមាលភាព
យ៉ាងណាមិញ បើលោកអ្នកមិនពេញចិត្ដជាមួយបរិមាណសិចរវាងអ្នកទាំងពីរ កត្ដាជាក់លាក់មួយចំនួន គួរតែត្រូវបានបន្ទោស។
អ្នកស្រី ហ្គឺរលិច បាននិយាយថា៖ «សិចជាបទពិសោធចម្រុះ។ សិចប្រកបដោយគុណភាពផ្ដោតលើសុខភាពផ្លូវចិត្ដ ផ្លូវកាយ និងអារម្មណ៍។ ដូច្នេះ សិចរងឥទ្ធិពលដោយសុខភាពផ្លូវចិត្ដ និងផ្លូវកាយ»។
កត្ដាខាងក្រៅមួយចំនួនដែលប៉ះពាល់ដល់ជីវិតសិចរបស់គូស្នេហ៍ រួមមាន៖ ស្ដ្រេស ដែលកើតឡើងជាទូទៅ ឬទាក់ទងនឹងចំណងស្នេហ៍តែម្ដង។ បម្រែបម្រួលរាងកាយ ដោយសារវ័យ និងបញ្ហាសុខភាព។ ដៃគូដដែលៗ ដែលធ្វើឱ្យជ្រក់ជ្រេញគ្នា។
មមាញឹកជាមួយកូនៗ ក្រុមគ្រួសារ ឬអាជីពការងារ។ អត់មានទំនាក់ទំនងគ្នាល្អ និងអត់មានភាពទាក់ទងចំពោះដៃគូជាដើម។
អ្នកស្រី ឡូហ្សាណូ បាននិយាយថា៖ «កត្ដាខុសប្លែកគ្នាទាំងនេះអាចក៏ជះឥទ្ធិពលលើភាគីជាដៃគូផងដែរ។ ជាក់ស្ដែង បើរាងកាយរបស់អ្នកប្រែប្រួលដោយប្រការណាមួយ អ្នកប្រហែលជាចាប់ផ្ដើមធ្លាក់សម្រស់។ អារម្មណ៍មិនសូវចូលចិត្ដរាងកាយកំប៉េងកំប៉ោងអាចជាដើមចមនាំឱ្យមានការដកថយចំណង់ផ្លូវភេទជាមួយដៃគូ»៕