ក្រុងហាណូយ៖ ក្នុង​អាផាតមិន​ដ៏តូច​មួយ អ្នក​ចាក់​សាក់ អ្នកស្រី ង៉ុក បាន​ចាក់​សាក់​ឱ្យ​ស្ដ្រី​ស្ថិតក្នុង​វ័យ​កណ្ដាល ដែល​ជីវិត​របស់​ពួកគេ​បាន​ជួប​ទុក្ខ​ធំ​ ដោយសារ​បញ្ហា​នៃ​ការលែងលះ និង​ជំងឺ​រួតរឹត ដោយ​នាំគ្នា​ស្វែងរក​ការព្យាបាល​ផ្លូវចិត្ដ​តាមរយៈ​ទម្រង់​សិល្បៈ​ដែល​នៅ​តែ​ជា​ស្លាកស្នាម​អាច​ទទួល​ការមាក់ងាយ​ក្នុង​សង្គម​វៀតណាម។

ថ្វីដ្បិ​តែ​សង្គម​មាន​ការផ្លាស់ប្ដូរ​យ៉ាងណា​ក៏ដោយ ក៏​សិល្បៈ​នៃ​ការចាក់​សាក់​លើ​រាងកាយ​នៅ​តែ​ត្រូវបាន​ចាត់ទុក​ថា​ជា​ឥរិយាបថ​របស់​ក្រុម​អន្ធពាល ពេស្យាចារ និង​ឧក្រិដ្ឋជន​នៅក្នុង​ប្រទេស​កុម្មុយនីស្ដ​ដ៏អភិរក្សនិយម​មួយ​នេះ។


អ្នកស្រី ង៉ុក ដែលមាន​ឈ្មោះថា «ង៉ុក ឡៃ» បាន​ប្រាប់ AFP ថា៖ «ខ្ញុំ​បាន​ជួប​ស្ដ្រី​ជាច្រើន​ដែល​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​ចូលចិត្ដ​សាក់ តែ​ពួកគេ​កើតមក​ក្នុង​វេលា​ដែល​គ្មាន​នរណា​គាំទ្រ​ខ្លួន​ឡើយ»។


ប៉ុន្ដែ​អ្នកខ្លះ​បន្ដ​ជម្នះ​នឹង​រនាំង​ប្រពៃណី ដោយ​ចាត់ទុក​ស្នាម​សាក់​លើ​រាងកាយ​ជា​ការងើប​ផុតពី​សង្គម​ដ៏តឹងរ៉ឹង ដែល​ពួកគេ​ធ្លាប់​រស់នៅ។ ការចាក់​សាក់​ជា​សម្រស់​បែប​ថ្មី​សម្រាប់​ជីវិត​ស្ដ្រី​ទាំងនេះ។


រូបភាព​ថត​នៅ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ បង្ហាញ​សកម្មភាព​សាក់​របស់​អ្នកស្រី ង៉ុក លើ​រាងកាយ​ស្ត្រី​ជា​អតិថិជន នៅ​ទីក្រុង​ហាណូយ។ AFP


អ្នកស្រី ង៉ុក អាយុ ២៨ ឆ្នាំ​បាន​និយាយថា៖ «ពួកគេ​ជម្នះ​ការភ័យខ្លាច​ចំពោះ​ការវាយតម្លៃ​ពី​សង្គម និង​ចាប់​យកក្ដី​ស្រមៃ​សម្រាប់​ពួកគេ​ក្នុង​បំណង​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ជីវិត»។


ជា​អ្នក​ទទួល​បាន​នូវ​ការអប់រំ និង​ចំណេះដឹង​ផ្នែក​ជំនួញ អ្នកស្រី ង៉ុក ធ្លាប់​ត្រូវបាន​គេ​សើចចំអក​ពេល​ចាប់ផ្ដើម​ធ្វើជា​អ្នក​ចាក់​សាក់​កាលពី​ប៉ុន្មាន​ឆ្នាំមុន។

អ្នកស្រី បាន​និយាយថា៖ «ជា​អ្នក​ចាក់​សាក់ ខ្ញុំ​ត្រូវ​ទទួល​យក​ការពិត​ថា មនុស្សម្នា​មិន​ចូលចិត្ដ​ជំនាញ​នេះ មិន​ចូលចិត្ដ​ការសិក្សា​របស់ខ្ញុំ និង​មិន​ចូលចិត្ដ​ខ្ញុំ​តែម្ដង»។

ពលរដ្ឋ​វៀតណាម​តែ ៤ ភាគរយ​ប៉ុណ្ណោះ​ដែលមាន​ស្នាម​សាក់​លើ​រាងកាយ។ នេះ​បើ​យោងតាម​ការស្ទង់មតិ​តូច​មួយ​ក្នុង​ឆ្នាំ ២០១៥ ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​វៀតណាម​ Q&Me ហើយ​នេះ​ក៏​ជា​ទិន្នន័យ​ថ្មី និង​ចុងក្រោយ​បំផុត​ផង​ដែរ។

អ្នកស្រី ង៉ុក កំពុង​ផ្ចិតផ្ចង់​សាក់​រូប​ដល់​អតិថិជន​នៅ​ក្រុង​ហាណូយ។ AFP

ការស្រាវជ្រាវ​នេះ​ក៏បាន​បង្ហាញថា ប្រជាជន ២៥ ភាគរយ​មាន​អារម្មណ៍​ភ័យខ្លាច ពេល​ឃើញ​ស្នាម​សាក់។

ប៉ុន្ដែ​សម្រាប់​អ្នកស្រី ត្រាន់ ហាង្វៀង ជា​គ្រូ​វិទ្យាល័យ​ម្នាក់ ការចាក់​សាក់​គឺជា​ការអបអរ​ក្រោយ​ការលែងលះ​ពី​ស្វាមី​ដ៏ចាស់​គំរឹល។

អ្នកស្រី​បាន​រំឭក​ថា៖ «អតីត​ស្វាមី​ខ្ញុំ​តែងតែ​ជំទាស់​នឹង​ការចាក់​សាក់​របស់​ខ្ញុំ។ ប៉ុន្ដែ​ខ្ញុំ​មិន​ខ្លាច​បាត់បង់​ការងារ​នោះទេ បើ​ខ្ញុំ​មាន​ស្នាម​សាក់​លើ​ខ្លួន​នោះ»។

ក្រោយពី​លែងលះ ស្ដ្រី​វ័យ ៤១ ឆ្នាំ​រូបនេះ​បាន​ប្រាប់ AFP ថា អ្នកស្រី​ចង់​ដាច់​ស្រឡះ​ពី​ជីវិត​អតីតកាល និង​ធ្វើអ្វីៗ​ដែល​ខ្លួន​មិន​ហ៊ាន​ធ្វើ​ពី​មុន​មក។

អតិថិជន​ជា​នារី​វៀតណាម ដែល​មាន​ចំណូល​មធ្យម ៥០០ ដុល្លារ​ក្នុង ១ ខែ តែ​ហ៊ាន​ចំណាយ​ខ្ពស់​លើ​សេវាកម្ម​សាក់។ AFP

អ្នកស្រី​បាន​ជ្រើសរើស​ស្នាមសាក់​ផ្កាឈូក​នៅលើ​ភ្លៅ ដែល​ល្មម​គ្មាន​នរណា​អាច​មើលឃើញ លុះត្រាតែ​អ្នកស្រី​ជម្រុះ​ខោអាវ​អស់ បន្សល់​នៅតែ​ឈុត​ខោអាវ​ក្នុង។

អ្នកស្រី ង្វៀង បានឱ្យ​ដឹងថា៖ «វា​គ្រាន់តែ​ជា​ស្នាមសាក់​តូច​មួយ​ប៉ុណ្ណោះ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​រកឃើញ​ជីវិត​ខ្លួនឯង​ដ៏​ពិតប្រាកដ»។

អ្នកស្រី ង៉ុក បានសម្រេច​ចិត្ដ​ផ្ដោតលើ​ការងារ​ចាក់​សាក់​ចំពោះ​ស្ដ្រី​ដែលមាន​ស្នាម​សម្លាក​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ដ។ ការចាក់​សាក់​កំពុង​មាន​តម្រូវការ​ខ្ពស់ ហើយ​អ្នកស្រី​មាន​កាលវិភាគ​ណាត់​ជួបពេញ។

អតិថិជន​របស់​អ្នកស្រី​ក្នុង​ក្រុង​ហាណូយ ជា​ទី​ដែល​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម ៥០០ ដុល្លារ​ក្នុង ១ ខែ តែងតែ​មាន​បំណង​ចំណាយ​ប្រាក់​ទ្វេដង​លើ​ការចាក់​សាក់​រាងកាយ ដើម្បី​បិទបាំង​ស្នាម​សម្លាក ស្លាម​វះកាត់ និង​ដាន​វិបត្តិ​ផ្លូវចិត្ត​នានា៕ HR

សកម្មភាព​សាក់ និង​លាបថ្នាំ ត្រូវ​បាន​ធ្វើ​លើ​លើ​អតិថិជន​ជា​នារី​វៀតណាម ដែល​ស្វែងរក​សេវាកម្ម​សាក់​រូប ដើម្បី​បំបាត់​ស្លាម​ស្នាម សម្លាក ឬ​វិបត្តិ​ផ្លូវចិត្ត។ AFP

ស្ត្រី​វៀតណាម​មួយចំនួន ប្រើប្រាស់​ស្នាមសាក់ ដើម្បី​លើក​ទឹកចិត្ត​ខ្លួនឯង ពី​ទុក្ខសោក ឬ​វិបត្តិ។ AFP