ក្រុងឡុងដ៍: ស្ដ្រីចំណាស់ទំនងជាអាចកាត់បន្ថយហានិភ័យជំងឺពុកឆ្អឹងដោយគ្រាន់តែលោតហាត់ប្រាណតិចៗ ៦ នាទីរៀងរាល់សប្ដាហ៍។
ការលោតហក់លើដី ឬលើប្រអប់ជាប្រភេទកីឡាដែលក្រុមអ្នកវិទ្យាសាស្ដ្រថា វាមានថាមពលគ្រប់ល្មម និងពង្រឹងសមត្ថភាពជើងក៏ដូចជាសាច់ដុំភ្លៅដើម្បីការពារបញ្ហាសឹកឆ្អឹងដែលរមែងកើតឡើងពេលចម្រើនវ័យចាស់។
វេជ្ជបណ្ឌិត ហ្គាល់លីន ម៉ុងហ្គូមេរី មកពីសាកលវិទ្យាល័យទីក្រុងមេនឆេស្ទ័រ ដែលធ្វើតេស្ដលើលំហាត់ប្រាណចំពោះស្ដ្រី ១៤ នាក់ក្នុងវ័យខ្ទង់ ៥០ ឆ្នាំបាននិយាយថា៖ «ចលនាទាំងនេះពិតជាងាយស្រួល និងអាចហាត់នៅក្នុងផ្ទះបាន។ ធម្មតាការដើរហាត់ប្រាណនៅមិនទាន់គ្រប់គ្រាន់ចំពោះសុខភាពឆ្អឹងនោះទេ ហើយយើងរំពឹងថាចលនានេះលើកទឹកចិត្ដដល់ស្ដ្រីកាន់តែច្រើនធ្វើលំហាត់ប្រាណដ៏ត្រឹមត្រូវ»។
ស្ដ្រីក្នុងការសិក្សានេះទទួលបានលទ្ធផលដ៏ល្អពីការធ្វើចលនាលោតហក់តិចៗ ដោយការគ្រវីដៃឡើងលើ និងលោតចុះក្រោម។ ពួកគេក៏បានលោតចុះឡើងលើប្រអប់កម្ពស់ ២ តឹក និងលោតលំនឹងកែងជើងដែលធ្វើចលនាលើចុងជើងចំទើតខ្ពស់មុនពេលទម្លាក់កែងជើងវិញ។
ជាមួយកម្លាំងសម្ពាធលើសាច់ដុំស្ដ្រីដែលវាស់វែងដោយអគ្គិសនីវិភាគ គេជឿថាវាគ្រប់គ្រាន់ក្នុងការពង្រឹងឆ្អឹង។
វេជ្ជបណ្ឌិត ម៉ុងហ្គូមេរី បាននិយាយថា ប្រសិទ្ធភាពនៃលំហាត់ប្រាណស្មើនឹងការទទួលកំហាប់រ៉ែឆ្អឹងប្រមាណ ២ ភាគរយក្នុង ១ ឆ្នាំដែលអាចគ្រប់គ្រាន់ក្នុងការទប់ទល់នឹងជំងឺពុកឆ្អឹងនៅវ័យជ្រេ៕ HR