ក្រុងញូវយ៉ក: ឱសថបំប៉នរមែងត្រូវបានទទួលទានដោយអ្នកប្រាថ្នាសុខភាពល្អជាមួយក្ដីសង្ឃឹមបន្ថែមអាយុកាន់តែយឺនយូរ។ ប៉ុន្ដែការសិក្សាមួយរកឃើញថា ការទទួលទានឱសថបំប៉នមានប្រសិទ្ធភាពតិចតួចបំផុត ហើយមានតែជីវជាតិបំប៉នក្នុងអាហារទេដែលអាចកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត។
ជាក់ស្ដែងឱសថបំប៉នមួយចំនួនដូចជា សារធាតុកាល់ស្យូម និងវីតាមីន D មានទំនាក់ទំនងជាមួយហានិភ័យខ្ពស់នៃជំងឺមហារីក។ ក្រុមអ្នកជំនាញលើកឡើងថា លទ្ធផលនៃការរកឃើញនេះបានបន្ថែមភ័ស្ដុតាងកាន់តែច្រើន ដែលឱសថបំប៉នមិនអាចត្រូវបានប្រើជា «ខែលការពារ» ឡើយ ហើយរបបអាហារ និងរបៀបរបបរស់នៅគឺជាកត្ដាចម្បងគ្រប់គ្រងសុខុមាលភាព។
ការសិក្សាដែលផ្ដោតលើទិន្នន័យពីពលរដ្ឋអាមេរិកជាង ២៧០០០ នាក់ រកឃើញថាជីវជាតិបំប៉នមួយចំនួនក្នុងរបបអាហារ តែមិនមែនឱសថបំប៉ន អាចជួយកាត់បន្ថយហានិភ័យមរណភាពបង្កពីគ្រប់បញ្ហា និងមហារីក។
ក្រុមអ្នកស្រាវជ្រាវមកពី Tufts University ធ្វើការប្រៀបធៀបការទទួលទានជីវជាតិអាហារចម្រុះជាមួយអត្រាមរណៈកើតឡើងពីកត្ដាផ្សេងៗ ជំងឺសរសៃឈាមបេះដូង និងមហារីក។
ពួកគេបានបង្ហាញថាការទទួលទានវីតាមីន A និង K គ្រប់គ្រាន់ព្រមទាំង ម៉ាញ៉េស្យូម និងស័ង្កសី បន្ថយគ្រោះថ្នាក់មរណភាព។ ប៉ុន្ដែវាមានប្រសិទ្ធភាពចំពោះជីវជាតិក្នុងរបបអាហារត្រឹមត្រូវ មិនមែនឱសថបំប៉នឡើយ។
មនុស្សអាចជួបគ្រោះថ្នាក់ដោយការទទួលទានឱសថបំប៉នកាល់ស្យូមហួសកម្រិតដល់ជាង ១ ពាន់មីល្លីក្រាមក្នុង ១ ថ្ងៃ៕ HR