ភ្នំពេញ៖ ជំនួសឲ្យការរៀបតុអង្គុយជាជួរជាប់ៗគ្នា ឬជារង្វង់សម្រាប់ឲ្យសិស្សអង្គុយជុំគ្នាជាមួយការប្រើប្រាស់សម្ភារសិក្សារួមនៅពេលតែមួយ កុមារដែលអង្គុយចំណាំទីតាំងរៀងៗខ្លួនក្នុងបន្ទប់នៃសាលាអប់រំពិសេស KCPS ត្រូវបានខណ្ឌចែកដាច់ដោយឡែកពីគ្នា។ ចំពោះសៀវភៅបែបរូបភាព និងឧបករណ៍លេងបង្កើនប្រាជ្ញាជាច្រើន វាមិនខុសពីសម្ភារសិក្សារបស់កុមារទូទៅទេ។ ប៉ុន្ដែអ្វី ដែលខុសប្លែក ពួកគេត្រូវមានជំនួយការចាំជួយសម្រួលដល់កិច្ចការអាន និងសរសេរដោយយកចិត្ដទុកដាក់បំផុត។
ដោយមើលឃើញពីការកើនឡើងគួរឲ្យកត់សម្គាល់ និងក្ដីកង្វល់របស់ឪពុកម្ដាយចំពោះកូនដែលពិការភាពអូទីសឹម អ្នកផ្ដល់ប្រឹក្សាផ្នែកចិត្ដវិទ្យា បង្កើតសាលាអប់រំពិសេស សេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ដតាមបែបចិត្ដសាស្ដ្រ (KCPS) ដើម្បីជួយដល់ការអភិវឌ្ឍខួរក្បាលកុមារ សម្រាប់អាណាព្យាបាលមានជីវភាពធូរធារ។
លោក ហឿ សេថុល ជាស្ថាបនិកសាលា KCPS បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំគឺជាអ្នកឯកទេសខាងជំងឺផ្លូវចិត្តស្រាប់ ហើយខ្ញុំមានបទពិសោធក្នុងការងារនេះរយៈពេលជាង ២០ ឆ្នាំមកហើយដែរ និងបើកគ្លីនិកព្យាបាល និងពិភាក្សាផ្នែកជំងឺផ្លូវចិត្តនៅឆ្នាំ ២០១៣។ ក្រោយមកដោយសារកំណើននៃកុមារ អូទីសឹម និងតម្រូវការរបស់ឪពុកម្តាយត្រូវការសេវាកម្មនេះ (សាលាបង្រៀនកុមារអូទីសឹម) អ៊ីចឹងខ្ញុំសម្រេចបើកសាលានេះ»។
លោកបានឲ្យដឹងថា អូទីសឹម មិនត្រូវបានចាត់ទុកជាជំងឺទេ ដោយអ្នកឯកទេសចាត់ទុកជាប្រភេទពិការភាពពីកំណើត ទាក់ទងនឹងអាកប្បកិរិយា ទំនាក់ទំនងក្នុងសង្គម និងការប្រើប្រាស់ភាសា។ លោកបន្ដថា អូទីសឹមត្រូវបានអ្នកជំនាញសិក្សាស្រាវជ្រាវមកថា វាពាក់ព័ន្ធនឹងការវិវឌ្ឍខុសប្រក្រតីរបស់ខួរក្បាលតូច ក្នុងវេជ្ជសាស្រ្តនៃភាសាខ្មែរហៅថា «បាតខួរក្បាល»។
លោក សេថុល បាននិយាយថា៖ «ឧបសគ្គនៃការរីកលូតលាស់របស់កុមារអូទីសឹម មាន ៣ ចំណុចសំខាន់ៗ។ វាទាក់ទងនឹងសមត្ថភាពទំនាក់ទំនងក្នុងសង្គមដោយកុមារបានបាត់បង់នូវលទ្ធភាពនៃការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃនៅជុំវិញខ្លួន មិនយល់ពីសកម្មភាពរបស់អ្នកនៅជុំវិញខ្លួនថា កំពុងធ្វើអ្វី ចូលចិត្តធ្វើអ្វីតែម្នាក់ឯង និងមិនអាចលេងជាមួយក្មេងធម្មតាបាន»។
លោកបន្ដថា៖ «ចំណុចទី២ ខ្សោយខាងភាសានិយាយ ឬអាចបាត់បង់ភាសាតែម្តង ហើយមួយទៀតអាចនិយាយបានច្រើន ប៉ុន្តែមិនអាចរៀបឃ្លាក្នុងការសន្ទនាជាមួយអ្នកដទៃបាន ព្រមទាំងកុមារខ្លះអាចត្រឹមតែបញ្ចេញសំឡេង (អឹ អឺ អូ) តែមិនអាចមានភាសា។ ចំណុចទី៣ កុមារមានបញ្ហាលើអាកប្បកិរិយា។ បានន័យថា ក្មេងអាចឆាប់មួម៉ៅ ច្រងេងច្រងាង ដើរចំទើត ឬមិនអាចផ្ចង់អារម្មណ៍ធ្វើអ្វីមួយបាន ខណៈកុមារខ្លះទៀតសកម្មខ្លាំងរហូតដល់សម្រាកតែពេលគេងលក់»។
មានកត្តារួមបង្ហាញពីអាការផ្សេងទៀត ដូចជា ញាណ (ស្បែក អណ្តាត ច្រមុះ ភ្នែក ត្រចៀក) របស់កុមារខ្សោយ។ វាមានន័យថា វាអាចទាក់ទងនឹងភ្នែក កុមារពិបាកក្នុងការសម្លឹងមើលអ្នកនៅជុំវិញខ្លួន ឬវត្ថុអ្វីមួយ។ ចំពោះអណ្តាត មានបញ្ហាខាងរសជាតិ ដោយកុមារអាចពិបាកទទួលដឹងនូវរសជាតិនៃអាហារ ឬអាចបាត់បង់នូវរសជាតិទាំងស្រុងតែម្តង។ ស្បែក កុមារអាចមានប្រតិកម្មខ្លាំងទៅលើរាងកាយ សូម្បីតែការប៉ះពាល់បន្តិចបន្តួច ដូចជា ការអង្អែលក៏អាចធ្វើឲ្យកុមារមានអារម្មណ៍ថាឈឺ ឬសង្កៀរ ហើយកុមារខ្លះទៀតអាចនឹងមិនដឹងឈឺទាល់តែសោះ បើទោះបីជាប៉ះជាមួយរបស់រឹងដូចជាតុ ឬទូរហូតដល់ចេញឈាមក៏ដោយ។
អ្នកឯកទេសចិត្ដវិទ្យារូបនេះ បានលើកឡើងថា កុមារកើតបញ្ហាអូទីសឹម អាចបណ្តាលមកពីមូលហេតុធំៗ ២ គឺ កត្តាតំណពូជ និងកត្ដាបម្រែបម្រួលសរីរាង្គ។
លោក សេថុល ជាអ្នកជំនាញចិត្តសាស្ត្រខាងពិគ្រោះយោបល់ផ្លូវចិត្ត បញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ពីប្រទេស ហ្វីលីពីន បានបង្ហាញពីការបង្រៀនកុមារអូទីសឹមថា៖ «យើងពិបាកនិយាយណាស់ថា ការសិក្សាស្របតាមកម្មវិធីសិក្សាមួយណាឲ្យជាក់លាក់។ នៅទីនេះ យើងមានការញែករវាងក្មេងមានអាការកម្រិតស្រាលដែលមានទំនាក់ទំនងជាមួយអ្នកដទៃ យើងឲ្យគាត់នៅមួយក្រុមកុមារដែលមិនមានភាសា តែអាចដើរមករកយើងពេលយើងហៅ។ មួយក្រុមទៀត កុមារមិនមានទំនាក់ទំនងអ្វីទាំងអស់ ពេលមកដល់សាលាគាត់ដើរចុះដើរឡើង និងមិនលេងជាមួយក្មេងដទៃ»។
លោកថា៖ «ខ្ញុំខ្លួនឯងពិតជាសប្បាយចិត្តនូវពេលឪពុកម្តាយនិយាយមកកាន់ខ្ញុំថា កូនគាត់ប្លែកជាងមុន ចេះសន្ទនាជាមួយគាត់បានច្រើនជាងមុន ចេះដឹងក្រោកពីព្រឹករៀបចំខ្លួនមកសាលារៀន ចេះនិយាយថា Good bye ពេលមកសាលារៀន និងជម្រាបសួរពេលត្រឡប់មកផ្ទះវិញ»។
KCPS បង្រៀនមួយវេនមានតម្លៃ ២៥០ ដុល្លារ ក្នុងមួយខែ និងពេញ ៤៥០ ដុល្លារ៕