ក្រុង​ហ្សាការតា៖ ​ស្ដ្រី​​ឥណ្ឌូនេស៊ី មីណា វ៉ាទី ធ្លាប់​បរិភោគ​បាយ​មិន​លស់​មួយ​ពេល តែ​ដោយសារ​បញ្ហា​ជំងឺ​ទឹក​នោម​ផ្អែម​​បាន​បង្ខំ​ចិត្ដ​ឲ្យ​ស្ត្រី​រូប​នេះ​ចូលរួម​ចលនា​ដ៏​កំពុង​ពេញ​​និយម​ ដែល​ត្រូវ​បោះបង់​អាហារ​មូលដ្ឋាន​​ចោល​ក្នុង​ប្រទេស​ទទួល​ទាន​បាយ​ច្រើន​បំផុត​លំដាប់​ទី ៣ ក្នុង​ពិភព​លោក​។

ខណៈ​ទិវា​ទឹក​នោម​ផ្អែម​ពិភព​​លោក​ទើប​តែ​ត្រូវ​បាន​ប្រារព្ធ​ឡើង ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កំពុង​ពុះពារ​នឹង​ជំងឺ​ដែល​កើត​លើ​មនុស្ស​ប្រមាណ ២០ លាន​នាក់ ​ក្នុង​ចំណោម​ប្រជាជន​សរុប ២៦០ លាន​នាក់​ និង​បាន​ក្លាយ​ជា​មច្ចុរាជ​មហា​ប្រល័យ​មួយ​បន្ទាប់​ពី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​បេះដូង​។


ប៉ុន្ដែ​ការ​កាត់​ទម្លាប់​ញ៉ាំ​​​បាយ​មិន​មែន​ជា​កិច្ចការ​ងាយ​ស្រួល​ឡើយ​ ដោយ​ម្ហូប​ចំណូល​ចិត្ដ​ពលរដ្ឋ​ឥណ្ឌូនេស៊ី​គឺ ណាស៊ី​ហ្គូរ៉េង (បាយ​ឆា​ចម្រុះ​)​ ដែល​ត្រូវ​បាន​ដាក់​លក់​គ្រប់​កន្លែង​​។


អ្នកស្រី មីណា​វ៉ាទី អាយុ ៣៤ ឆ្នាំ ​​បាន​និយាយ​ថា​៖ «​នៅ​​សប្ដាហ៍​ទី ​១ ដែល​ចាប់​ផ្ដើម​អត់​ទទួល​ទាន​បាយ​ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ដូច​ត្រូវ​ខ្មោច​សន្ថិត​អ៊ីចឹង​។ ប៉ុន្ដែ​ពេល​នេះ តម​បាន ​៤ ខែ​ទៅ​ហើយ ខ្ញុំ​មិន​អាច​វិល​ទៅ​កាន់​តុ​បាយ​វិញ​ឡើយ​»។


ទម្លាប់ញ៉ាំ​អាហារ​មិនមែន​ជាបាយ​ត្រូវបាន​ជំរុញ ដើម្បីកាត់បន្ថយអត្រា​ទឹកនោម​ផ្អែម។ រូបថត FP


បញ្ហា​ស្មុគស្មាញ​ចំពោះ​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​ប៉ះពាល់​ដល់​មនុស្ស​ប្រមាណ ៤២៥ លាន​នាក់ ​ទូទាំង​សកល​លោក អាច​ឈាន​ដល់​បញ្ហា​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ខ្វាក់​ភ្នែក និង​បាត់បង់​អវយវៈ​ថែម​ទៀត​។


អ្នក​ជំងឺ​ភាគ​ច្រើន​ទូទាំង​ពិភព​លោក ​គឺ​ជា​បុគ្គល​​ស្ថិត​មាន​ជីវភាព​ទាប និង​មធ្យម ដូចជា ប្រទេស ​ឥណ្ឌូនេស៊ី ​​ជា​ដើម​។

បាយ​ផ្ទុក​សារធាតុ​​សរសៃ​ (ហ្វៃប៊័រ) និង​វីតាមីន​​ចម្បង​នានា​។ ប៉ុន្ដែ​របប​អាហារ​អតុល្យភាព ​ដែល​ពឹង​អាស្រ័យ​ទាំង​ស្រុង​លើ​គ្រាប់​អង្ករ បាន​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​កំពុង​កើន​ឡើង​ ដោយសារ​វា​បាន​បង្កើន​ជាតិ​ស្ករ​ខ្ពស់​។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ​។

គោល​នយោបាយ​​​ឥណ្ឌូនេស៊ី​​​បាន​យក​​អង្ករ​ជា​​អាហារ​ចម្បង​​ដែល​ពលរដ្ឋ​ក្នុង​ប្រជុំ​កោះ​លែង​សូវ​ទទួល​ទាន​ទូលំទូលាយ​​។ ប្រជាជន​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន​ទទួល​ទាន​​បាយ​ក្នុង​អត្រា​​ស្ទើរ​តែ ៣ ដង ​នៃ​អត្រា​ទូទាំង​សកល​លោក​ ដែល​ក្នុង ​១ ​ឆ្នាំ​​ ៥៣ គីឡូក្រាម​។

ជនជាតិឥណ្ឌូនេស៊ី​ ២០លាន​នាក់​​​ ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​។ រូបថត AFP

ពេល​នេះ ឥណ្ឌូនេស៊ី​កំពុង​ព្យាយាម​បញ្ច្រាស​គោល​នយោបាយ​អាយុ​កាល​ជា​ច្រើន​ទសវត្សរ៍​ ដោយ​ណែនាំ​​ពលរដ្ឋ​​កាត់​​បន្ថយ​ការ​ទទួល​ទាន​បាយ​ តែ​ក្រុម​មន្ដ្រី​ទទួល​ស្គាល់​ថា វិធានការ​នេះ​ត្រូវ​ការ​ពេល​ជា​ច្រើន​ទសវត្សរ៍​ទៀត​។

Agung Hendriadi ប្រធាន​ទីភ្នាក់ងារ​ទ្រទ្រង់​ស្បៀង​អាហារ​​របស់​ក្រសួង​កសិកម្ម​បាន​និយាយ​​​ថា​៖ «​យើង​កំពុង​លើក​ទឹក​ចិត្ដ​ដល់​ពលរដ្ឋ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ ដែល​គិត​ថា​បាយ​ជា​ធនធាន​តែ​មួយ​គត់​នៃ​សារធាតុ​អាបោនអ៊ីដ្រាត​ ព្រោះ​​យើង​នៅ​មាន​ស្បៀង​អាហារ​គោល​ជា​ច្រើន​ទៀត​»។

ការ​លក់​របប​អាហារ​មិន​មែន​ជា​បាយ​ដល់​ពលរដ្ឋ​ឥណ្ឌូនេស៊ី​​រាប់​លាន​នាក់ ប្រាកដ​​ជា​កិច្ច​ការ​​ដ៏​សែន​លំបាក​ ទោះបី​ជា​វា​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក្រាស់​ក្រែល​យ៉ាង​ណា​ក៏​ដោយ​។

មេនត្រារី រ៉ាមេន ជា​ពលរដ្ឋ​លើ​កោះ​បាលី បាន​និយាយ​ថា៖ «​ខ្ញុំ​ព្យាយាម​ញ៉ាំ​ម្ហូបម្ហា​ផ្សេងៗ​ ​មិន​មែន​ជា​បាយ ​ច្រើន​លើក​ច្រើន​សា តែ​ខ្ញុំ​បរាជ័យ​។ ជាតិ​ជា​ឥណ្ឌូនេស៊ី អណ្ដាត​របស់​ខ្ញុំ​មិន​អាច​អត់​បាយ​​បាន​ឡើយ​»៕ AFP/HR