Microsoft ចេញ​លក់ Surface Pro ស៊េរី​ថ្មី


20140522_16b
កុំព្យូទ័រថេបភ្លីត Surface Pro 3 ដែលទើបប្រកាសចេញលក់ bloomberg

ក្រុង​ញូវយ៉កៈ ក្រុមហ៊ុន Microsoft បាន​ដាក់​បង្ហាញ​កុំព្យូទ័រ​ថេបភ្លីត Surface Pro ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ដែល​ត្រូវ​បាន​រចនា​ឡើង​ជា​កុំព្យូទ័រ​អាច​បំពេញ​មុខងារ​បាន​គ្រប់​យ៉ាង​ជំនួស​ឲ្យ​កុំព្យូទ័រ​យួរ​ដៃ។

កុំព្យូទ័រ​ថេបភ្លីត Surface Pro 3 ត្រូវ​បាន​គេ​សរសើរ​ថា​មាន​រាង​កាន់​តែ​ស្តើង អេក្រង់​កាន់​តែ​ធំ និង​មាន​លក្ខណ​ពិសេស​ជាង​កុំព្យូទ័រ​ស៊េរី​ចាស់​ហើយ​ជា​ទីពេញ​និយម​ចំពោះ​អ្នក​ដែល​មាន​បំណង​ប្រើ​ប្រាស់​វា​ដើម្បី​ធ្វើ​ការ និង​កម្សាន្ត។

លោក Satya Nadella ប្រធាន​ក្រុមហ៊ុន Microsoft បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្តល់​ព័ត៌មាន​មួយ​នៅ ទីក្រុង​ញូវយ៉ក ថា៖ «យើង​ចង់​បាន​ផលិតផល និង​បច្ចេកវិទ្យា​ដែល​ផ្តល់​លទ្ធភាព​ឲ្យ​មនុស្ស​ស្រមើ​ស្រមៃ នឹង​ទទួល​បាន​អ្វី​ដែល​ស្រមើ​ស្រមៃ​នោះ»។

កុំព្យូទ័រ​ថេបភ្លីត Pro 3 មាន​អេក្រង់​ទំហំ ១២ អ៊ិញ (៣០,៥ សង់ទីម៉ែត្រ) ផ្តល់​រូបភាព​ច្បាស់​ល្អ មាន​ទម្ងន់ ៨០០ ក្រាម និង​មាន​រាង​ស្តើង​ជាង​មុន ១ ភាគ ៣ អ៊ិញ (០,៩ សង់ទីម៉ែត្រ)។

កុំព្យូទ័រ​ថេបភ្លីត​នេះ មាន​ស្រោម​ក្តារ​ឆ្នុក​ដែល​មាន​ពាណិជ្ជ​សញ្ញា Surface តែ​អាច​បត់​បែន​បាន ដោយ​ផ្តល់​លទ្ធភាព​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដាក់​កុំព្យូទ័រ​នេះ​ទ្រេត​តាម​តម្រូវ​ការ​ដែល​ខ្លួន​ចង់​បាន និង​អាច​ធ្វើ​ជា​ទម្រ​ដ៏​រឹងមាំ​សម្រាប់​កុំព្យូទ័រ​ថេបភ្លីត​នេះ នៅ​ពេល​ដែល​ត្រូវ​ប្រើ​ប្រាស់​នៅ​លើ​ភ្លៅ​របស់​អ្នក​ប្រើ​ប្រាស់។

កុំព្យូទ័រ​ថេបភ្លីត​នេះ​ក៏​មាន​ប៊ិក​មួយ​ដើម​ដែល​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បើក​ឬ​បិទ​កុំព្យូទ័រ Pro 3 ជា​លក្ខណៈ​តេឡេ​បញ្ជា​ផង​ដែរ ឬ​ដើម្បី​សរសេរ​លើ​កុំព្យូទ័រ​នៅ​ពេល​ដែល​គេ​ប្រើ​ប្រាស់​វា​ជា​សៀវភៅ​កត់ត្រា៕ BP

ព័ត៌មានថ្មីៗ