ភ្នំពេញ: កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​សន្និបាត​ធនាគារ​អាស៊ាន​លើក​ទី​ ២២ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធនាគារ​អាស៊ាន​លើក​ទី​ ៤៩ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចសហប្រិតិបត្តិការ​ក្នុង​វិស័យ​ធនាគារ​ជាមួយ​បណ្តាញ​សមាជិក ASEAN​។ នេះ​បើតាម​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​។

កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៥ ដល់​ថ្ងៃទី​ ២៧ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ ដោយមាន​ការចូលរួម​ពី​វិនិយោគិន និង​អ្នក​ក្នុង​វិស័យ​ធនាគារ​ជាង​ ៤០០ ​នាក់​។ កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំ​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​។


លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​រៀងរាល់​ ២ ​ឆ្នាំ​ម្តង​ដែលជា​លើក​ទី​ ១ ​របស់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឆ្នាំនេះ​។


កិច្ចប្រជុំ​ឆ្នាំនេះ ក្រោម​ប្រធានបទ «​ការតភ្ជាប់​សមាគម​អាស៊ាន​ត្រឹម​ឆ្នាំ​ ២០២៥ ​ស្តីពី​ពិភពលោក​ថ្មី​នៃ​នវានុវត្តភាព​បច្ចេកវិទ្យា​សម្រាប់​វិស័យ​ធនាគារ​អាស៊ាន​តែមួយ​»​។ នេះ​បើ​តាម​លោក អ៊ិន ចាន់នី​។


លោក​បន្ថែមថា ទាក់ទង​នឹង​ប្រធានបទ​នេះ​គេ​នឹង​លើកឡើង​អំពី​ការទូទាត់​សាច់ប្រាក់​ក្នុង​វិស័យ​ធនាគារ​នៅក្នុង​ប្រទេស​ជា​សមាជិក ASEAN​។ លោក​ថ្លែងថា​៖ «​សម្រាប់​កម្ពុជា​គ្រោង​នឹង​លើកឡើង​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ការទូទាត់​លក្ខណៈ​សកល​តាម​បច្ចេកវិទ្យា និង​បទប្បញ្ញត្តិ​ជាដើម​»​។


លោក​បន្តថា បន្ទាប់ពី​កិច្ចប្រជុំ​នេះ​កម្ពុជា​ក៏​នឹង​រៀបចំ​ក្រុមប្រឹក្សា​ធនាគារ​អាស៊ាន​លើក​ទី​ ៤៩ ជា​លើក​ទី​ ២ ​ហើយ​ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ត្រូវបាន​គេ​រៀបចំ​ឡើង​រាល់​ឆ្នាំ​។


លោក​ថ្លែងថា​៖ «​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ក្របខ័ណ្ឌ​អាស៊ាន គឺ​ការពង្រឹង​ទំនាក់ទំនង​ក្នុង​វិស័យ​ធនាគារ​នៅ​តំបន់​អាស៊ាន ដែល​វិស័យនេះ​មានការ​គាំទ្រ​ហិរញ្ញប្បទាន​គ្នា​ទៅវិញទៅមក ហើយ​ចំពោះ​ប្រទេសជាតិ​គេ​នឹង​ឃើញ​ពី​ភាពរីកចម្រើន ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ការទាក់ទាញ​វិយោគិន​»៕LA