ភ្នំពេញ: ប្រទេស​ កម្ពុជា​ បាន​នាំចូល​ត្បូង​មាន​តម្លៃ​ជាង​ ៩៦ ​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៦ ​ខែ​ ឆ្នាំ ២០១៩​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​ កម្ពុជា​បាន​នាំចូល​ត្បូងថ្ម​មាន​តម្លៃ​ $៩៦,២៤ ​លាន​ដុល្លារ​ ក្នុង​រយៈពេល ៦ ​ខែ ឆ្នាំ​ ២០១៩ ​នេះ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ប្រទេស​ដែល​កម្ពុជា​នាំចូល​ភាគច្រើន​នោះ​។


ប្រទេស​ កម្ពុជា​ ភាគច្រើន​នាំចូល​ត្បូង និង​គ្រឿងអលង្ការ​ពី​ហុងកុង និង​ថៃ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​កាលពី​លើក​មុន​។


យោងតាម​សេចក្តី​រាយការណ៍​របស់​កាសែត The Nation របស់​ថៃ ប្រទេស​ ថៃ​ បាន​នាំចេញ​ត្បូង និង​គ្រឿងអលង្ការ​ភាគច្រើន​មក​ប្រទេស​ កម្ពុជា​។ របាយការណ៍​បង្ហាញថា ការនាំចេញ​របស់​ថៃ​មក​កម្ពុជា​បាន​កើនឡើង ១៣៧ ​ភាគរយ​ ក្នុង​ចំណោម​ការនាំចេញ​ត្បូង និង​គ្រឿងអលង្ការ​សរុប​ជាង ១១,៤៥២ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​ឆ្នាំនេះ​។


តាម​លោក ស៊ាង ថៃ ក្រសួងពាណិជ្ជកម្ម​ពុំមាន​ទិន្នន័យ​នៃ​ការ​នាំចូល​គ្រឿងអលង្ការ​ផ្សេង​ក្រៅពី​ត្បូង​នោះទេ​ដោយ​លោក​អះអាង ទិន្នន័យ​ទាំង​នោះ​អាច​រក​បាន​នៅ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។


លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​មិនអាច​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ការនាំចូល​ត្បូង និង​គ្រឿងអលង្ការ​របស់​ប្រទេស​កម្ពុជា​បាន​ទេ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។


ម្ចាស់​ហាង​គ្រឿងអលង្ការ​ម្នាក់​នៅ​ផ្សារ​ធំថ្មី​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ការនាំចូល​គ្រឿងអលង្ការ​របស់​កម្ពុជា​ភាគច្រើន​ពី​ថៃ ហុងកុង និង បែលហ្ស៊ិក ជាដើម​។ លោក​បន្តថា​៖ «​នៅ​យើង​ពឹងផ្អែក​ទាំងស្រុង​លើ​ការនាំ​ចូល​ពី​ទីផ្សារ​អន្តរជាតិ​ដែល​ជា​ហេតុ​ធ្វើឲ្យ​តម្លៃ​វា​មានការ​ប្រែប្រួល​ [​តាម​ហាងឆេង​] ​អន្តរជាតិ​»​។

អាជីវករ ទិញ លក់ គ្រឿងអលង្ការ​នៅ​ផ្សារ​ចាស់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ទីផ្សារ​គ្រឿងអលង្ការ​មាន​តម្រូវការ​ល្អ​ដែល​មាស​សុទ្ធ​លក់​ចេញ​ ១ ​ជី​មាន​តម្លៃ ១៨២ ដុល្លារ និង​ប្លាទីន ១២៧ ដុល្លារ​។ អាជីវករ​រូបនេះ​ថ្លែង​ថា​៖ «​តូប​ខ្ញុំ​លក់ដាច់​គួរសម​ឲ្យ​ម៉ូយ​ដែល​កុម្ម៉ង់​ធ្វើ​ច្រើន​ក្នុង​ខែ​នេះ​»​។

ទោះបី​យ៉ាងនេះ​ក្តី​សម្រាប់​អាជីវករ​រូបនេះ​គាត់​មិនសូវ​ដឹង​ពី​ការនាំចេញ​នាំចូល​គ្រឿងអលង្ការ​នោះទេ​។

លោកស្រី​បាន​បន្តទៀត​ថា​៖ «​ខ្ញុំ​ទិញ​ពី​ម៉ូយ​បោះ​ដុំ​នៅ​ភ្នំពេញ ត្រង់​ថា ម៉ូយ​យក​មកពី​ណា​ខ្ញុំ​ក៏​អត់​បានដឹង​ទេ​»​។

កម្ពុជា​បច្ចុប្បន្នកំពុង​មាន​ក្រុមហ៊ុន​រុករក​រ៉ែ​មាសធំៗ​ ២ ​ដែល​កំពុង​ដំណើរការ​រុករក​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​រ៉ែ​មាស​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា Mesco Gold ដែល​ទទួលបាន​សិ​ទិ្ធ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​កម្ពុជា​រំពឹង​ថា​នឹង​អាច​ធ្វើការ​ចម្រាញ់​រ៉ែ​មាស​នៅ​កម្ពុជា​ជា​លើកដំបូង​នៅ​ចុង​ឆ្នាំនេះ​ដោយ​ក្រុមហ៊ុន​បាន​ដំឡើង​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​នៅ​គម្រោង​រ៉ែ​មាស​ភូមិ​ស៊ីយ៉ារុង ក្នុង​ខេត្តរតនគិរី​។

ដោយឡែក​ក្រុមហ៊ុន Emerald Resources ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ប្រទេស​អូស្ដ្រាលី​នៅ​ពីក្រោយ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​របស់​ប្រទេស​កម្ពុជា នៅក្នុង​ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​រំពឹងថា​នឹង​ចាប់ផ្ដើម​គម្រោង​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​លើកដំបូង​របស់​ខ្លួន​នៅ​កម្ពុជា​នៅ​ដើម​ឆ្នាំ​ ២០២០៕LA

វីដេអូ៖