ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​អាមេរិក​ក្នុង​រយៈពេល ២ ​ខែ ដើម​ឆ្នាំ​ ២០២០ ​នេះ​មានតម្លៃ​ជាង ១ ០៨៣ ​លាន​ដុល្លារ​កើនឡើង​ជិត ៤៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ជិត ៤០ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​អាមេរិក​។

របាយការណ៍​បង្ហាញថា ចាប់ពី​ដើមខែ​មករា​រហូតដល់​ចុងខែ​កុម្ភៈ កម្ពុជា​បាន​នាំ​ទំនិញ​ទៅកាន់​អាមេរិក​មាន​តម្លៃ​សរុប​ជាង​ ១០៨៣ ​លាន​ដុល្លារ​កើនឡើង ៤៦,៩៦​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែលមាន​តម្លៃ​ត្រឹម ៧៣៧,១ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​ក្នុង​ខែមករា​មាន​កំណើន ៣៨,៥ ​ភាគរយ និង​ការនាំចេញ​ក្នុង​ខែកុម្ភៈ​មាន​កំណើន ៥៧,១ ​ភាគរយ​។


ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀតថា ជាមួយ​នឹង​កំណើន​ដ៏ខ្ពស់​នៃ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​នេះ​បាន​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ក្នុង​រយៈពេល​នេះ​មានតម្លៃ​សរុប​ ១,១៣៦ ​ពាន់​លាន​ដុល្លារ​កើនឡើង ៣៩,៩៦ ​ភាគរយ​ពី​ចំនួន ៨១២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។


ទោះបីយ៉ាងណា​របាយការណ៍​នេះ​បង្ហាញថា ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​មិន​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ទេ ដោយ​មាន​តម្លៃ​សរុប​ត្រឹមតែ ៥៣,២ ​លាន​ដុល្លារ​ធ្លាក់​ចុះ ២៨,៩៧ ​ភាគរយ​ពី​ចំនួន ៧៤,៩ ​លាន​ដុល្លារ​កាលពី​រយៈពេល ២ ​ខែ ដើម​ឆ្នាំ​ ២០១៩​។


លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ជាពិសេស​ការនាំចេញ​ទំនិញ​ដ៏ច្រើន​ពី​កម្ពុជា​ទៅកាន់​អាមេរិក​ក្នុង​រយៈពេល ២ ​ខែ​ដំបូង​នេះ គឺជា​សញ្ញា​បង្ហាញថា អាមេរិក​គឺ​នៅតែ​ជា​ទីផ្សារ​មាន​សក្តានុពល​សម្រាប់​ទំនិញ​កម្ពុជា​។ កម្ពុជា​ និង​អាមេរិក​មិន​ត្រឹម​តែ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​ជាមួយគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទំនាក់ទំនង​ការទូត​ក៏ល្អ​ប្រសើរ​ដែរ​។ លោក​បន្តថា បើទោះបី​ពេល​នេះ​អាមេរិក​កំពុង​មាន​បញ្ហា​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ខ្លាំង​ដែល​អាច​ធ្វើឲ្យ​តម្រូវការ​វត្ថុ​ប្រើប្រាស់​មួយចំនួន​ធ្លាក់ចុះ ប៉ុន្តែ​លោក​នៅតែ​យល់ថា វា​នឹង​មិន​ប៉ះពាល់​ខ្លាំង​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​​ជាមួយ​កម្ពុជា​នោះទេ​។


លោក​ថ្លែងថា​៖ «​ក្នុងស្ថានភាព​នេះ​ខ្ញុំ​គិតថា ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​នឹង​នៅតែ​ល្អ ហេតុនេះ​ការធ្វើ​ពាណិជ្ជកម្ម​នឹង​មិន​មាន​បញ្ហា​ទេ ប៉ុន្តែ​បើ​មាន​ការធ្លាក់ចុះ​ក៏​វា​មិន​ធ្លាក់​ជា​គំហុក​ទេ​»​។


ទន្ទឹមនឹង​គំនិត​សុទិដ្ឋនិយម​នេះ​លោក វណ្ណៈ ក៏បាន​លើកឡើង​ថា កម្ពុជា​ក៏ត្រូវ​តែ​ខិតខំ​ពង្រឹង​គុណភាព​ផលិតផល​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​អន្តរជាតិ​របស់ខ្លួន​កាន់តែ​ធំ​។

ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិក​មាន​ភាគច្រើន​ជា​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើដំណើរ អង្ករ និង​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត ចំណែក​ទំនិញ​ដែល​អាមេរិក​នាំមក​កម្ពុជា​មាន​រថយន្ត គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​សម្រេច​មួយចំនួន​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មិនអាច​ទាក់ទង​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

ទោះជា​យ៉ាងណា​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) កាលពី​ថ្ងៃ​អង្គារ​ទី​ ២៤ ខែមីនា​បានចេញ​នូវ​ការអំពាវនាវ​មួយ​ឲ្យ​អ្នកបញ្ជា​ទិញ​ទាំងអស់​មិនត្រូវ​ផ្អាក​ការនាំចេញ​ទំនិញ​ដែល​ផលិត​រួចហើយ និង​ទំនិញ​ដែល​កំពុង​ផលិត​នៅ​កម្ពុជា​នោះទេ​នៅក្នុង​អំឡុង​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​កូវីដ ១៩ នេះ​។

ការអំពាវនាវ​របស់ GMAC បាន​ធ្វើឡើង​បន្ទាប់ពី​អ្នកបញ្ជា​ទិញ​សំខាន់ៗ​មួយចំនួន​មកពី​អាមេរិក និង​អឺរ៉ុប​ដូចជា​ក្រុមហ៊ុន H&M ក្រុមហ៊ុន Zara ក្រុមហ៊ុន Mango ក្រុមហ៊ុន Primark ក្រុមហ៊ុន Macys និង​ក្រុមហ៊ុន J.C. Penney កាលពី​សប្ដាហ៍​មុន​បាន​ប្រកាស​ពី​ការផ្អាក​ផលិតកម្ម​របស់​ពួកគេ​ដោយសារតែ​ការរីករាលដាល​កូវីដ​១៩ ធ្វើឲ្យ​តម្រូវការ​ពិភពលោក​ធ្លាក់ចុះ​។

យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ឆ្នាំ​ ២០១៩ បាន​បង្ហាញថា ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​តម្លៃ​ប្រហែល ៥,៣៦២ ​ពាន់​លាន​ដុល្លារ​ធៀប​នឹង ៣,៨១៨ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ កើនឡើង ៤០ ​ភាគរយ ខណៈ​ការនាំចូល​សរុប​ពី​អាមេរិក​មាន​តម្លៃ​ប្រហែល ៥១៣,៤ ​លាន​ដុល្លារ​កើនឡើង​ជាង ១៥ ​ភាគរយ​ធៀប​នឹង ៤៤៥,៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។

របាយការណ៍​រយៈពេល ៩ ​ខែ​ឆ្នាំ​ ២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បាន​បង្ហាញថា អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំជាងគេ​ទី​ ១ ​របស់​ប្រទេស​កម្ពុជា ខណៈ​ការ​នាំចូល​ទំនិញ​មក​កម្ពុជា​វិញ អាមេរិក​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ១០ ដែល​លេខ​ ១ បាន​ទៅលើ​ប្រទេស​ចិន​៕ LA