ភ្នំពេញ: កម្ពុជា​រំពឹងថា​នឹង​អាច​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ថែមទៀត​ឲ្យ​ចូលមក​វិនិយោគ​ក្នុង​វិស័យ​រោងចក្រ​ឧស្សាហកម្ម​ស្បែកជើង បន្ទាប់ពី​សមាគម​ស្បែកជើង​កម្ពុជា (Cambodia Footwear Association, CFA) ​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​។

នៅក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​សមាគម CFA កាលពី​ថ្ងៃ​សៅរ៍​លោក លី ឃុនថៃ ប្រធាន​សមាគម​ដែល​ទើប​បង្កើត​ថ្មី​នេះ​បាន​ថ្លែងថា ដោយ​សម្លឹង​ឃើញ​ភាព​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ស្បែកជើង​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ការ​ជំរុញ​ឲ្យ​បង្កើត​សមាគម​នេះ​ឡើង​ដើម្បី​រួមគ្នា​ជា​សំឡេង​តែមួយ​ក្នុងការ​គាំទ្រ និង​លើក​ស្ទួយ​វិស័យ​ស្បែកជើង​។


លោក​ថ្លែងថា​៖ «​យើង​នឹង​ផ្តោត​ការងារ​សំខាន់​ទៅលើ​ការធ្វើឲ្យ​ប្រសើរ​នូវ​លំហូរ​ទីផ្សារ​តាមរយៈ​ការរក្សាបាន​នូវ​ភាព​អំណោយផល​ផ្នែក​ពាណិជ្ជកម្ម និង​កៀរគរ​វិនិយោគិន​ពី​គ្រប់​ប្រទេស​ឲ្យ​មក​វិនិយោគ​ក្នុង​ទីផ្សារ​កម្ពុជា​បន្ថែមទៀត តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ដៃគូ​សេដ្ឋកិច្ច​នានា​»​។


លោក ឃុនថៃ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​រំពឹងថា វិស័យ​រោងចក្រ​ឧស្សាហកម្ម​ស្បែកជើង​នៅ​កម្ពុជា​នឹង​មាន​ការរីកចម្រើន​ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែមទៀត ព្រោះ CFA បាន​ចូល​ជា​សមាជិកសមាគម​ស្បែកជើង​អន្តរជាតិ និង​បាន​អញ្ជើញ​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ចំនួន ១១ ​ប្រទេស​រួមទាំង​ជប៉ុន ចិន ហុងកុង និង​ឥណ្ឌា​ឲ្យ​មក​ចូលរួម​កម្មវិធី​សម្ពោធ CFA​។


លោក​ថ្លែងថា​៖ «​យើង​ក៏បាន​នាំ​ពួកគាត់ [​វិនិយោគិន​] ធ្វើ​ទស្សនកិច្ច​តាម​បណ្តា​រោងចក្រ​ផលិត​ស្បែកជើង​នានា​នៅ​កម្ពុជា​ផងដែរ​។ យើង​សង្ឃឹមថា​នឹង​អាច​ទាក់ទាញ​ពួកគាត់​មក​វិនិយោគ មក​បង្កើត​រោងចក្រ​ក្រោយពេល​គាត់​មើល [​រោងចក្រ​ស្បែកជើង​] ហើយ​ខ្ញុំ​ជឿថា គាត់​នឹងមាន​ឆន្ទៈ​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​កាន់តែ​ច្រើន​ទៀត​»​។


បច្ចុប្បន្ន​មាន​រោងចក្រ​ផលិត​ស្បែកជើង​ចំនួន ៨៣ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​ផលិត​ស្បែកជើង ៧០ ដែល​ចុះបញ្ជី​នៅ​កម្ពុជា​ដែល​ក្រុមហ៊ុន​ទាំងនេះ​គឺជា​សមាជិក​របស់ CFA​។ វិស័យនេះ​មាន​កម្មករ​បម្រើ​ការងារ​ប្រមាណ ១៣ ម៉ឺន​នាក់​ហើយ​រោងចក្រ​ឧស្សាហកម្ម​ស្បែកជើង​ទាំងនោះ​មាន​ទីតាំង​នៅ​ភ្នំពេញ ខេត្ត​កំពង់ចាម កំពង់ស្ពឺ តាកែវ កណ្តាល និង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។ នេះ​បើតាម​លោក ឃុនថៃ​។


លោក​បាន​ថ្លែងថា​៖ «​សមាគម​យើង​ជា​តំណាង​ឲ្យ​រោងចក្រ​ទាំងអស់​នៅ​កម្ពុជា​សម្រាប់​ផ្តល់ព័ត៌មាន និង​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឧទាហរណ៍​ការបើក​សិក្ខាសាលា​ខ្លីៗ​ដល់​និយោជក​ទាក់ទង​ផ្លូវច្បាប់ និង​ដឹកនាំ​កិច្ចប្រជុំ​ក្នុង​វិស័យ​ស្បែកជើង​ទៅ​ក្រៅ​ប្រទេស​»​។

រោងចក្រ​ឧស្សាហកម្ម​ស្បែកជើង​ដែល​វិនិយោគ​នៅ​កម្ពុជា​មាន​មកពី​ប្រទេស​ចិន ម៉ាឡេស៊ី ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ហើយ​ទីផ្សារ​សម្រាប់​វិស័យ​ស្បែកជើង​កម្ពុជា​បាន​នាំ​ចេញ​ទៅ​អឺរ៉ុប អាមេរិក កាណាដា អូស្ត្រាលី ជប៉ុន និង​នាំចេញ​មួយផ្នែក​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នោះបាន​អំពាវនាវ​ឲ្យ CFA និង​ក្រុមហ៊ុន​រោងចក្រ​ស្បែកជើង​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុងការ​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម​ស្បែកជើង និង​ពង្រឹងសមត្ថភាព​ក្នុងការ​ប្រកួតប្រជែង​ទៅ​ផ្សារ​អន្តរជាតិ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​គាំទ្រ​ពេញទំហឹង​ចំពោះ​ការបង្កើត​សមាគម​នេះ​ឡើង ដើម្បី​ដើរតួនាទី​ជា​អន្តរការី​សម្របសម្រួល និង​សហការ​ជាមួយ​រដ្ឋាភិបាល ស្ថាប័នឯកជន​ក្នុង​ការរួម​ចំណែក​លើកស្ទួយ និង​អភិវឌ្ឍន៍​វិស័យ​ផលិត​ស្បែកជើង​នៅ​កម្ពុជា​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ការបង្កើត​សមាគម​នេះ​នឹង​ជួយ​ស្វែងរក​ដៃគូ​វិនិយោគ និង​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​រោងចក្រ​ស្បែកជើង​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ការបង្កើត​សមាគម​នេះ​ដើម្បី​ជា​សំឡេង​ចរចា​ជាមួយ​អ្នក​បញ្ជា​ទិញ និង​ធ្វើ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ហើយ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល នៅពេល​មាន​បញ្ហាលំបាក [CFA] ធ្វើការ​ដោះស្រាយ​ជាមួយ​ពួកគាត់ [​រោងចក្រ​ស្បែកជើង​]»​។

ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ នេះ​ការនាំចេញ​ផលិតផល​ស្បែកជើង​នៅ​កម្ពុជា​ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង​ប្រព័ន្ធ​ប្រទេស​ដែល​ទទួល​បាន​អនុគ្រោះ​បំផុត​ (MFN) កើនឡើង ១៤,៦១ ​ភាគរយ​ដល់​ជាង ៥៦៣ លាន​ដុល្លារ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ ២០១៨​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​។

នៅ​ខែ​កក្កដា​ឆ្នាំនេះ​អង្គការ ILO បានចេញ​ផ្សាយ​ព្រឹត្តិបត្រ​មួយ​ដែល​បង្ហាញ​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុងចំណោម​ប្រទេស​ផលិត​ស្បែកជើង​ឈានមុខ​គេ​ទាំង ១០ ដែល​នាំចេញ​មានតម្លៃ​ជាង ១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ កើនឡើង ១៩ ភាគរយ​។ ទីផ្សារ​នាំចេញ​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា​សម្រាប់​ស្បែកជើង គឺ​អឺរ៉ុប ៤៦ ​ភាគរយ អាមេរិក ១៧ ភាគរយ និង​ជប៉ុន ១២ ​ភាគរយ​។

របាយការណ៍​ឆ្នាំ​ ២០១៨ របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹងថា ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​មាន​តម្លៃ ១០ ​ពាន់​លាន​ដុល្លារ​កើនឡើង ២៤ ភាគរយ ធៀប​នឹង ៨ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧៕ LA