កម្ពុជានឹងរៀបចំពិព័រណ៍អចលនទ្រព្យ-សំណង់

ភ្នំពេញៈ ពិព័រណ៍ស្តីពីវិស័យអចលនទ្រព្យ និងសំណង់កម្ពុជាលើកទី១ ឆ្នាំ២០១៣ នឹងរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រនៅសប្តាហ៍ក្រោយ។
ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសារៀបចំដោយក្រុមហ៊ុន People Event និងក្រុមហ៊ុន រាជហ្គោល ម៉ាឃីតធីង ខូអិលធីឌី ដោយសហការគ្នាជាមួយក្រសួងពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងវិស័យសំណង់មួយចំនួនទៀត។
លោក ខៀវ ខេនី នាយកគ្រប់គ្រងក្រុមហ៊ុន People Event និយាយថាពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យអ្នកដែលចង់ស្វែងរកទិញ លក់ អចលនទ្រព្យទាំងអស់យល់ដឹងកាន់តែច្បាស់អំពីព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យនិងសំណង់ មុននឹងធ្វើការសម្រេចចិត្ត។ លោកថ្លែងថា៖ «ព្រឹត្តិការណ៍ខាងលើពិតជាមានសារៈសំខាន់ណាស់ ពីព្រោះវានឹងអាចជួយជំរុញល្បឿនបន្ថែមទៀតដល់ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ព្រឹត្តិការណ៍នេះក៏នឹងក្លាយជាឱកាសល្អមួយផងដែរសម្រាប់អ្នកវិនិយោគទាំងអស់ជួបពិភាក្សាគ្នា ហើយតាមរយៈនេះអតិថិជនទាំងអស់ក៏អាចទទួលបាននូវចំណេះដឹងថ្មីៗផ្លែកៗជាច្រើនផងដែរទាក់ទងនឹងវិស័យអចលនទ្រព្យ និងសំណង់»។
លោក នួន រិទ្ធី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប បានឲ្យដឹងថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះការវិវឌ្ឍនៃវិស័យសំណង់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
លោកបន្តថា៖ «កត្តាមួយដែលបានជួយជំរុញឲ្យវិស័យអចលនទ្រព្យកម្ពុជារីកចម្រើននៅពេលនេះក៏ដោយសារតែកម្ពុជាមានច្បាប់ដែលអនុញ្ញាតឲ្យជនបរទេសគ្រប់គ្រងលើលំនៅឋាន»។
លោក ចេង ខេង ប្រធានក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនទ្រព្យកម្ពុជាលើកឡើងថា ការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជាគឺជាការបង្ហាញពីភាពរីកចម្រើនវិស័យសេដ្ឋកិច្ចនៅកម្ពុជា។
លោកក៏បានរំឭកឲ្យប្រជាជនទាំងអស់ដែលមានបំណងស្វែងយល់ ឬទិញអចលនទ្រព្យទាំងអស់គួរតែធ្វើអ្វីៗជាមួយក្រុមហ៊ុនដែលមានជំនាញនិងច្បាប់ត្រឹមត្រូវដើម្បីចៀសវាងពីហានិភ័យផ្សេងៗ។ លោកថា៖ «សេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ហើយនៅពេលកម្ពុជាធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥នឹងមានអ្នកវិនិយោគច្រើនចូលមកកម្ពុជា»។
លោក Robert អ្នកជំនាញផ្នែកអចលនទ្រព្យដែលបានធ្វើដំណើរទៅជាង១០០ប្រទេសបានសម្តែងនូវការភ្ញាក់ផ្អើលខ្លាំងទាក់ទងនឹងការវិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ លោកបានថ្លែងថា៖ «កម្ពុជា គឺជាទីតាំងមួយដែលមានភាពល្អប្រសើរជាងគេក្នុងតំបន់អាស៊ាន ពីព្រោះកម្ពុជាស្ថិតនៅចំកណ្តាលនៃតំបន់អាស៊ាន ម៉្យាងទៀតនៅកម្ពុជាក៏មិនសូវមានជួបគ្រោះធម្មជាតិដូចប្រទេសជិតខាង»។
ពិព័រណ៍នេះនឹងមានក្រុមហ៊ុនមកពីប្រទេសចំនួន៣០ចូលរួមដោយមានស្តង់ចំនួន១៣០ ក្នុងនោះមានមកពីប្រទេសវៀតណាម ចិន ម៉ាឡេស៊ី ថៃ និងក្រុមហ៊ុនសាងសង់ និងបម្រើសេវាកម្មផ្នែកអចលនទ្រព្យជាច្រើនទៀត។
តាមការរំពឹងទុកពិព័រណ៍ខាងលើនឹងនាំមកនូវអ្នកវិនិយោគជាច្រើនទាក់ទងនឹងផ្នែកអចលនទ្រព្យដូចជា វិស័យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនរចនាប្លង់ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ និងក្រុមហ៊ុនអចលនទ្រព្យជាដើម៕