ភ្នំពេញៈ ការ​នាំចេញ​ម៉ាស៊ីន​ត្រជាក់​ពី​ប្រទេស​ ថៃ ​មក​កាន់​កម្ពុជា កាល​ពី​ឆ្នាំ​ ២០១៨ មាន​តម្លៃ​ប្រមាណ ១៦ លាន​ដុល្លារ​ក្នុង​ចំណោម​ការ​នាំចេញ​ម៉ាស៊ីន​ត្រជាក់​សរុប​របស់​ថៃ​​​ជាង ៥ ពាន់​​លាន​ដុល្លារ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ថ្លែង​ក្នុង​ឱកាស​នៃ​ការ​ផ្សព្វផ្សាយ​​​ពិព័រណ៍ «Bangkok RHVAC & Bangkok E&E 2019» កាល​ពី​​ម្សិលមិញ លោក Witt Maneenetr អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​​នៃ​ក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ ថៃ បាន​​ឲ្យ​ដឹង​​ថា ភាគ​ច្រើន​ម៉ាស៊ីន​ត្រជាក់​ដែល​ដាក់​លក់​នៅ​​កម្ពុជា ត្រូវ​បាន​នាំចូល​មក​ពី​​ប្រទេស ថៃ ខណៈ​​បច្ចុប្បន្ន​ ថៃ ​បាន​ក្លាយ​ជា​ប្រទេស​ដែល​នាំ​ចេញ​ម៉ាស៊ីន​ត្រជាក់​​​ច្រើន​ជាង​គេ​លំដាប់​ទី ២ ក្នុង​ពិភព​លោក​បន្ទាប់​ពី​ប្រទេស​ ចិន​។


លោកថ្លែង​​​ថា៖ «កាល​ពី​ឆ្នាំ ២០១៨ ការ​នាំចេញ​​ម៉ាស៊ីន​ត្រជាក់​​របស់​ថៃ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ មាន​តម្លៃ​ប្រមាណ​ជាង ៥ ពាន់​លាន​ដុល្លារ ក្នុង​នោះ​​អាស៊ាន​មាន ២៥ ភាគរយ»។


ព្រឹត្តិការណ៍​ពិព័រណ៍ «Bangkok RHVAC & Bangkok E&E 2019» គ្រោង​នឹង​រៀបចំ​​ធ្វើ​​ឡើង​ក្នុង​ទីក្រុង​បាងកក ប្រទេស​ ថៃ ចាប់​ពី​ថ្ងៃ​ទី ២៥​-២៨ ខែ​កញ្ញា ឆ្នាំ ២០១៩។


កាល​ពី​ឆ្នាំ ២០១៧ ប្រទេស​ ថៃ ​ផលិត​ម៉ាស៊ីន​ត្រជាក់​បាន​ចំនួន ១២,៤ លាន​គ្រឿង​ដោយ​​​ក្នុង​នោះ ៨៥ ភាគរយ​សម្រាប់​នាំចេញ​។


លោក​ប្រាប់​​ទៀតថា បើ​ទោះបី​​ជា​ការ​នាំចេញ​ម៉ាស៊ីន​ត្រជាក់​ពី​ថៃ​មក​កម្ពុជា​នៅ​មាន​ទំហំ​តិច​តួច​​ក្តី ប៉ុន្តែ​តាម​ការ​សិក្សា​ប្រជាជន​ខ្មែរ​គាំទ្រ​​ខ្លាំង​ដល់​ផលិតផល​របស់​ប្រទេស ​ថៃ។


បើ​យោង​តាម​លោក Jirawuth Suwanna អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​​ស្ថាន​ឯក​អគ្គ​រាជ​ទូត​ថៃ​ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ ១១ ខែ​ ​ឆ្នាំ​ ២០១៨ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង ២ មាន​ទំហំ​ជាង ៨ ពាន់​លាន​ដុល្លារ៕​ LA