ភ្នំពេញៈ កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ (GMS) លើក​ទី​ ៧ ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ខាងមុខ ខណៈ​ចាប់តាំងពី​បង្កើត​រហូត​មក​ដល់ពេល​នេះ ការវិនិយោគ​របស់ GMS មានតម្លៃ​ជិត ២៣ ​ពាន់​លាន​ដុល្លារ​។

GMS សំដៅ​ដល់​បណ្តា​ប្រទេស​ដែលមាន​ទន្លេមេគង្គ​ហូរកាត់ រួមមាន កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ វៀតណាម និង ថៃ​។ GMS បង្កើតឡើង​ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​អាទិភាព​មួយចំនួន​ដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព ការអភិវឌ្ឍ​ធនធាន​មនុស្ស បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍ ទេសចរណ៍ ការដឹកជញ្ជូន ការធ្វើ​ពាណិជ្ជកម្ម ការអភិវឌ្ឍ​ទីក្រុង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ព្រំដែន​។


ក្នុងឱកាស​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​មហា​អនុតំបន់​មេគង្គ​កាលពី​ថ្ងៃ​ចន្ទ​លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កម្មវិធី​មហា​អនុតំបន់​មេគង្គ (GMS) បាន​និយាយថា នេះ​ជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ក្រុម​ប្រទេស GMS ដែល​មានបំណង​ពិនិត្យមើល​លើ​ការងារ​ដែល​អ្នកបច្ចេកទេស​បាន​ធ្វើ​កន្លងមក មុន​នឹង​ដាក់​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​ពិនិត្យ និង​សម្រេច​ក្នុង​កិច្ចប្រជុំ GMS ដែល​នឹងធ្វើ​ក្នុង​ឆ្នាំ​ ២០២១​។


លោក​ថ្លែងថា​៖ «GMS លើក​ទី​ ៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹងត្រូវ​ធ្វើឡើង​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១​។ កិច្ចប្រជុំ​កំពូល​គឺជា​ឱកាស​ផ្តល់ជូន​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក​ដើម្បី​អនុម័ត​អ្វីដែល​បានរៀបចំ ពិសេស​ការអនុម័ត​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ GMS ២០២០-២០៣០»​។


លោក​ពន្យល់ថា GMS គឺមាន​ការប្រជុំ​តាម​កម្រិត​ខុសៗ​គ្នា​ដោយ​កម្រិត​ទី​ ១ គឺ​កម្រិត​បច្ចេកទេស​ដែល​មាន​ការចូលរួម​របស់​តំណាង​តាម​វិស័យ និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន ចំណែក​កម្រិត​ទី​ ២ គឺជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​លើ​ការងារ​ដែល​ក្រុមការងារ​បច្ចេកទេស​បាន​រៀបចំ​។


បើតាម​លោក ចិន្តាសោភា ចក្ខុវិស័យ​នៃ​កិច្ច​សហប្រតិបត្តិការ GMS បាន​កើនឡើង​តាំងពី​ឆ្នាំ​ ១៩៩២ ក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​ក្នុង​តំបន់​ឲ្យ​កាន់​តែមាន​ «​សមាហរណកម្ម វិបុលភាព និង​សមត្ថភាព​»​។


ជាមួយ​ការមកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​​ ៤ លោក ចិន្តា​សោភា បាន​ថ្លែងថា​៖ «​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ GMS នៅពេល​ខាងមុខ ខ្ញុំ​ជឿថា​ច្បាស់​ជាមាន​រឿង​ថ្មី​ច្រើន ព្រោះ​សកលលោក និង​តំបន់​យើង​នៅពេល​នេះ និង​ទៅ​អនាគត​នឹង​ជួបប្រទះ​បញ្ហា​ប្រឈម​ថ្មីៗ​ជាច្រើន ហើយ​នឹង​មាន​ទំហំ​ធំ​ជាង​មុន​ទៀតផង​»​។

លោក Ahmed M.Saeed អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​និយាយថា ក្នុង​រយៈពេល ២៧ ​ឆ្នាំ​មកនេះ​ក្នុង​កម្មវិធី GMS បាន​វិនិយោគ​អស់​ជិត ២៣ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ ៤២ ​ភាគរយ​បាន​មកពី ADB ចំនួន ២៦ ​ភាគរយ​បានមកពី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស GMS និង​នៅសល់​បានមកពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​។ ចាប់តាំងពី​បង្កើត GMS រហូត​មក​ដល់​ពេលនេះ ADB មាន​កម្មវិធី​ជាង​ ២២០ ដែលមាន​ទឹកប្រាក់​ជំនួយ​ជាង ៣២០ ​លាន​ដុល្លារ​។ លោក​ថ្លែងថា​៖ «​យើង​មាន​ចក្ខុវិស័យ​ក្នុង​ការបន្ត​នូវ​សកម្មភាព​ល្អៗ​ជា​បន្តទៀត ពិសេស​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​»​។

បើតាម​លោក Ahmed សម្រាប់​កម្ពុជា ADB បានផ្តល់​ថវិកា​សម្រាប់​កិច្ចសហប្រតិបត្តិការ​ចំនួន ២៣ ​គម្រោង​ចាប់ពី​ឆ្នាំ​ ១៩៩៦ មក​ដែល​មាន​តម្លៃ ១,៣ ​ពាន់​លាន​ដុល្លារ​។

លោក​បន្តទៀតថា សម្រាប់​គម្រោង GMS នៅ​កម្ពុជា​ឆ្នាំ​​ ២០២២ គឺមាន​យ៉ាងតិច​ចំនួន ២ ​គម្រោង គឺ​ការភ្ជាប់ និង​ធ្វើឲ្យ​ប្រសើរ​នូវ​ការកសាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​ដែល​មាន​តម្លៃ​ជាង​ ៧០ ​លាន​ដុល្លារ​។ កាលពី​ឆ្នាំ​ ២០១៨ រៀបចំ​កិច្ចប្រជុំ​កំពូល​ GMS លើក​ទី​ ៦ ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ​៕LA