ភ្នំពេញៈ កម្ពុជា និង​ឥណ្ឌា​បាន​ឯកភាពគ្នា​នឹង​រៀបចំ​ឱ្យមាន​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ដើម្បី​ជំរុញ​សកម្មភាព​ទេសចរណ៍ និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់ផ្នែក​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ទាប់ពី​ជំងឺ​កូវីដ​១៩ ត្រូវបាន​បិទ​បញ្ចប់​។

ការឯកភាព​គ្នា​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជាមួយ​លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​ ២០ ខែមករា ឆ្នាំ​ ២០២១ ​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។


លោក ថោង ខុន បានឱ្យដឹងថា កម្ពុជា-ឥណ្ឌា​មាន​ទំនាក់ទំនង​វប្បធម៌ និង​សាសនា​ជាមួយគ្នា​ជា​យូរ​មកហើយ ហើយ​នៅមុន​ពេល​មានការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ​១៩ ប្រជាជន​ខ្មែរ​ក៏​ចូលចិត្ត​ទៅលេង​កម្សាន្ត​នៅ​ឥណ្ឌា តាមរយៈ​ដំណើរ​ទេសចរណ៍​បែប​សាសនា​ផងដែរ ហេតុនេះ​ទើប​លោក​ស្នើ​រដ្ឋាភិបាល​ឥណ្ឌា​ឱ្យ​រៀបចំ​ខ្សែ​ទស្សនកិច្ច​បែប​សាសនា​នេះ​ឡើងវិញ​បន្ទាប់ពី​ជំងឺ​កូវីដ​១៩ អាច​គ្រប់គ្រង​បាន​ទាំងស្រុង​។


លោកស្រី Devyani Uttam Khobragade បាន​និយាយថា នេះ​ជា​ការងារ​អាទិភាព​មួយ​របស់​លោកស្រី​ដោយ​លោកស្រី​សង្ឃឹមថា នឹង​អាច​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​សម្រេច​កិច្ចការ​នេះ​ឱ្យបាន​។ លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​យល់ព្រម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ ព្រោះ​វា​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​ទេសចរណ៍ ស្របពេល​បច្ចុប្បន្ន​យុវជន​ឥណ្ឌា​ពិតជា​ចូលចិត្ត​ខ្លាំង​ចំពោះ​ដំណើរ​ទេសចរណ៍​បែបនេះ​»​។


ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ លោក ខៀវ ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ២១ ខែមករា ថា វា​ជា​ការល្អណាស់​បើ​កម្ពុជា​អាច​មាន​ជើងហោះហើរ​ត្រង់​ជាមួយ​ប្រទេស​ឥណ្ឌា ព្រោះ​ប្រទេស​នេះ​មាន​ប្រជាជន​ច្រើន និង​ជា​អ្នក​ដែល​និយម​ចូលចិត្ត​មក​ទស្សនា​នៅតាម​ប្រាសាទបុរាណ​ខ្មែរ ដែលជា​ប្រាសាទ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សាសនា​នៅ​ប្រទេស​ឥណ្ឌា​។ លោក​បន្តថា​៖ «​ខ្ញុំ​សង្កេតឃើញ​ចំនួន​ភ្ញៀវទេសចរ​ឥណ្ឌា​មក​ប្រាសាទអង្គរវត្ត​បាន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ (​លើកលែង​ឆ្នាំ​ ២០២០)​។ កំណើន​ភ្ញៀវទេសចរ​នឹង​បង្កើត​ការងារ​កាន់តែ​ច្រើន​ដល់​ប្រជាជន​ក្នុង​តំបន់​»​។


ទោះជា​យ៉ាងណា លោក ខៀវ ធី បាន​អះអាងថា ភ្ញៀវ​ជនជាតិ​ឥណ្ឌា​មិនសូវ​ចំណាយ​ច្រើន​ទេ​បើ​ធៀប​នឹង​ភ្ញៀវ​បរទេស​ដទៃ​ទៀត ហើយ​ពួកគេ​ភាគច្រើន​ក៏​ចូលចិត្ត​រអ៊ូរទាំ និង​ត្រូវឱ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ផងដែរ​។ លោក​ប្រាប់ថា​៖ «​ដោយសារ​សង្គម​ឥណ្ឌា​មាន​ការបែងចែក​វណ្ណៈ ហេតុនេះ​អ្នក​ដែល​មក​ធ្វើ​ទេសចរណ៍​ភាគច្រើន​បានចាត់ទុក​ខ្លួន​ដូច​អាទិទេព ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់បំផុត​»​។


លោក ច័ន្ទ សុភ័ក្ត្រ ដែល​ធ្លាប់​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​ជាច្រើន​លើក​បាន​និយាយថា ព័ត៌មាន​ពី​ការភ្ជាប់​ផ្លូវ​ហោះហើរ​ត្រង់​កម្ពុជា-ឥណ្ឌា​បាន​លេចឮ​ជាង​ ១ ​ឆ្នាំ​មកហើយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គឺ​មិនទាន់មាន​នោះទេ​ដែល​អាចមកពី​ការពន្យារពេល​ដោយសារ​វិបត្តិ​កូវីដ​-១៩​។ ការភ្ជាប់​ឱ្យមាន​ជើងហោះហើរ​ត្រង់​នឹង​ធ្វើឱ្យ​ការធ្វើដំណើរ​មាន​ភាព​ឆាប់រហ័ស និង​ចំណាយ​តិច​។

លោក​បន្ថែមថា នៅ​មុនពេល​មានការ​ផ្ទុះ​ជំងឺ​កូវីដ​ការធ្វើដំណើរ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា​អាច​ចំណាយពេល​យ៉ាងតិច ៦ ​ម៉ោង​ដោយ​អាស្រ័យ​តាម​ប្រទេស​ដែល​ត្រូវ​ប្តូរ​ជើងហោះហើរ​ដូចជា សិង្ហបុរី ថៃ ម៉ាឡេស៊ី និង​កូរ៉េ​ជាដើម​។

លោក​និយាយថា​៖ «​បើ​មានការ​ហោះហើរ​ត្រង់ វា​មិន​ត្រឹមតែ​ចំណេញ​ពេល និង​ថវិកា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​អាចធ្វើ​ឱ្យ​កម្ពុជា​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ពី​ប្រទេស​ឥណ្ឌា និង​ប្រទេសជិតខាង​ឥណ្ឌា​ផងដែរ​»​។

បច្ចុប្បន្ន​ដោយសារ​ប្រទេស​ជាច្រើន​បិទ​ជើងហោះហើរ​ការធ្វើ​ដំណើរ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា ភាគច្រើន​ត្រូវ​ឆ្លងកាត់​តាម​ប្រទេស​កូរ៉េខាងត្បូង ឬមួយ​ទៀត​ត្រូវ​ទៅ​សិង្ហបុរី​បន្តទៅ​ទីក្រុង​ឌូបៃ (​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​) មុននឹង​ទៅ​ប្រទេស​ឥណ្ឌា​។ នេះ​បើតាម​លោក សុភ័ក្ត្រ​។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា កន្លងមក​ធ្លាប់បាន​និយាយថា អនុស្សរណ:​យោគយល់​គ្នា​រវាង​កម្ពុជា និង​ឥណ្ឌា​សម្រាប់​ជើង​ហោះហើរ​ត្រង់ គឺ​មាន​តាំងពី​ឆ្នាំ ២០០២ មក​ម្ល៉េះ​។

របាយការណ៍​ក្រសួង​ទេសចរណ៍​ឱ្យដឹងថា ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២០ កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​បរទេស ១,២៨ ​លាន​នាក់​ធ្លាក់ចុះ ៧៨,២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។ ដោយឡែក​ភ្ញៀវទេសចរ​ឥណ្ឌា​មាន ១២ ៨៦៩ ​នាក់​ធ្លាក់ចុះ ៨០,២ ​ភាគរយ​ពី​ចំនួន ៦៥ ០៧៧ ​នាក់​៕LA