កម្មវិធី WhatsApp មាន​អ្នកប្រើប្រាស់​ចំនួន​ ២ ​ពាន់​លាន​នាក់

Content image - Phnom Penh Post

ក្រុងសានហ្វ្រានស៊ីស្កូៈ កម្មវិធី​សេវា​ផ្ញើសារ WhatsApp ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា បច្ចុប្បន្ន​កម្មវិធី​នេះ​មាន​អ្នកប្រើប្រាស់​ជាង ២ ​ពាន់​លាន​នាក់ ខណៈ​ដែល​អះអាង​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​ចំពោះ​ការការពារ​ភាពឯកជន​។

ក្រុមហ៊ុន WhatsApp ដែល​ទិញ​ដោយ​ក្រុមហ៊ុន Facebook ក្នុង​ឆ្នាំ​ ២០១៤ បាន​រីកលូតលាស់​ក្លាយ​ជា​សេវា​មួយ​ក្នុងចំណោម​កម្មវិធី​ផ្ញើសារ​ដែលមាន​អ្នកប្រើប្រាស់​ច្រើន​បំផុត​នានា​ដែល​ស្ថិតក្រោម​ក្រុមហ៊ុន Facebook ដោយ​ផ្តល់​សេវា​ផ្ញើ​សារ​ដោយ​ឥតគិតថ្លៃ​រួមជាមួយ​នឹង​ការផ្ញើ​សារ​ជា​សំឡេង និង​ទូរស័ព្ទ​វីដេអូ​។

ក្រុមហ៊ុន WhatsApp ឲ្យ​ដឹងថា​៖ «​ការសន្ទនា​ឯកជន​ដែល​កន្លងមក​ត្រឹមតែ​អាច​ធ្វើ​ឡើង​ទល់មុខ​គ្នា នៅពេល​នេះ​អាច​ធ្វើ​ឡើង​បាន​នៅ​រយៈ​ចម្ងាយ​ឆ្ងាយ​តាមរយៈ​ឆាត​ភ្លាមៗ និង​ការទូរស័ព្ទ​វីដេអូ​»​។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា​៖ «​មាន​ពេលវេលា​ពិសេស និង​សំខាន់​ជាច្រើន ដែល​កើត​មាន​ឡើង​ចំពោះ WhatsApp ហើយ​យើង​មាន​មោទនភាព និង​កិត្តិយស​ដែល​បាន​ឈានដល់​ដំណាក់កាល​សំខាន់​នេះ​»​។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន WhatsApp នៅតែមាន​ការប្តេជ្ញាចិត្ត​ចំពោះ «​អ៊ីនគ្រីប (​ការ​បំប្លែង​កូដ​) ដ៏ខ្លាំង​» របស់ខ្លួន​ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​ភ្ជាប់​ទៅកាន់​គ្នា​ទៅវិញ​ទៅ​មក​ជា​លក្ខណៈ​ឯកជន សូម្បីតែ​ក្នុងអំឡុង​ពេល​ទូរស័ព្ទ​រកគ្នា ដោយ​អនុវត្ត​តាម​ច្បាប់​នៅ​អាមេរិក និង​នៅ​ប្រទេស​ផ្សេងទៀត​។

ក្រុមហ៊ុន WhatsApp បាន​ឲ្យ​ដឹងថា​៖ «​ការបំប្លែង​កូដ​ដ៏ខ្លាំង​គឺជា​ការចាំបាច់​ក្នុង​ជីវិត​ទំនើប​។ យើង​នឹង​មិន​សម្របសម្រួល​ផ្នែក​សន្តិសុខ​ឡើយ ពីព្រោះ​ថា​វា​នឹង​ធ្វើឲ្យ​មនុស្ស​មិនសូវ​មាន​សុវត្ថិភាព​»​។

Facebook ឲ្យ​ដឹងថា បច្ចុប្បន្ន​មនុស្ស​ប្រហែល ២,៨៩ ​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​គឺជា​អ្នកប្រើប្រាស់​សេវា​មួយ​ក្នុង​ចំណោម​សេវា​នានា​របស់ខ្លួន​៕ KC