ភ្នំពេញៈ ប្រទេស​កម្ពុជា ​មាន​អត្រា​អតិផរណា​ដ៏មាន​ស្ថិរភាព​ជា​មធ្យម​កម្រិត​ ២,៥ ​ភាគរយ​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ ដោយសារ​ការធ្លាក់ចុះ​ទំនិញ​ប្រេងឥន្ធនៈ ព្រមទាំង​ស្ថិរភាព​នៃ​អត្រា​ប្តូរប្រាក់​រូបិយប័ណ្ណ​ក្នុងស្រុក​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។

របាយការណ៍​ប្រចាំឆមាស​ទី​ ១ ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ក្នុង​សប្តាហ៍​នេះ បង្ហាញ​ថា​ថ្លៃ​ក្រុម​ម្ហូបអាហារ​បាន​កើនឡើង​ ៤ ​ភាគរយ​ជា​ចម្បង​បណ្តាល​មកពី​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឲ្យ​ការដឹកជញ្ជូន​ទំនិញ​នាំចូល​មាន​ភាពរអាក់រអួល​។ ចំណែកឯ​ថ្លៃ​ក្រុម​ទំនិញ និង​សេវា​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​មាន​បរិត្តផរណា​ចំនួន​ ៣,៥ ​ភាគរយ ដោយសារ​ថ្លៃ​ប្រេងឆៅ​ពិភពលោក​បាន​ថយចុះ​ជា​បន្តបន្ទាប់​ចាប់ពី​ពាក់កណ្តាល​ខែ​មករា​។


នៅ​កម្ពុជាប្រេងសាំង​មាន​តម្លៃ​ជា​មធ្យម​ ២ ៩៥០ ​រៀល​ក្នុង​ ១ ​លីត្រ​ធៀប​ ៣ ៦៥០ ​រៀល​ក្នុង​បរិមាណ​ដូចគ្នា​នៅ​ឆមាស​ទី​ ២ ឆ្នាំ​ ២០១៩​។


លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​នេះ​ថា ចាប់​តាំងពី​ដើម​ឆ្នាំ​ ២០២០ ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​បណ្ដាល​ឲ្យ​មាន​វិបត្តិ​សុខភាព​ពិភពលោក​ដែល​នាំឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ​ ២០០៨ ឆ្នាំ​ ២០០៩ ទៅទៀត​។ ពាណិជ្ជកម្ម ការវិនិយោគ និង​ភ្ញៀវទេសចរ​បរទេស​រួមទាំង​សេដ្ឋកិច្ច​ក្នុង​ស្រុក​បាន​ទទួល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។


លោក​ថ្លែងថា​៖ «​នៅក្នុង​បរិការណ៍​នេះ ប្រទេស​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​មួយចំនួន ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​។ ទោះបី​យ៉ាងណា យើង​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច បើទោះបី​ជា​វា​មាន​កម្រិត​ទាប​ដោយសារ​តែ​យើង​រក្សា​ការគ្រប់គ្រង​អតិផរណា​ទាប​បំផុត​ដោយ​អត្រា​ការប្រាក់​ប្រកប​ដោយ​ស្ថិរភាព​»​។


លោក​បន្ថែមថា លើស​ពី​នេះ​ទៅ​ទៀត​វិស័យ​ធនាគារ​នៅតែ​រឹងមាំ និង​បានរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការផ្ដល់​សន្ទនីយភាព​ដល់​សេដ្ឋកិច្ច ខណៈ​ដែល​ប្រាក់​បញ្ញើ​ និង​កម្ចី​បន្ត​កើនឡើង ទោះបី​ជា​សេដ្ឋកិច្ច​កំពុង​រង​ផលប៉ះពាល់​ និង​ប្រឈម​បញ្ហា​ក៏ដោយ​។


លោក Hiroshi SUZUKI ប្រធាន​អគ្គនាយក ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា (BRIC) បាន​ថ្លែងថា សម្រាប់​អតិផរណា​ ២,៥ ​ភាគរយ​ដែល​កម្ពុជា​មាន​នៅ​ឆមាស​ទី​ ១ ​នេះ​បានបង្ហាញ​ពី​អត្រា​ប្រកប​ដោយ​ស្ថិរភាព​បំផុត ហើយ​វា​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ក្នុងស្រុក ដើម្បី​ធ្វើឲ្យ​មាន​ស្ថិរភាព​ដល់​ម៉ាក្រូសេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​អត្រា​អតិផរណា​បច្ចុប្បន្ន​ (២,៥ ​ភាគរយ​) គឺ​ពិតជា​មាន​ស្ថិរភាព​ខ្លាំង​បំផុត​។ យើង​កោតសរសើរ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឲ្យ​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ទោះបី​ជា​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏ពិបាក​ស្ថិតក្រោម​ជំងឺ​កូវីដ​១៩​ក៏ដោយ​»​។

លោក​លើកឡើង​ថា​៖ «​ទោះបី​ជា​តម្លៃ​ទីផ្សារ​អន្តរជាតិ (​ប្រេង​ និង​តម្លៃ​ផ្សេងៗ​ទៀត​) មាន​ការប្រែប្រួល នៅពេល​នេះ​យើង​អាច​មើលឃើញ​តម្លៃ​ប្រកប​ដោយ​ស្ថិរភាព ដោយសារ​តែ​តម្រូវការ​កើនឡើង​នៅក្នុង​ទីផ្សារ​ពិភពលោក​ស្ថិតក្រោម​ជំងឺ​កូវីដ​ ១៩​។ ខ្ញុំ​យល់ស្រប​ជាមួយ​នឹង​អត្រា​អតិផរណា​ដែល​ប៉ាន់ប្រមាណ​ដោយ NBC និង​អង្គការ​អន្តរជាតិ (​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF), ធនាគារ​ពិភពលោក (WB), ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)​។​ល​។​) ដែល​អង្គការ​ទាំងនេះ​បង្ហាញ​អត្រា​អតិផរណា​ប្រកប​ដោយ​ស្ថិរភាព​»​។

យោងតាម NBC អត្រា​ប្តូរប្រាក់​មាន​ ៤ ១០៤ ​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​ដែល​កើនឡើង​ ១,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ៤ ០៣៦ ​រៀល​។ NBC បាន​ព្យាករ​ថា អតិផរណា​នឹង​រក្សា​ចំនួន​ ២,៥ ​ភាគរយ​នៅ​ឆមាស​ទី​ ២៕ LA