ក្រុង​ម៉ុងរ៉េអាល់ៈ លោក​នាយក​រដ្ឋមន្ដ្រី​កាណាដា​ Justin Trudeau បាន​ប្រកាស​​​កាល​ពី​ថ្ងៃ​ចន្ទ​ថា ប្រទេស ​កាណាដា នឹង​ហាម​ឃាត់​ការ​ប្រើប្រាស់​ប្លាស្ទិក​ដែល​​​ប្រើ​តែ​ម្តង​ (single-use plastic) ​ចាប់​ពី​ឆ្នាំ​ ២០២១ ដោយ​​​ប្រកាស​​​​ថា វា​ជា «​បញ្ហា​ប្រឈម​ចំពោះ​ពិភព​លោក​» ក្នុង​ការ​បញ្ឈប់​ការ​ប្រើប្រាស់​ថង់​​ប្លាសិ្ទក​ បំពង់បឺត និង​កំាបិត​ស្លាបព្រា ​ដែល​កំពុង​បំពុល​បរិស្ថាន​សមុទ្រ​ពិភព​លោក។​

លោក​​ថ្លែង​ថា៖ «​ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង​ ក្នុង​ការ​​ប្រកាស​ថា នៅ​ដើម​ឆ្នាំ ​២០២១ ប្រទេស​ ​កាណាដា នឹង​ហាម​ឃាត់​ប្លាសិ្ទក​ដែល​​​​ប្រើ​មួយ​ដង​ដែល​ធ្វើ​ឲ្យ​ខូច​ឆ្នេរ​សមុទ្រ​​ទាំង​អស់​»។ លោក​បញ្ជាក់​ថា ​​កាណាដា​មាន​ឱកាស​ល្អ​ជាង​គេ​​​ក្នុង​ការ​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​បរិយាកាស​ ខណៈ​ដែល​​ប្រទេស​នេះ​​មាន​ឆ្នេរ​សមុទ្រ​វែង​ជាង​គេ​បំផុត​លើ​ពិភព​លោក​។


លោក​បន្ត​ថា​ ប្លាសិ្ទក​ដែល​​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស ​កាណាដា ​តិច​ជាង ១០ ភាគរយ ​​​​ត្រូវ​បាន​កែច្នៃ​ឡើង​វិញ​នាពេល​​បច្ចុប្បន្ន។ ​


រៀង​​រាល់​ឆ្នាំ សត្វ​ស្លាប ​១ ​លាន​ក្បាល និង​ថនិក​សត្វ​សមុទ្រ​ជាង​ ១ សែន​​ក្បាល ​ទូទាំង​​ពិភព​លោក​ ត្រូវ​បាន​រង​របួស​ ឬ​ស្លាប់​​ដោយ​ជាប់​​ថង់​ប្លាសិ្ទក​ ឬ​ការ​លេប​ចូល​​ពោះ​តាមរយៈ​ការ​ស៊ី​ចំណីតៗ​គ្នា​។​


វត្ថុ​ប្រើប្រាស់​មួយ​លើក​ហើយ​បោះ​ចោល​ មាន​​​ប្រហែល ​៧០ ​ភាគរយ នៃ​កាក​សំណល់​ប្លាស្ទិក​ ដែល​ពង្រាយ​នៅ​បរិស្ថាន​សមុទ្រ​។​​


រដ្ឋាភិបាល​កាណាដា​បាន​ឲ្យ​ដឹង​​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា បំពង់​បឺត ថង់​ប្លាស្ទិក កាំបិត ចាន​ និង​ឈើ​សម្រាប់​កូរ នឹង​ស្ថិត​ក្នុង​ចំណោម​វត្ថុ​ដែល​ត្រូវ​ហាមឃាត់។ បញ្ជី​នេះ​នឹង​ត្រូវ​កែ​សម្រួល​​ដោយ​​​ផ្អែក​លើ​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ដ្រ​បន្ថែម​​ទៀត​នៅ​ចន្លោះ​ពេល​នេះ និង​ឆ្នាំ ​២០២១​។​


លោក​ Trudeau ឲ្យ​ដឹង​ថា វា​ជា​ការ​​ព្យាយាម​ដ៏ «ពិបាក» ក្នុង​ការ​ពន្យល់​បញ្ហា​នេះ​ដល់​​​ប្រជាជន​ផ្ទាល់​របស់​លោក។​ ​លោក​​ថ្លែង​ថា​៖ «​តើ​អ្នក​ពន្យល់​ពី​ការ​ស្លាប់​របស់​ត្រី​បាឡែន ដែល​អណ្តែត​តាម​ទឹក​មក​​លើ​ឆ្នេរ​សមុទ្រ​ជុំវិញ​ពិភព​លោក​យ៉ាង​ដូច​ម្តេច​នៅ​ពេល​​​ដែល​ពោះ​របស់​​ត្រី​ទាំង​នោះ​ពេញ​ដោយ​ថង់​ប្លាស្ទិក​ដូច​ម្ដេច​?»។

អង្គការ​បរិសា្ថន​ Greenpeace បាន​ហៅ​​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​នេះ​ថា «ជា​ជំហាន​ដំបូង»​ ប៉ុន្តែ​​បាន​ឲ្យ​ដឹង​ថា ទី​បំផុត​​​កាណាដា ចាំបាច់​ត្រូវ​ឆ្ពោះ​ទៅ​រក​ការ​បញ្ឈប់​ការ​ប្រើប្រាស់​ចំនួន​ច្រើន​នៃ​ «​ប្លាសិ្ទក​ដែល​មិន​ចាំបាច់​ទាំង​អស់​»។

អង្គការ​ការងារ​បរិស្ថាន​មួយ​នេះ​បាន​អំពាវនាវ​​ឲ្យ​មាន​វិធានការ​បន្ទាន់​ ដើម្បី​កុំ​ឲ្យ​ការ​ប្រកាស​នេះ​​ក្លាយ​​ជា​ការ​សន្យា​សម្រាប់​តែ​រដូវ​បោះ​ឆ្នោត ហើយ​បន្ទាប់​មក​ឈប់​ធ្វើ​វា​វិញ៕ AFP/LA