ភ្នំពេញៈ ក្រុមហ៊ុន​​កាណាឌីយ៉ា គ្រុប បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នូវ​គម្រោង​លើក​ទឹក​ចិត្ត​ដល់​​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ក្នុង​ផ្សារហ៊ុន ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ នឹង​ជំរុញ​ការ​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​កាន់​តែ​ច្រើន។​

ក្រុមហ៊ុន​កាណាឌីយ៉ា គ្រុប បាន​ចុះ​កិច្ច​ព្រមព្រៀង​សហការ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​​សម្រាប់​ការ​ផ្តល់​​ការ​លើក​ទឹក​ចិត្ត​ពិសេស​ទៅ​ដល់​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ កាល​ពី​ថ្ងៃទី ​១៤ ខែ មីនា ឆ្នាំ២០១៩។


លោក ស៊ូ សុជាតិ អគ្គនាយក​​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​​និយាយ​ថា នេះ​ជា​ដំណើរ​វិវឌ្ឍន៍​ថ្មី​មួយ​ទៀត​របស់​វិស័យ​មូលបត្រ​នៅ​ប្រទេស ​កម្ពុជា។


លោក​និយាយ​​​ថា បច្ចុប្បន្ន​​ក្រុមហ៊ុន​មក​ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​​នឹង​ទទួល​បាន​​ការ​លើក​ទឹក​ចិត្ត​ពិសេស​​​ផ្នែក​ពន្ធដារ​ពី​រដ្ឋាភិបាល។ លោក​បន្ត​ថា ជាមួយ​នឹង​កិច្ច​សហការ​នា​ពេល​នេះ​ ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ និង​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន នឹង​ទទួល​បាន​បន្ថែម​នូវ​កញ្ចប់​អត្ថប្រយោជន៍​ពិសេស​ពី​លើ​ទៀត។ លោក​ថ្លែង​ថា៖ «កិច្ច​សហការ​ជាមួយ​ធនាគារ​កាណាឌីយ៉ា នឹង​ជួយ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ដល់​ក្រុមហ៊ុន​ក្នុង​ការ​ងាក​មក​ចាប់​អារម្មណ៍​​ចំពោះ​ការ​ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា»។


លោក​បាន​បន្ត​ថា ការ​ជួយ​ពី​វិស័យ​ធនាគារ គឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​វិស័យ​មូលបត្រ ព្រោះ​វិស័យ​ទាំង ២ មិន​អាច​កាត់​ផ្តាច់​ចេញ​ពី​គ្នា​បាន​ឡើយ។ លោក​អះអាង​ថា៖​ «នៅ​ពេល​វិស័យ​មូលបត្រ​មាន​ដំណើរការ​ល្អ ធនាគារ​ក៏​នឹង​មាន​ដំណើរ​កាន់​តែ​ល្អ​ផង​ដែរ»។


សម្រាប់​កិច្ច​ព្រមព្រៀង​នេះ ​ធនាគារ​កាណាឌីយ៉ា​ នឹង​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចុះ​បញ្ជី និង​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចុះ​បញ្ជី​នូវ​​អត្ថប្រយោជន៍​ជា​ច្រើន​ទាក់​ទង​នឹង​ប្រតិបត្តិការ​ជាមួយ​ធនាគារ​កាណាឌីយ៉ា និង​បុត្រ​សម្ព័ន្ធ​របស់​កាណាឌីយ៉ា រួម​មាន​ការ​ទទួល​បាន​អត្រា​ការ​ប្រាក់​ទាប​សម្រាប់​ទាំង​ក្រុមហ៊ុន​ចុះ​បញ្ជី និង​បុគ្គលិក​ដែល​ស្នើសុំ​កម្ចី​ពី​កាណាឌីយ៉ា។


លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​ធនាគារ​ដែល​​មាន​ដៃគូ​ទំនាក់​ទំនង​ជាច្រើន​ជាមួយ​ក្រុមហ៊ុន​ធំៗ និង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នោះ ការ​ផ្តល់​​​នូវ​កញ្ចប់​​អត្ថប្រយោជន៍​ពិសេស​នេះ​នឹង​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​មូលបត្រ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​​រីក​ចម្រើន​​។

លោក​ថ្លែង​ថា៖ «​យើង​មាន​ជំនឿ​ថា កញ្ចប់​ហិរញ្ញប្បទាន​ពិសេស​នេះ នឹង​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ដល់​​ក្រុមហ៊ុន ក្នុង​ការ​ពិចារណា​ធ្វើ​ការ​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា»។

លោក​បន្ត​​​ថា កញ្ចប់​អត្ថប្រយោជន៍​នេះ​នឹង​ផ្តល់​ជូន​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូល​បត្រ​កម្ពុជា ព្រម​ទាំង​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ចុះ​បញ្ជី​ផង​ដែរ​។​

លោក ហុង សុហួរ អគ្គ​នាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បាន​ឲ្យ​ដឹង​​ថា នេះ​ជា​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​វិស័យ​មូលបត្រ និង​វិស័យ​ធនាគារ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច តាម​រយៈ​ការ​គ្រប់គ្រង​លំហូរ​សាច់​ប្រាក់​​កាន់​តែ​មាន​ប្រសិទ្ធភាព។

លោក​បញ្ជាក់​ថា៖ «នេះ​បាន​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​ដ៏​ល្អ និង​ភាព​រីក​ចម្រើន​នៃ​ទីផ្សារ​មូលបត្រ​កម្ពុជា​ប្រកប​ដោយ​ស្ថិរភាព»៕ LA