ការកសាង​ផ្លូវ​កំពង់ឆ្នាំង-កំពង់ធំ​ អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២១

Content image - Phnom Penh Post
លោក វ៉ាស៊ឹម សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ថ្លែងកាលពីពេលកន្លងទៅ។ រូបថត ក្រសួង​សាធារណការ និងដឹកជញ្ជូន

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ​នឹង​អាច​ចាប់ផ្តើម​នៅក្នុង​អំឡុង​ឆ្នាំ​ ២០២១ ខណៈ​ការសិក្សា​ពី​លក្ខណៈ​បច្ចេកទេស​ត្រូវបាន​បញ្ចប់​រួចរាល់​ហើយ​។

គម្រោង​សាងសង់​ផ្លូវ​តភ្ជាប់​ពី​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​ទៅ​កាន់​ក្រុង​ស្ទឹងសែន​ខេត្ត​កំពង់ធំ​មាន​ចម្ងាយ​សរុប ៥៧,៣ ​គីឡូម៉ែត្រ​ ដោយ​មាន​ការសាងសង់​ស្ពាន​កាត់​ទន្លេសាប​ប្រវែង ៣ ៩០០ ម៉ែត្រ​ផង​នោះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាលពី​ពាក់កណ្តាល​ខែ​មីនា ឆ្នាំ​ ២០១៩​។

លោក វ៉ាស៊ឹម សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​កាលពី​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា​ការងារ​បច្ចេកទេស​ត្រូវបាន​បញ្ចប់​រួចរាល់​ហើយ ដោយ​ពេល​នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មុន​នឹង​យក​ទៅ​ពិភាក្សា​ជាមួយ​ភាគី​ចិន​។ លោក​បន្ត​ថា ផ្លូវ​នេះ​នឹង​ប្រើប្រាស់​ថវិកា​មួយ​ចំនួន​របស់​រដ្ឋាភិបាល​កម្ពុជា និង​កម្ចី​ពី​រដ្ឋាភិបាល​ប្រទេស​ ចិន​។

លោក​បន្តថា តាម​គម្រោង​រដ្ឋាភិបាល​នឹង​សាងសង់​ផ្លូវ​អាទិភាព​តភ្ជាប់​មួយ​ចំនួន​ជាមុនសិន​។ លោក​បាន​ថ្លែង​ថា​៖ «​ដោយសារ​ផ្លូវជាតិ​លេខ ១០ និង​ផ្លូវ​មួយ​ចំនួន​ទៀត​ដូចជា​ផ្លូវ​លេខ​ ៤១ និង​ផ្លូវ​លេខ ៣៣ ជា​អាទិភាព​មុន​នោះ ដូច្នេះ​ការសាងសង់​ផ្លូវ​នេះ​អាច​នឹង​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ២០២១»​។

តាម​លោក សុរិយា ផ្លូវជាតិ​លេខ​ ១០ ដែល​តភ្ជាប់​ពី​ខេត្ត​បាត់ដំបង​ទៅកាន់​ខេត្ត​កោះកុង​ដោយ​ឆ្លងកាត់​ខេត្តពោធិ៍សាត់​នេះ​អាច​នឹង​ត្រូវ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ឆ្នាំ​ ២០១៩ នេះ​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់​បាន​និយាយ​ថា គម្រោង​នេះ​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ២០០ លាន​ដុល្លារ​ដែល​អាច​ជា​ប្រាក់​ខ្ចី​ពី​ប្រទេស​ចិន​។

អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ឈួរ ច័ន្ទឌឿន បាន​ប្រាប់​ថា ការអភិវឌ្ឍ​នេះ​ជា​ការតភ្ជាប់​ផ្លូវ​ដឹកជញ្ជូន​ដ៏សំខាន់​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម កសិកម្ម និង​ទេសចរណ៍​។

លោក​បន្ត​ថា​នេះ​ជា​ផ្លូវ​របៀង​រាជធានី​ភ្នំពេញ​ដែល​តភ្ជាប់​ពី​តំបន់​ភាគ​ខាងជើង​ប្រទេស​ទៅ​កាន់​ភាគ​ខាងត្បូង​ដោយ​ឆ្លងកាត់​ទន្លេសាប​។

លោក​ថ្លែង​​ថា​៖ «​តាមរយៈ​ផ្លូវ​ឆ្លងកាត់​ទន្លេសាប​នេះ វា​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ ជាពិសេស​ខេត្ត​កំពង់ឆ្នាំង និង​កំពង់ធំ​លើ​វិស័យ​ទេសចរណ៍ ការដឹកជញ្ជូន​ផលិតផល​កសិកម្ម និង​អចលនទ្រព្យ​»​។

លោក​បាន​ប្រាប់​ទៀត​ថា​ ការសាងសង់​ផ្លូវ​នេះ​នឹង​មិន​សូវ​មាន​ផលប៉ះពាល់​ច្រើន​ចំពោះ​ទ្រព្យសម្បត្តិ​ឯកជន​ទេ ព្រោះ​ភាគច្រើន​ជា​ដី​តំបន់​លិច​ទឹក​ដែល​ជា​សម្បត្តិ​រដ្ឋ​៕ LA