ក្រុងហ្វ្រេងហ្វឺតៈ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា ការនាំចេញ​របស់​ប្រទេស​ អាល្លឺម៉ង់​ ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​ក្នុង​ទ្វីបអឺរ៉ុប​បាន​រីករាយ​នឹង​កំណើន​ឥត​រំពឹងទុក​ក្នុង​ខែ​កក្កដា​ដែល​ជា​ទិន្នន័យ​ដ៏ប្រសើរ​មួយ ខណៈ​ដែល​មាន​សញ្ញា​នៃ​ការកើតមាន​ការដើរថយក្រោយ​នៃ​សេដ្ឋកិច្ច​។

អាជ្ញាធរ​ទិន្នន័យ​សហព័ន្ធ Destatis ឲ្យ​ដឹង​ក្នុង​តួលេខ​ដែល​ត្រូវ​បាន​កែតម្រូវ​តាម​រដូវកាល​ថា ទឹកប្រាក់​ប្រហែល ១១៥,២ ​ពាន់​លាន​អឺរ៉ូ​ (១២៧ ពាន់​លាន​ដុល្លារ​) នៃ​ទំនិញ​អាល្លឺម៉ង់ ទទួល​បាន​ពី​ការលក់​ទៅ​បរទេស​កាលពី​ខែ​កក្កដា​កើនឡើង ០,៧ ​ភាគរយ​ ធៀប​នឹង​ខែ​មិថុនា និង​កើនឡើង ៣,៨ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។


ក្រុម​អ្នកវិភាគ​ដែល​អង្កេត​ដោយ​ក្រុមហ៊ុន Factset បាន​ព្យាករ​ថា ការនាំចេញ​របស់​អាល្លឺម៉ង់​ធ្លាក់ ០,៨ ​ភាគរយ​ នៅ​ខែ​កក្កដា​ធៀប​ខែ​មិថុនា​។


ដោយសារ​ការនាំ​ចូល​ធ្លាក់ចុះ ១,៥ ភាគរយ​ នៅ​ខែ​កក្កដា​ធៀប​នឹង​ខែ​មិថុនា ដែល​មាន​ទឹកប្រាក់​ចំនួន ៩៣,៧ ​ពាន់​លាន​អឺរ៉ូ អតិរេក​ពាណិជ្ជកម្ម​របស់​អាល្លឺម៉ង់​បាន​កើនឡើង​ដល់ ២១,៤ ​ពាន់​លាន​អឺរ៉ូ​ កើន​ពី​ចំនួន ១៨,១ ​ពាន់​លាន​អឺរ៉ូ​កាលពី​ខែ​មិថុនា​។


ទិន្នន័យ​បំបែក​តាម​តំបន់​ភូមិសាស្ត្រ​បាន​បង្ហាញ​ថា ទាំង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដែល​ប្រើប្រាស់​រូបិយប័ណ្ណ​អឺរ៉ូ​រួមគ្នា និង​ជាមួយ​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ធ្លាក់​ចុះ​នៅ​ខែ​កក្កដា ខណៈ​ដែល​កំណើន​នាំចេញ​ទទួល​បាន​មកពី​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដែល​មិនមែន​ជា​សហភាព​អឺរ៉ុប​ដែល​កើន ៩,៨ ភាគរយ​។


បន្ទាប់ពី​សេដ្ឋកិច្ច​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី​ ២ សេដ្ឋវិទូ​ជាច្រើន​ឥឡូវ​រំពឹងថា អាល្លឺម៉ង់​នឹង​មាន «​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​»៕ KC