ក្រុង​ប៉េកាំងៈ មន្ដ្រី​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​កាល​ពី​​ថ្ងៃ​ពុធ​ថា ប្រទេស​ ចិន ​​អាច​ធានា​គុណភាព​ការ​នាំចូល​សណ្ដែក​សៀង​របស់​ខ្លួន​​​ដោយ​​ប្រតិបត្តិការ​ទីផ្សារ​ប្រកប​ដោយ​ស្ថិរភាព​ ខណៈ​ដែល​​​​ផ្ទៃដី​ដាំដុះ​សណ្ដែក​សៀង​​​ក្នុង​ប្រទេស​នេះ​​ត្រូវ​រំពឹង​ថា​ នឹង​ត្រូវ​កើន​ឡើង​​ក្នុង​ឆ្នាំ​ ២០១៩។

លោក Tang Ke ​ប្រធាន​នាយកដ្ឋាន​​ព័ត៌មាន​ទីផ្សារ​​ និង​​​សេដ្ឋកិច្ច​នៃ​​ក្រសួង​កសិកម្ម​ និង​​កិច្ចការ​ជនបទ​​របស់​​​ប្រទេស ចិន​ បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​ផ្គត់ផ្គង់​សរុប​នៃ​សណ្ដែក​សៀង​​ ដែល​ជា​ដំណាំ​​កសិកម្ម​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំចូល​នោះ​នឹង​ត្រូវ​បាន​ធានា​ ​ហើយ​​ទីផ្សារ​ក្នុង​ស្រុក​ត្រូវ​បាន​រំពឹង​ថា​ នឹង​​កើន​ឡើង​ជានិច្ច​​នៅ​ឆ្នាំ​នេះ​។​


លោក​ Tang បាន​កត់​សម្គាល់​ថា បច្ចុប្បន្ន​​ផ្ទៃដី​ដាំដុះ​សណ្ដែក​សៀង​កំពុង​​កើន​ឡើង​ជា​បន្ត​បន្ទាប់​​នៅ​អាមេរិក​​ខាង​ត្បូង​​នៅ​​​ក្នុង​ឆ្នាំ​បង្ក​បង្កើន​ផល​កសិកម្ម​ថ្មី​នេះ។ ប្រទេស​ អាហ្សង់ទីន ត្រូវ​បាន​រំពឹង​ថា នឹង​ប្រមូល​ផល​សណ្ដែក​សៀង​​​លើស​ផល​​ឆ្នាំ​មុន​ចំនួន ១៧ ​លាន​តោន​ ​ ខណៈ​ដែល​ស្ដុក​សណ្ដែក​សៀង​អាមេរិក​​បាន​កើនឡើង​ផង​ដែរ​។​


ប៉ុន្តែ​​មន្ដ្រី​រូប​នេះ​បាន​​បន្ថែម​ថា ហានិភ័យ​អាច​កើត​ឡើង​ដោយ​សារ​ការ​ប្រែប្រួល​ដ៏​ធំ​នៃ​តម្លៃ​សណ្ដែក​សៀង​ពិភព​លោក​ ដែល​បាន​បង្ក​ឡើង​​ដោយ​ការ​កេង​ចំណញ​ទីផ្សារ​ ​​មុន ពេល​​សណ្ដែក​​សៀង​របស់​អាមេរិក​ខាង​ត្បូង​ត្រៀម​ខ្លួន​ចូល​ក្នុង​ទីផ្សារ​​នៅ​ខែ​មីនា​ ហើយ​ហានិភ័យ​ទាំង​នេះ​​មិន​អាច​ត្រូវ​បាន​ផាត់​​ចេញ​ឡើយ។


ទិន្នន័យ​​បាន​ពី​អគ្គ​រដ្ឋបាល​គយ​របស់​ប្រទេស​ ចិន ​បាន​បង្ហាញ​កាល​ពី​​ថ្ងៃ​​ចន្ទ​ថា​ កាល​ពី​ឆ្នាំ​ ២០១៨​ ការ​នាំចូល​សណ្ដែក​សៀង​របស់​​ប្រទេស​ ចិន ​បាន​ធ្លាក់ចុះ​ ៧,៩ ​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ​មក​​នៅ​ត្រឹម​ ៨៨,​០៣ ​លាន​តោន។​


ការ​ធ្លាក់​ចុះ​នេះ​​ ដែល​ជា​ការ​ធា្លក់​ចុះ​​ប្រចាំ​ឆ្នាំ​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ២០១១​ មក​​នោះ​ បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​​កាល​ពី​ឆ្នាំ​ ២០១៨​ ក្នុង​ការ​ធ្វើ​ពិពិធកម្ម​​ប្រភព​​​​​នាំចូល​សណ្ដែក​សៀង​របស់​ខ្លួន​​​​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ ដូច​ជា​​ប្រេស៊ីល និងអាហ្សង់ទីន ដោយ​សារភាព​​តានតឹង​​ផ្នែក​​ពាណិជ្ជកម្ម​ជា​មួយ​អាមេរិក​ ដែល​កាត់បន្ថយ​ដោយ​ផ្ទាល់​​នូវ​ការ​នាំចូល​របស់​​​ចិន​ពី​អាមេរិក​​​ ​ដោយ​សារ​​​ការ​ហូត​ពន្ធ​នាំចូល​ ២៥ ភាគរយ​។​


ទន្ទឹម​នឹង​នេះ​ ដោយ​​ការ​គាំទ្រ​​ឲ្យ​មាន​​​ការ​ដាំដុះ​សណ្ដែក​សៀង​​ក្នុង​ស្រុក​​ត្រូវ​បាន​ពង្រឹង​នោះ​ ​ការ​ផ្គត់ផ្គង់​សណ្ដែក​សៀង​ដោយ​ខ្លួន​ឯង​របស់​ប្រទេស​នេះ​ នឹង​ត្រូវ​​កើន​ឡើង​ជា​លំដាប់។ តម្លៃ​សម្រាប់​ទិន្នផល​ក្នុង​ស្រុក​​នឹង​តាម​ពី​ក្រោយ​​កាន់​តែ​កៀក​នឹង​តម្លៃ​របស់​សណ្ដែក​សៀង​នាំចូល។ នេះ​បើ​យោង​តាម​​លោក​ Tang។​

លោក​ Tang ថ្លែង​ថា​៖​ «​តំបន់​ភាគ​ឦសាន​របស់​ប្រទេស​ ចិន​ នឹង​ចូល​​ក្នុង​ដំណាក់​កាល​ដ៏​សំខាន់​​នៃ​ការ​ភ្ជួរ​​រាស់​នៅ​​និទាឃ​រដូវ​ និង​ការរៀប​ចំ​គ្រាប់​ពូជ​​នៅ​ក្នុង​រយៈ​ពេល​ ២-៣ ខែ​ក្រោយ ដែល​យើង​នឹង​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​ដិត​ដល់​»។

លោក Zhang Lichen អនុ​ប្រធាន​ក្រុមហ៊ុន Jiusan Group ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​សណ្តែក​សៀង​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ហេឡុងជាំង បាន​ប្រាប់​កាសែត Global Times របស់​ចិន​ថា កសិករ​ក្នុង​ស្រុក​បាន​ដឹង​កាន់​តែ​ខ្លាំង​អំពី​របៀប​ដំណើរ​ការ​របស់​​ទីផ្សារ ហើយ​ពួក​គេ​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ចំពោះ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក។

លោក​ Zhang កត់​សម្គាល់​​ថា៖ «កសិករ​នឹង​កែ​សម្រួល​រចនា​សម្ព័ន្ធ​ដាំ​ដុះ​​របស់​ពួក​គេ​ដើម្បី​តាម​ឲ្យ​ទាន់​ការ​ផ្លាស់​ប្តូរ​នានា​នៅ​ទីផ្សារ និង​​តម្លៃ​ផលិតផល ហើយ​ខ្ញុំ​គិត​ថា ផ្ទៃ​ដី​ដាំដុះ​នឹង​កើន​នៅ​ឆ្នាំ​នេះ​ក្នុង​ខេត្ត​នេះ»។

លោក Tang បន្ថែម​ថា រដ្ឋាភិបាល និង​សហគ្រាស​នានា​បាន​កាត់​បន្ថយ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​វិធានការ​ផ្គត់ផ្គង់​កាល​ពី​ឆ្នាំចាស់ និង​បាន​កាត់​បន្ថយ​តម្រូវ​ការ​តាម​រយៈ​ការ​កម្រិត​​ប្រតេអ៊ីន និង​បន្ថយ​ម្សៅ​សណ្តែក​សៀង​​ក្នុង​ចំណី​ជ្រូក៕ People''s Daily/LA