កន្លងមក យើង​ធ្លាប់​ជួបប្រទះ​ការដាច់​ចរន្តអគ្គិសនី​ជា​ញឹកញាប់​ក្នុងប្រទេស​កម្ពុជា ដោយសារ​តែ​កង្វះខាត​នៃ​ការផ្គត់ផ្គង់​អគ្គិសនី និង​ខ្សែបញ្ជូន​អគ្គិសនី​ដែលមាន​តង់ស្យុង​ខ្ពស់​។ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​ទិញ​អគ្គិសនី​ពី​ប្រទេស​ជិតខាង និង​សាងសង់​អនុស្ថានីយ​បន្ថែមទៀត ដែលជា​ហេតុ​បណ្ដាលឱ្យ​តម្រូវការ​នៃ​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ដែល​អាច​បញ្ជូន​អគ្គិសនី​បាន​ក្នុង​ចម្ងាយ​ឆ្ងាយ​មានការ​កើនឡើង​។

ដោយ​មើលឃើញ​ពី​តម្រូវការ​នេះ ភ្នាក់ងារ​អភិវឌ្ឍន៍​ផ្សេងៗ រួមទាំង​ប្រទេស​ជប៉ុន​ផងដែរ បាននិង​កំពុង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការសាងសង់​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ និង​អនុស្ថានីយ ដើម្បី​ឱ្យ​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ស្ថិរភាព​។


JICA បាននិង​កំពុង​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ​ក្នង​ទម្រង់​ជា​គម្រោង​កម្ចី​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ ដូចជា គម្រោង​អភិវឌ្ឍន៍​បណ្ដាញ​ទន្លេមេគង្គ ដែល​ចុះហត្ថលេខា​នៅ​ឆ្នាំ​ ២០០៧ និង​គម្រោង​ពង្រីក​ប្រព័ន្ធ​ចែកចាយ និង​បញ្ជូន​អគ្គិសនី​ក្រុងភ្នំពេញ​ដំណាក់កាល​ទី​ ១ នៅ​ឆ្នាំ​ ២០១៤ និង​ដំណាក់កាល​ទី​ ២ នៅ​ឆ្នាំ​ ២០១៥​។


ដូចនេះ​ដើម្បី​ពង្រឹង​បច្ចេកទេស​ថែទាំ​ខ្សែបណ្ដាញ​បញ្ជូន​ថ្មីៗ​ទាំងនេះ​ព្រមទាំង​មាន​ការស្នើសុំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផង​នោះ JICA ​ក៏បាន​ចាប់ផ្តើម​គម្រោង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ជាមួយ​នឹង​អគ្គិសនី​កម្ពុជា (EDC) បន្ថែមទៀត​ចាប់តាំងពី​គម្រោង​កែលម្អ​ការថែទាំ និង​ប្រតិបត្តិការ​ខ្សែ​បញ្ជូន​អគ្គិសនី​នៅ​ឆ្នាំ​ ២០១៣​។ គម្រោង​នេះ​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ​ ២០១៥ ក្រោយពី​ទទួលបាន​ភាពជោគជ័យ​នូវ​ការផ្ទេរ​បច្ចេកទេស​ទាក់ទង​នឹង​ប្រតិបត្តិការ និង ការថែទាំ​ខ្សែបណ្តាញ​បញ្ជូន​ព្រម​ទាំង​រៀបចំ​ផែនការ​ប្រព័ន្ធ​អគ្គិសនី​សម្រាប់​បណ្ដាញ​អគ្គិសនី​ក្រុងភ្នំពេញ​។


ទោះយ៉ាងណា​ក្ដី បុគ្គលិក​បច្ចេកទេស​នៅ EDC នៅ​ជួបប្រទះ​បញ្ហា​បច្ចេកទេស​ថ្មីៗ​ផ្សេងទៀត​ទាក់ទង​នឹង​ការតភ្ជាប់​ចរន្ត​ឡើងវិញ ក្រោយពី​ការដាច់​ចរន្ត អគ្គិសនី​ដែល​អាច​បណ្ដាលមកពី​គ្រោះធម្មជាតិ​ដែល​កើតមានឡើង​នៅ​ជុំវិញ​អនុ​ស្ថានីយ និង​ខ្សែបណ្ដាញ​បញ្ជូន​។ EDC ក៏ត្រូវ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​បន្ថែមទៀត​ក្នុង​ការរៀប​ផែនការ ប្រតិបត្តិការ និង​ថែទាំ​ប្រព័ន្ធ​អគ្គិសនី​ផងដែរ​។


ក្នុង​កាលៈទេសៈ​នេះ គម្រោង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​មួយទៀត​ត្រូវបាន​ព្រមព្រៀង​ឡើង​រវាង JICA និង EDC ដើម្បី​ផ្ទេរ​បច្ចេកវិទ្យា និង​ផ្តល់នូវ​វគ្គ​បណ្ដុះបណ្ដាល​បន្ថែម​ពី​សំណាក់​អ្នកជំនាញ​ជប៉ុន​ទៅ​កាន់​វិស្វករ​កម្ពុជា​ក្នុង​គោលបំណង​ធ្វើឱ្យ​ការ​គ្រប់គ្រង​ខ្សែ​បញ្ជូន និង​អនុស្ថានីយ​កាន់តែ​មាន​ភាពប្រសើរឡើង​។ ក្រៅពី​នេះ​គម្រោង​នេះ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​មេរៀន​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អគ្គិសនី នៃ EDC ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ខាងមុខនេះ​។


ទោះបីជា​មាន​ការលំបាក​យ៉ាងណា​ក៏ដោយ​ការផ្ទេរ​បច្ចេកទេស​ទៅកាន់​វិស្វករ​ក្នុង​វិស័យ​អគ្គិសនី​គឺជា​ការងារ​មួយ​ដែលមាន​ប្រយោជន៍​យ៉ាងសំខាន់​ចំពោះ​ប្រទេសជាតិ​។ ​នេះ​បើតាម​ការយល់ឃើញ​ពី​លោក ម៉ាសាតូហ្សិ អាគិម៉ូតុ ប្រធាន​ក្រុមប្រឹក្សា​នៃ​គម្រោង​ខាងលើ​។

ជាមួយ​នឹង​គម្រោង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​នេះ JICA មាន​ទំនុកចិត្ត​ថា វិស្វករ​ទទួលបន្ទុក​នៅ EDC នឹង​ទទួលបាន​នូវ​ការអភិវឌ្ឍ​សមត្ថភាព​យ៉ាងច្រើន សមស្រប​ទៅនឹង​ការពង្រីក​ជា​បន្តបន្ទាប់​នៃ​បណ្ដាញ​ខ្សែបញ្ជូន​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​៕

​ផ្នែក​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​ការិយាល័យ​ចៃ​កា​ប្រចាំ​នៅ​កម្ពុជា​