កូរ៉េ​ខាងត្បូង​ រឹតបន្តឹង​ការនាំចេញ​ទៅកាន់​ជប៉ុន

Content image - Phnom Penh Post
ទង់ជាតិ​កូរ៉េ​ខាងត្បូង និង​ទង់​ធ្វើពហិការ​ជប៉ុន​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​សេអ៊ូល​។ រូបថត AFP

ក្រុងសេអ៊ូលៈ ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ បាន​ដាក់​ប្រទេស​ជប៉ុន​ទៅក្នុង​បញ្ជី​ប្រភេទ​ការនាំចេញ​ថ្មី​ផ្ទាល់​មួយ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិតខាង​គ្នា​ទាំង​ ២ និង​ជា​សម្ព័ន្ធមិត្ត​អាមេរិក​កាន់តែ​ឡើង​កម្តៅ​។

វិធានការ​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​ទីក្រុង​សេអ៊ូល​បានប្រកាស​កាលពី​ដើមខែ​នេះ​ថា ខ្លួន​នឹង​លុបចោល​ទីក្រុង​តូក្យូ​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ដែល​ខ្លួន​ទុកចិត្ត ដើម្បី​ឆ្លើយតប​នឹង​វិធានការ​ដូចគ្នា​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ជប៉ុន​។

វិធានការ​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ប្រទេស​ជប៉ុន​បានដាក់​ការ​រឹតបន្តឹង​កាន់តែ​ខ្លាំង​លើ​ការនាំចេញ​ទំនិញ​សំខាន់ៗ​ទៅ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ជាច្រើន​របស់​កូរ៉េ​ខាង​ត្បូង​រួមទាំង​ក្រុមហ៊ុន Samsung បន្ទាប់ពី​តុលាការ​ប្រទេស​កូរ៉េ​ខាងត្បូង​បានចេញ​សេចក្ដី​សម្រេច​ជា​បន្តបន្ទាប់​ឲ្យ​ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​បង់​សង​ប្រាក់​សំណង​ទៅ​ឲ្យ​ពលរដ្ឋ​កូរ៉េ ដែល​ធ្វើ​ការងារ​ដោយ​បង្ខំ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើកទី​ ២​។

ជម្លោះ​នេះ​បាន​បង្កើន​ក្តីបារម្ភ​ជុំវិញ​ផលប៉ះពាល់​ដែល​អាច​កើតឡើង​សម្រាប់​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​របស់​ប្រទេស​ទាំង​ ២ ក្នុង​គ្រា​ដែល​មាន​ការធ្វើ​តេស្ដមីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាងជើង និង​ផលប៉ះពាល់​ដែល​អាច​កើតមាន​លើ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​។

បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាង​ត្បូង បច្ចុប្បន្ន​ត្រូវ​បាន​បែងចែក​ជា​ ២ ​ក្រុម​ពោល​គឺ​មួយក្រុម​សម្រាប់​ប្រទេស​ដែល​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​គ្រប់គ្រង​ការនាំចេញ​ឈានមុខ​គេ​ទាំង ៤ របស់​ពិភពលោក និង​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​ប្រភេទ​នេះ​។

ប៉ុន្តែ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រសួង​បាន​បង្កើត​បន្ថែម​ប្រភេទ​បញ្ជី​ថ្មី​មួយ​សម្រាប់​ដាក់​បណ្ដា​ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ៤ «​ប៉ុន្តែ​ប្រតិបត្តិការ​ប្រព័ន្ធ​គ្រប់គ្រង​ការនាំចេញ​មួយ​ដែល​រំលោភ​បទដ្ឋាន​អន្តរជាតិ​»​។

ប្រទេស​ជប៉ុន​គឺ​ប្រទេស​តែមួយគត់​នៅក្នុង​ប្រភេទ​ថ្មី​នេះ​។

លោក Sung Yun-mo រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​៖ «​ដោយសារ​វា​ពិបាក​ក្នុង​ការធ្វើ​ការងារ​ប្រកប​ដោយ​ភាពជិតស្និទ្ធ​ជាមួយ​ប្រទេស​មួយ​ដែល​ជា​រឿយៗ​រំលោភ​លើ​ច្បាប់​មូលដ្ឋាន យើង​ត្រូវការ​ប្រព័ន្ធ​គ្រប់គ្រង​សម្រាប់​ការនាំចេញ​មួយ​ដែល​ដោះស្រាយ​បញ្ហា​នេះ​»៕ LA