ភ្នំពេញ: កំណើននៃការសាងសង់ អគារខ្ពស់ ដូចជាខុនដូ និងអគារពាណិជ្ជកម្ម និងសណ្ឋាគារនៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញឲ្យមានកំណើនតម្រូវការផ្គត់ផ្គង់ជណ្តើរយន្ត។ នេះបើតាមអ្នកក្នុងវិស័យនេះ។
លោក ប៉ូ សុខគា នាយកក្រុមហ៊ុន Fuji Elevator Cambodia Co., Ltd ដែលជាក្រុមហ៊ុននាំចូល និងផ្គត់ផ្គង់ជណ្តើរយន្តមួយនៅកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីថ្ងៃពុធថាចាប់តាំងពីវិស័យសំណង់មានភាពរីកចម្រើនជាមួយនឹងដោយលេចឡើងនូវអគារខ្ពស់ៗបានជំរុញតម្រូវការទីផ្សារផ្គត់ផ្គង់ជណ្តើរយន្តពីក្រុមហ៊ុនរបស់លោកបានដំណើរការល្អ។
លោកថ្លែងថា៖ «ឥឡូវការសាងសង់អគារខ្ពស់ច្រើនដែលត្រូវបំពាក់ជណ្តើរយន្ត»។ ទោះបីយ៉ាងនេះក្តីលោកសង្កេតឃើញថា ល្បឿននៃការផ្គត់ផ្គង់មិនលឿនដូចកំណើនអគារនោះទេ។ លោកបន្តថា៖ «អគារមួយចំនួនសាងសង់ជាគ្រោងហើយត្រូវបានទុកចោលបណ្តោះអាសន្ន»។
លោក ប៉ូ សុខគា បានឲ្យដឹងថា ការលក់របស់ក្រុមហ៊ុនលោកចាប់ពីដើមឆ្នាំ ២០១៩ មានថយចុះបន្តិច បើធៀបនឹងឆ្នាំមុន។ លោកបានបញ្ជាក់ថាក្នុងរយៈពេលនេះក្រុមហ៊ុនលោកលក់ជណ្តើរយន្តចេញបានជិត ១០០ គ្រឿងប៉ុណ្ណោះ។ លោកបាននិយាយថា៖ «គម្រោង [ដំឡើង] វាធ្លាក់ចុះជាង ២០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារអគារដែលសាងសង់រួចរាល់មួយចំនួនត្រូវទុកចោល»។
ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានតម្លៃប្រមាណ ៦,៤៩ ពាន់លានដុល្លារ កើនឡើង ៣៤,៧៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលមានតម្លៃប្រមាណ ៤,៨២ ពាន់លានដុល្លារ។ ចំនួនអគារដែលមានកម្ពស់ចាប់ពី ៥ ជាន់ឡើងទៅ ចំនួន ៣២៩ អគារ។ នេះបើយោងតាមរបាយការណ៍។
លោក Sakchai Worrasangasilpa នាយកគ្រប់គ្រងក្រុមហ៊ុនជណ្តើរយន្ត Hitachi Elevator (Cambodia) បានប្រាប់កាសែត Nation របស់ថៃថា តម្រូវការជណ្តើរយន្តនៅកម្ពុជានឹងកើនឡើង ១០ ភាគរយក្នុងមួយឆ្នាំពីតម្រូវការប្រចាំឆ្នាំដែលមាន ១ ៥០០ គ្រឿង។ លោកបន្តថា៖ «ក្រុមហ៊ុនគឺជាអ្នកចែកចាយ និងដំឡើងជណ្តើរយន្តនៅភ្នំពេញដែលផលិត និងនាំចូលពីប្រទេស ថៃ»។
លោកបន្តថា គម្រោងដំបូងរបស់ក្រុមហ៊ុនគឺការបំពាក់ជណ្តើរយន្តនៅផ្សារទំនើបអ៊ីអន ដែលបានផ្តល់ជណ្តើរយន្តសរុប ៥០ គ្រឿង នៅឆ្នាំ ២០១៦ នឹងបានកើនឡើងដល់ ១០០ គ្រឿង នៅឆ្នាំបន្ទាប់។
លោក តាំង កក់ ជាងម៉ៅការដំឡើងជណ្តើរយន្តបានឲ្យដឹងថា ចាប់តាំងពីដំណើរសេវាកម្មដំឡើងជណ្តើរយន្តជិតមួយឆ្នាំនេះ ក្រុមការងាររបស់លោកទទួលបានការដំឡើងជណ្តើរយន្តជាង ៣០ គ្រឿង ក្នុងអគារខុនដូនៅទីក្រុងភ្នំពេញ។ លោកថ្លែងថា៖ «ខាងខ្ញុំទទួលបានគម្រោងដំឡើង ១ គ្រឿង ទៅ ២ គ្រឿងក្នុងមួយខែ ខ្ញុំគិតថាតម្រូវការវាមានច្រើន នៅពេលអនាគត»។
អ្នកធ្វើការផ្នែកលក់ជណ្តើរយន្តឲ្យក្រុមហ៊ុន K&K Life ដែលបាននាំចូលពីប្រទេសក្រិកបានសុំមិនបញ្ចេញឈ្មោះបានមើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះការផ្តល់សេវាកម្មជណ្តើរយន្តល្អ ដោយសារសំណង់រីកចម្រើនខ្លាំង ហើយលោកសង្កេតឃើញមានក្រុមហ៊ុននាំចូលជណ្តើរយន្តក៏ច្រើនផងដែរ។
លោកថ្លែងថា៖ «វាសំខាន់ឲ្យតែក្រុមហ៊ុនមានការទទួលខុសត្រូវខ្ពស់ ពាក់ព័ន្ធនឹងជីវិតមនុស្ស ដូច្នេះទាមទារជណ្តើរស្តង់ដា អ្នកដំឡើងក៏ស្តង់ដា សេវាកម្មល្អ វាដំណើរការល្អ»៕