ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ចូលរួម​ដាក់តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​ក្នុង​ពិព័រណ៍​ផលិតផល ផលិត​ក្នុងស្រុក​ដែល​នឹងត្រូវ​រៀបចំ​ឡើង​នៅ​ដើមខែ​មីនា ដើម្បី​បង្កើន​ផលិតផល​ក្នុង​ស្រុក​ក្នុងចំណោម​អ្នក​ប្រើប្រាស់ និង​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​។

សេចក្ដី​ប្រកាស​របស់​ក្រសួង​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា ពិព័រណ៍​នេះ​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ៨ ខែ​មីនា នៅក្នុង​ខេត្តមណ្ឌលគិរី​ស្ថិត​ក្រោម​ប្រធានបទ «​ទិញ​ផលិតផល​ក្នុង​ស្រុក​របស់​កម្ពុជា​ឆ្នាំ​ ២០២០»​។


មន្ដ្រី​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​លោក​មិនមាន​សិទ្ធិ​ក្នុង​ការនិយាយ​ទៅកាន់​ប្រព័ន្ធ​ព័ត៌មាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​​ថា​៖ «​ពិព័រណ៍​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បង្កើន​ផលិតផល​ដែល​ផលិត​ក្នុងស្រុក​ឲ្យ​មាន​ការទទួល​ស្គាល់​កាន់តែ​ច្រើន និង​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ទូទាំង​ពិភពលោក​។


យើង​ចង់​ជំរុញ​ប្រជាជន​ឲ្យ​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ដែល​ផលិត​ក្នុង​ស្រុក​ឲ្យ​កាន់តែ​ខ្លាំង ខណៈ​ក្រសួង​ពាណិជ្ជកម្ម​កំពុង​ព្យាយាម​ប្រមូល​ផលិតផល​ដែល​ផលិត​ក្នុងស្រុក​មានគុណ​ភាព​ខ្ពស់ និង​សុវត្ថិភាព​ជាមួយ​នឹង​ការវេចខ្ចប់​ដោយមាន​អនាម័យ និង​ត្រឹមត្រូវ​សម្រាប់​អតិថិជន​»​។


ប្រភព​នោះបាន​បន្តថា​៖ «​ផលិតផល​ទាំងអស់​ដែល​គោរព​តាម​ស្ដង់ដា​ការផលិត​នឹង​ត្រូវ​យកមក​ដាក់​តាំង​បង្ហាញ និង​ស្វែងរក​ដៃគូ​ក្នុងពេល​ពិព័រណ៍​នេះ​»​។ ប្រភព​នេះ​បន្ថែមថា ពិព័រណ៍​នេះ​ត្រូវបាន​ចាប់ផ្ដើមដំបូង​កាលពី​ឆ្នាំ​ ២០១៤​។


លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) បាន​ឲ្យ​ដឹងថា លោក​គាំទ្រ​ពិព័រណ៍​នេះ ខណៈ​សមាជិក​ជាច្រើន​របស់​សម្ព័ន្ធ​នេះ​តាំង​បង្ហាញ​ផលិតផល​ជាច្រើន​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​តែងតែ​ជំរុញ​សមាជិក​ឲ្យ​ចូលរួម​ពិព័រណ៍​នេះ ដោយសារ​តែ​យើង​ក៏​ចង់បង្ហាញ​អ្វីដែល​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​របស់​យើង​បាន​ផលិត​ដើម្បី​ប្រជាជន​របស់​យើង​»​។


លោក​បាន​បន្តទៀត​ថា​៖ «​ជាមួយ​គ្នា​នេះដែរ យើង​ក៏​ចង់​ទប់ស្កាត់​ការនាំ​ចូល​ផលិតផល​ចំនួន​ច្រើន ដោយសារ​តែ​នៅពេលនេះ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក​របស់​យើង ក៏​មាន​គុណភាព​ល្អ គោរព​តាម​ស្ដង់ដា និង​សុវតិ្ថភាព​ក្នុង​ការប្រើប្រាស់​ដែរ​»​។

ប្រភព​ដដែល​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ស្ដង់​ទំនិញ​ជាង​ ១០០ នឹងត្រូវ​តាំង​បង្ហាញ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក​ទាំងអស់​។

លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​ឲ្យ​ដឹង​នៅ​ក្នុង​ការបើក​ពិព័រណ៍​ទំនិញ​នាំចូល​នាំចេញ​របស់​កម្ពុជា​លើក​ទី​ ១៤ ឆ្នាំ​ ២០១៩ កាលពី​ពាក់កណ្ដាល​ខែធ្នូ​ ថា ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​ត្រូវតែ​លើក​កម្ពស់​សមត្ថភាព​ប្រកួតប្រជែង ដោយ​ផលិត​ផលិតផល​មាន​គុណភាព​កាន់តែ​ខ្ពស់ និង​ដើម្បី​បង្កើន​ការនាំចេញ​ប្រកប​ដោយ​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​។

លោក​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ និង​សេវា​ទៅ​ប្រទេស​ ១៤២ របស់​សមាជិក​អង្គការ​ពាណិជ្ជកម្ម​​ពិភពលោក និង​នាំចូល​ទាំង​ទំនិញ និង​សេវា​ពី​ប្រទេស​ ១៣៥ ដើម្បី​បំពេញបន្ថែម​តម្រូវការ​ក្នុងស្រុក​ដែល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​អន្តរជាតិ​កើនឡើង​ដល់​ជាង​ ៣០ ​ពាន់​លាន​ដុល្លារ​​ កាលពី​ឆ្នាំ​ ២០១៨​។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា ការនាំចេញ​សរុប​បាន​កើន​ ៦,៤៥ ភាគរយ​ ដល់​ ១០,៨ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​ពី​ឆ្នាំមុន ដែល​កើន​ពី ​១០,១៤ ​ពាន់​លាន​ដុល្លារ​ នៅក្នុង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំ​ ២០១៨៕LA