ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងបញ្ជូនលទ្ធផលសិក្សាគម្រោងរថភ្លើងស្វ័យប្រវត្តិលើអាកាស AGT គម្រោងផ្លូវរថភ្លើង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដីទៅរដ្ឋាភិបាលពិនិត្យសម្រេចក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការសិក្សាគម្រោងមួយដោយជប៉ុនត្រូវបានបញ្ចប់។ នេះបើតាមរដ្ឋមន្ត្រី ក្រសួងសាធារណការ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនៅកិច្ចប្រជុំកាលពីថ្ងៃទី ៨ កក្កដា ថា ក្រោយសិក្សាចប់គម្រោងទំាង ៣ នេះ នឹងបញ្ជូនទៅរដ្ឋាភិបាលពិនិត្យសម្រេច។ លោកថ្លែងថា៖ «ការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ AGT គម្រោង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនប្រមុខរដ្ឋាភិបាលកម្ពុជាធ្វើការពិនិត្យ និងពិចារណា ជ្រើសរើសគម្រោងណាមួយក្នុងការដោះស្រាយបញ្ហាកកស្ទះក្នុងរាជធានីភ្នំពេញនាពេលសព្វថ្ងៃនេះ»។
លោក វ៉ាស៊ីម សូរិយា អ្នកនំាពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រុមហ៊ុនចិនដែលកំពុងសិក្សាគម្រោងផ្លូវរថភ្លើង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដីនៅមិនទាន់បញ្ចប់ឡើយទេ។
លោកថ្លែងថា គម្រោងរថភ្លើងស្វ័យប្រវត្តិ AGT ដែលសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិ្កការអន្តរជាតិជប៉ុន (JICA) ទើបនឹងសិក្សាចប់ ប៉ុន្តែលោកពុំទាន់អាចផ្តល់ព័ត៌មានលម្អិតពីគម្រោងនេះបានទេ ព្រោះជប៉ុនមិនទាន់ផ្តល់របាយការណ៍មកក្រសួង។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុនចិនកំពុងសិក្សា [ លើគម្រោង Monorail] ទាល់តែចប់ទំាងអស់ទើបក្រសួងបញ្ជូនទៅរដ្ឋាភិបាល ប្រហែលឆ្នាំក្រោយ»។
បច្ចុប្បន្នរដ្ឋាភិបាលបានបង្កើតឲ្យមានសេវាកម្មរថយន្តក្រុង និងកាណូតផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ។
លោក ស៊ុន ចាន់ថុល កាលពីដើមខែ មិថុនា ឆ្នាំ ២០១៨ ធ្លាប់បាននិយាយថា គម្រោងស្ថាបនាខ្សែរថភ្លើងលើអាកាសក្នុងរាជធានីភ្នំពេញ មុនដំបូងគេនឹងអនុវត្តចាប់ពីស្ថានីយនៅផ្សារធំថ្មីឆ្ពោះទៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយមានប្រវែងសរុប ១៨ គីឡូម៉ែត្រ ហើយក៏នឹងមានគម្រោងសាងសង់ខ្សែរថភ្លើងលើអាកាសនៅតាមបណ្តោយវិថីសំខាន់ៗមួយចំនួនដូចជា មហាវិថីព្រះមុនីវង្ស កម្ពុជាក្រោម ហ្សាលដឺហ្គោល ព្រះមុនីរ៉េត និងវេងស្រេងជាដើម៕LA